ព័ត៌មានជាតិ
កម្ចីក្រោម ៥ ម៉ឺនដុល្លារ ត្រូវអនុវត្តទម្រង់លក្ខខណ្ឌកិច្ចសន្យារួមតែមួយគ្រប់ធនាគារទាំងអស់
ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយដំណើរការរៀបចំនិងឆ្លងកាត់ការត្រួតពិនិត្យពីអ្នកច្បាប់ឯករាជ្យរួចមក។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅព្រឹកនេះថា ការបង្កើតស្តង់ដាឥណទាននេះ ជាគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា កើតចេញពីលទ្ធផលនៃកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងការចូលរួមពិគ្រោះដោយក្រុមអ្នកច្បាប់ឯករាជ្យ។
លោកស្រីអះអាងថា ការដាក់ឱ្យប្រើប្រាស់កិច្ចសន្យាឥណទាននិងខចែងស្ដង់ដានៃកិច្ចសន្យាឥណទាន ឆ្លើយតបទៅកង្វល់ពីអ្នកប្រើប្រាស់កម្ចីឥណទានជាពិសេសទាក់ទងទៅនឹងលក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យាកម្ចី។
«មានការលើកឡើងតវ៉ាតាមហ្វេសបុកកើតដូចភ្លៀងរលឹម។ ពលរដ្ឋកើតកង្វល់មិនសប្បាយចិត្តពេលចង់ទៅផ្តាច់កម្ចី ឬចង់ទៅរំដោះប្លង់ពីធនាគារពួកគាត់ថា មានលុយសងគេហើយត្រូវគេផាកពិន័យថែមទៀត»។
លោកស្រី ជា សិរី បានអះអាងថា តាមរយៈស្តង់ដាកិច្ចសន្យាឥណទាននេះនឹងពង្រឹងយន្តការដោះស្រាយនិងកាត់បន្ថយទំនាស់តវ៉ារវាងអតិថិជនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។ ស្ដង់ដារកិច្ចសន្យាឥណទាននេះ អាចឲ្យអតិថិជនងាយយល់ពីលក្ខខណ្ឌចម្បងៗ និងអាចប្រៀបធៀបក្នុងជ្រើសរើសសេវាឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថណាមួយ។
លោកស្រីបានបញ្ជាក់ថា ការរៀបចំស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទានរួមនេះ ដើម្បីធានាពីសិទ្ធិអត្ថប្រយោជន៍របស់អតិថិជន និងការប្រកួតប្រជែងដោយស្មើភាពគ្នា។
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុបានឲ្យដឹងថា កន្លងមកកិច្ចសន្យាឥណទានត្រូវបានធ្វើឡើងដាច់ដោយឡែកទៅតាមគ្រឹះស្ថាននីមួយៗ។
ដើម្បីលើកកម្ពស់តម្លាភាព និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា បានប្រឹងប្រែងរៀបចំបង្កើតស្តង់ដារកិច្ចសន្យាឥណទាន ដើម្បីការពារដល់អតិថិជន និងធានាបានការប្រកួតប្រជែងដោយស្មើភាពគ្នាក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។
លោកបានលើកពីខចែងមួយចំនួនក្នុងកិច្ចសន្យាស្តង់ដាឥណទាននេះ មានដាក់បញ្ចូលទម្រង់និងលក្ខខណ្ឌដូចជា ករណីបង់ផ្តាច់មុនកាលកំណត់ ការផាកពិន័យ ការដកប្លង់ពីធនាគារ គឺត្រូវបានកំណត់ជាស្តង់ដារួមតែមួយសម្រាប់អនុវត្តគ្រប់ស្ថាប័នទាំងអស់។
លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារបានឲ្យដឹងថា ការរៀបចំស្តង់ដាកិច្ចសន្យាឥណទានរួមនិងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន ដើម្បីជួយឱ្យសមាជិកនៃសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានទម្រង់ស្ដង់ដារួម ស្របតាមលក្ខខណ្ឌតម្រូវនិងស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន។ ស្តង់ដាកិច្ចសន្យាឥណទានរួមនេះ នឹងបន្តចូលរួមលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព លើកកម្ពស់កិច្ចការពារអតិថិជន ព្រមទាំងចូលរួមចំណែកអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយ ស្ថិរភាព ចីរភាព និងបរិយាបន្ន។
យ៉ាងណាមិញ បើតាមអនុប្រធានសមាគមធនាគារ ស្ដង់ដាកិច្ចសន្យាឥណទាននេះ អនុវត្តតែចំពោះឥណទានបញ្ចេញថ្មីឬអតិថិជនថ្មីតែប៉ុណ្ណោះ។ ដោយឡែកកិច្ចសន្យាឥណទាន ឬលក្ខខណ្ឌដែលមានស្រាប់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាមួយអតិថិជនត្រូវរក្សាទុកដដែល។
លោកបញ្ជាក់ថា កិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ០១ វិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។
កិច្ចសន្យាឥណទាននិងខចែងស្ដង់ដាកិច្ចសន្យាឥណទានដែលប្រកាសដាក់ឲ្យប្រើប្រាស់ ចែកចេញជាបីប្រភេទ៖
១. សម្រាប់ទំហំឥណទានតូចជាង ឬស្មើ ៥០.០០០ដុល្លារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុតម្រូវឱ្យប្រើទម្រង់និងលក្ខខណ្ឌដូចៗគ្នានៃស្តង់ដារនៃកិច្ចសន្យាឥណទាន ដែលចេញដោយសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
២. សម្រាប់ទំហំឥណទានចាប់ពី ៥០.០០០ ដុល្លារ រហូតដល់ ១០០.០០០ ដុល្លារ គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ត្រូវដាក់បញ្ចូលខចែងស្ដង់ដារនៃកិច្ចសន្យា ដែលត្រូវប្រើនៅក្នុងកិច្ចសន្យាឥណទានរបស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
៣. សម្រាប់ទំហំឥណទានលើសពី ១០០.០០០ដុល្លារ មិនកំណត់ស្តង់ដារនៃកិច្ចសន្យាឥណទាន ឬខចែងស្ដង់ដារ ណាមួយឡើយ។
កិច្ចសន្យានិងខចែងស្តង់ដាររួមនេះ ដាក់ឱ្យអនុវត្តគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែលរួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ