វប្បធម៌ ជំនឿ
ភ្នំបាខែង កាន់តែមានកន្លែងទស្សនាច្រើន និងសោភ័ណភាពទាក់ទាញ
ប្រាសាទភ្នំបាខែង គឺជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារតែចំនួនភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ និងថ្ងៃលិចនៅលើកំពូលនៃប្រាសាទភ្នំបាខែង ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងវង់ទស្សនាថ្មីមួយទៀតដើម្បីបញ្ជៀសចំនួនកកកុញនៃការទស្សនា ក៏ដូចជា បង្កើតជាជម្រើសសម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង។
លោក ហ៊ុត សុភាព ប្រធានភ្នាក់ងារទេសចរណ៍នៅប្រាសាទភ្នំបាខែង មានប្រសាសន៍ថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់ប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់ ភ្ញៀវក៏អាចឈប់សម្រាកតាមផ្លូវសុវត្ថិភាពដែលអាជ្ញាធរជាតិអប្សរាបានរៀបចំទីតាំងជាច្រើន ហើយកន្លែងទាំងនោះ សុទ្ធតែអាចផ្តិតយករូបភាពនានាដូចជាគោលដៅទី១ អាចថតប្រាសាទបក្សីចាំក្រុង គោលដៅទី២ នៅចង្កេះភ្នំ គឺមានរានហាលសម្រាប់ឱ្យភ្ញៀវអាចទស្សនាទេសភាពបារាយណ៍ខាងលិចទាំងមូល ឯខ្សែទស្សនាបន្ត បន្ទាប់ពេលទៅដល់លើភ្នំ មានរានហាលមួយទៀតសម្រាប់ឱ្យទេសចរទស្សនាថ្ងៃរះ និងថ្ងៃលិចជាដើម។
លោក ហ៊ុត សុភាព ឱ្យដឹងទៀតថា បន្ទាប់ពីភ្ញៀវឡើងទៅដល់កំពូលភ្នំ គឺនៅមានខ្សែទស្សនាបន្តទៀត ដោយភ្ញៀវអាចដើរទស្សនាទៅតាមវង់ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំមានកន្លែងសំខាន់ៗមួយចំនួនទៀតដូចជា រៀបចំឱ្យភ្ញៀវអាចមើលឃើញកំពូលប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទៅទស្សនាពុទ្ធបាទ រួចតម្រង់ឡើងទៅលើភ្នំតែម្ដងចាប់ពីទិសខាងកើត។
ការណ៍ដែល អាជ្ញាធរជាតិអប្សរា រៀបចំវង់ទស្សនាបែបនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ច្រើន តាំងពីការចាប់ផ្ដើមដើរឡើងភ្នំរហូតដល់លើកំពូលភ្នំ មានដូចជា ចង់ឱ្យភ្ញៀវអាចមើលឃើញប្រាសាទបក្សីចាំក្រុង ឃើញទិដ្ឋភាពបារាយណ៍ខាងលិចទាំងមូល ឃើញកំពូលប្រាសាទអង្គរវត្ត ហើយជាពិសេសនោះ គឺពេលភ្ញៀវឡើងដល់កំពូលភ្នំ ពួកគាត់អាចមើលឃើញទិដ្ឋភាពថ្ងៃរះ ថ្ងៃរៀបលិច មើលឃើញទិដ្ឋភាពទីក្រុងសៀមរាប ព្រមទាំងឃើញព្រៃឈើទាំងមូលដែលស្ថិតនៅជុំវិញភ្នំបាខែងផង។
ក្នុងការរៀបចំវង់ទស្សនាថ្មី អាជ្ញាធរជាតិអប្សរា ក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដើម្បីលើកកម្ពស់សោភ័ណភាពដូចជា ការលះមែកឈើខ្លះៗ រៀបចំផ្លូវដើរជុំវិញប្រាសាទឱ្យស្អាត ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារកន្លែងមានហានិភ័យ ដើម្បីការពារសុវត្ថិភាពអ្នកទេសចរទាំងឡាយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏សំណូមពរដល់ភ្ញៀវទេសចរ ឬមគ្គទេសក៍ទេសចរណ៍ឱ្យនាំភ្ញៀវដើរទស្សនាតាមទិសដៅដែលបានរៀបចំ ដើម្បីឱ្យពួកគាត់បានឃើញនូវអ្វីដែលថ្មីៗ និងមានភាពស្រស់ស្អាតទាំងនោះផង៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?