ព័ត៌មានជាតិ
ខេត្តកោះកុង កំពុងគិតគូរយ៉ាងខ្លាំងលើការងារគ្រប់គ្រង សំណល់សំរាមរឹង នៅទីប្រជុំជន
អាជ្ញាធរខេត្តកោះកុង មន្ទីរជំនាញ និងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ បាននិងកំពុងតែគិតគូររួមគ្នាអំពីយន្តការទុកដាក់ និងគ្រប់គ្រងសំរាមរឹងនៅប្រជុំជនឲ្យល្អត្រឹមត្រូវ ដើម្បីធានាបាននូវសោភ័ណភាពស្រស់បំព្រង។
រដ្ឋបាលខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការឆ្លុះបញ្ចាំងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនជូនដល់សមាជិក នៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាមខេត្តកោះកុង ក្នុងគោលដៅធ្វើយ៉ាងណាគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នេះថា ការពង្រឹង និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ជារឿងចាំបាច់រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីមូលដ្ឋានមានសោភ័ណភាពអនាម័យស្អាតល្អជំនួសមកវិញនូវភាពទាក់ទាញ។
បើតាមលោកអភិបាលរងខេត្ត បច្ចុប្បន្ន រដ្ឋបាលខេត្តកំពុងធ្វើយ៉ាងណាបង្កើតមានទីលានចាក់សំរាមគ្រប់ក្រុងស្រុក សម្រាប់ទុកដាក់សំរាមគ្រប់ប្រភេទដែលបញ្ចេញចោលតាមខ្នងផ្ទះ ឬ ក្រុមហ៊ុន សហគ្រាសនានាទូទាំងខេត្ត តាមរយៈការប្រមូលដឹកជញ្ជូនទៅទីលានសំរាមប្រកបដោយសណ្ដាប់ធ្នាប់ល្អ។ ចំពោះតម្លៃសេវាប្រមូលសំរាមវិញ មានស្ទើរ ៦០ ភាគរយ ដែលមានអ្នកចូលរួមបង់វិភាគទៅឲ្យក្រុមហ៊ុនសំរាម ករណីមានបុគ្គលណាចោលសំរាមគ្មានសណ្ដាប់ធ្នាប់ធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ នឹងរងការពិន័យអន្តរការណ៍ជាដើម។
គួរជម្រាបថា ការងារគ្រប់គ្រងសំរាម ត្រូវបានរាជរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ បានប្រគល់មុខ ធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ទៅឲ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុងខណ្ឌ រួចរាល់ហើយ ដើម្បីកំណត់វិធានការចាំបាច់ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
ខេត្តកោះកុង មានតែក្រុងខេមរភូមិន្ទ ស្រុកស្រែអំបិល ស្រុកមណ្ឌលសីមា និងស្រុកកោះកុង ដែលមានទីលានចាក់សំរាម តែទោះបីជាបច្ចុប្បន្នទីលានចាក់សំរាមទាំងអស់នោះ ពុំអាចមានលទ្ធភាពទទួលកាកសំណល់បានច្រើនក៏ដោយ ក៏អាជ្ញាធរពាក់ព័ន្ធប្រឹងកែសម្រួលជាបន្តបន្ទាប់។
លោក ទួន ភិរម្យ អភិបាលរងក្រុងខេមរភូមិន្ទ និងលោក ប៉ែន សុផាត អភិបាលរងស្រុកមណ្ឌលសីមា លើកឡើងស្រដៀងគ្នាថា បញ្ហាគ្រប់គ្រងសំរាមមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ប្រសិនបើគ្មានទីលានសំរាម ក្រុមហ៊ុនប្រមូល ការចូលរួមបង់កម្រៃសេវា និងការវេចខ្ចប់សំរាមបានត្រឹមត្រូវល្អ មុននឹងយកទៅទីលានសំរាម។
តំណាងអភិបាលក្រុងខេមរភូមិន្ទ និងអភិបាលស្រុកមណ្ឌលសីមា បញ្ជាក់ទៀតថា អាជ្ញាធរ និងការិយាល័យជំនាញ បានសម្របសម្រួលច្រើនពីនីតិវិធីចង់បានទីលានចាក់សំរាម និងយន្តការប្រមូលកម្រៃសេវាពីប្រជាពលរដ្ឋ ក៏ដូចជាតាមបណ្ដាក្រុមហ៊ុនសហគ្រាស ដោយធ្វើយ៉ាងណាមិនទុកឲ្យសំរាមនៅកកស្ទះស្អុយរលួយនៅតាមខ្នងផ្ទះ ឬ ទីសាធារណៈ។
បញ្ហានេះ រដ្ឋបាលខេត្តកោះកុង ក៏តម្រូវឲ្យរដ្ឋបាលឃុំសង្កាត់ រដ្ឋបាលក្រុងស្រុក ចេះរៀបចំលិខិតបទដ្ឋានចាំបាច់នានាសម្រាប់ណែនាំ និងជំរុញដល់ការអភិវឌ្ឍវិធានច្បាប់លើការប្រមូលសំរាមសំណល់រឹងទីប្រជុំជន។ ពិសេស ការគាំទ្រដល់ដំណើរការរៀបចំ និងអនុវត្តនូវវិធានការសម្រាប់ការគ្រប់គ្រងសំរាមតាមការដាក់ចេញដីកា ឬ លិខិតបទដ្ឋាននានារបស់រដ្ឋបាលក្រុងស្រុក ចំពោះការផាកពិន័យអន្តរការណ៍ពាក់ព័ន្ធនឹងសំរាមសំណល់រឹងទីប្រជុំជន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា