ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ចិន ថាគណបក្សប្រជាជន បន្តគាំទ្រគោលនយោបាយចិនតែមួយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ភាគីចិន ថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ ហើយប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។ សម្ដេចធិបតី លើកឡើងបែបនេះនៅចំពោះមុខលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិន ក្នុងជំនួបកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា។
នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក លីវ ជានឆាវ មកកាន់កម្ពុជាពេលនេះ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានប្រាប់លោក លីវ ជានឆាវ ថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញបានឡើយពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺ កូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា។
លោក លីវ ជានឆាវ លើកឡើងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជាពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់លោកប្រធានាធិបតី ស៊ី ជីនភីង ហើយលោក ក៏បានចូលរូមអបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងមកនេះ។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា លទ្ធផលដ៏ល្អពេលនេះ បានបង្ហាញអំពីការវាស់ស្ទង់ពីរ គឺទី១ ការគាំទ្ររបស់ប្រជាជនកម្ពុជាចំពោះសម្តេចតេជោ ហ៊ុន សែន និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងទី២ គឺការគាំទ្ររបស់ប្រជាជនកម្ពុជាចំពោះអ្នកបន្តវេនរបស់កម្ពុជា។
លោក លីវ ជានឆាវ បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនជាមួយកម្ពុជាក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាពឱ្យទទួលបានផ្លែផ្កា និងជោគជ័យ។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា រដ្ឋាភិបាលចិន បន្តគាំទ្រដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី។ លោករដ្ឋមន្ត្រីចិន ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់សម្តេចធិបតី។
ស្ថិតក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់លោក លីវ ជានឆាវ ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គណបក្សប្រជាជនកម្ពុជា នឹងបន្តគាំទ្រគោលនយោបាយចិនតែមួយ ហើយ ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដូចជា ការបណ្តុះបណ្តាលយុវជន គម្រោងផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់។
លោក លីវ ជានឆាវ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន។ លោក ថា នេះគឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤- ២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ដែលរួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក។ លោក លីវ ជានឆាវ សង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ដែលជាអ្នកនយោបាយវ័យក្មេងពោរពេញទៅដោយសមត្ថភាព ចក្ខុវិស័យវែងឆ្ងាយ និងមានមនសិការនយោបាយដ៏គួរឱ្យគោរព។ លោក ក៏បានកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកយុទ្ធសាស្ត្រ អ្នកដឹកនាំ និងយោធាដ៏ពិតប្រាកដ និងត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏ គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់