Connect with us

ព័ត៌មានជាតិ

លោក កែវ រ៉េមី ជម្រាបជូនទូតអឺរ៉ុបចប់អាណត្តិថា ថ្នាក់ដឹកនាំបន្តវេនគឺប្រកបដោយសមត្ថភាពខ្ពស់ និងឈ្លាសវៃ

បានផុស

នៅ

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាប​ជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបញ្ចប់អាណត្តិនៅកម្ពុជា ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តវេន គឺជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពខ្ពស់ ឈ្លាសវៃ និងជវភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជម្រាបជូននេះ គ្រាដែលលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ កាលពីព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ បានស្នើសុំពិភាក្សាការងារចុងក្រោយជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេកកម្មពិសេស, ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) រួមជាមួយលោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី និងជាប្រធានរដ្ឋបាលស្តីទីនៃអ.វ.ត.ក. និងលោក ថោង សុជាតិ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី និងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃអ.វ.ត.ក.។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ របស់សហភាពអឺរ៉ុបក្នុងរយៈពេល ៤ឆ្នាំកន្លង ដែលបានរួមចំណែកដល់ដំណើរការកាត់សេចក្ដីរបស់អ.វ.ត.ក.ប្រកបដោយជោគជ័យ និងបន្តគាំទ្រដល់ការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក និងលទ្ធផលរំពឹងទុកសមច បានក្នុងរយៈពេល ៣ឆ្នាំ (២០២៣​-២០២៥) ដោយបានលើកឡើងអំពីសារៈសំខាន់នៃការងារអប់រំនិង ផ្សព្វផ្សាយបណ្ណសារនៃសំណុំរឿង និងដំណើរការកាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហមឲ្យបានទូលំទូលាយ និងមានអត្ថន័យដល់សាធារណជន និងយុវជនជំនាន់ក្រោយ ព្រមទាំងនៅថ្នាក់តំបន់និងអន្តរជាតិ ដែលជាសមិទ្ធផលនិងកេរដំណែលរបស់ជាតិ ហើយក៏ជាសមិទ្ធផលរួមរបស់មនុស្សជាតិទាំងមូលផងដែរ។

ជាការឆ្លើយតបលោក កែវ រ៉េមី បានបញ្ជាក់ថា រដ្ឋបាលសាលាក្ដីខ្មែរក្រហម កំពុងតែមមាញឹកក្នុងការរៀបចំ និងកសាងបន្ទប់តាមស្ដង់ដារអន្តរជាតិសម្រាប់គ្រប់គ្រង និងរក្សាបណ្ណសារសំណុំរឿងដែលមានជិត ៤លានទំព័រ កសាងបណ្ណា​ល័យ និងបន្ទប់សវនាការត្រាប់( Library and Moot Court) សម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ, ស្រាវជ្រាវនិងបណ្តុះបណ្តាល។

ជាមួយគ្នានោះដែរលោក កែវ រ៉េមី ក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតថា ថ្នាក់ដឹកនាំបន្តវេនគឺប្រកបដោយសមត្ថ​ភាពខ្ពស់ ឈ្លាសវៃ និងជវភាព (Dynanic) ហើយលើកឡើងផងដែរថា គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧នៃរដ្ឋសភា ក្រោមគតិ​បណ្ឌិត​ដឹកនាំដ៏ឆ្លាតវៃរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុដាក់ខ្ពស់លើការងារអប់រំ និងផ្សព្វផ្សាយក្នុងស្មារតីឲ្យអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយទទួលបានព័ត៌មានពេញលេញលើប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព, ពង្រឹងដល់ការចងចាំ (Remembrance) និងការមិនវិលត្រលប់ឡើងវិញ (Non-Recurrence) នៃរបបឃោរឃៅបែបនេះនៅក្នុងសង្គមជាតិ។

ចំពោះតួនាទីក្នុងតំបន់ និងអន្តរជាតិ លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងជាទស្សនៈថា កម្ពុជាមិន មែនជាប្រទេសក្រីក្រទៀតទេ ទាំងធនធាន និងបទពិសោធន៍ និងជាពិសេសជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ ទាក់ទងទៅនឹងការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងមានសមិទ្ធផលធំៗដូចជាការកាត់សេចក្តីដោយជោគជ័យនៃរបបខ្មែរក្រហម។ ហេតុដូចនេះ កម្ពុជាដែលមានអំណាចទន់ (Soft Power) ក្នុងដៃ គប្បីមានមហិច្ឆតា និងគួរដើរ តួនាទីឲ្យកាន់តែសកម្ម និងនាំមុខ ដើម្បីចែករំលែក បទពិសោធន៍ និងសមិទ្ធផលទាំងអស់របស់ខ្លួន ទៅលើឆាកតំបន់ និងអន្តរជាតិ។

ក្នុងនោះដែរ លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានលើកជាសំណូមពរចំនួន ២ចំណុចដល់រាជរដ្ឋាភិបាលសម្រាប់ធ្វើការពិចារណា រួមមាន៖ ទី១-គួរពិនិត្យលទ្ធភាពឲ្យមានកិច្ចសហការគ្នា ឬលំហរ (Open Space) នៃការចូលរួមសកម្មភាពឡើងវិញរបស់សង្គមស៊ីវិល និងសកម្មជនសិទ្ធិមនុស្សប្រក​បដោយលក្ខណៈបរិយាប័ន្ន (Inclusiveness) និងទី២-គួរជំរុញសេចក្តីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលបានព័ត៌មាន។ លោក កែវ រ៉េមី បានសន្យាពាំនាំសំណូមពរទាំងពីរខាងលើ ដល់ប្រមុខរាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម