Connect with us

ព័ត៌មានជាតិ

មន្ត្រីសូមពលរដ្ឋយោគយល់ ការហ៊ុមព័ទ្ធការដ្ឋានស្ពានអាកាសព្រះមុនីវង្ស រយៈពេល ៥ថ្ងៃ

បានផុស

នៅ

មន្ត្រីសាធារការរាជធានី សូមឱ្យពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កំពុងដំណើរការសាងសង់យ៉ាងមមាញឹក និងកំពុងហ៊ុមព័ទ្ធ ការដ្ឋាននៅចំណុច គម្រោងរង្វង់មូល ដោយនឹងប្រើប្រាស់ពេលវេលា ៥ថ្ងៃ ៥យប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បច្ចុប្បន្នខាងក្រុមហ៊ុនសាងសង់ កំពុងដំឡើងសសរស្ពាន និងហ៊ុមព័ទ្ធការដ្ឋានច្រើនតំបន់។ ចំពោះផ្លូវធ្វើចរាចរណ៍ ជំនាញបានកែសម្រួលជាបន្តបន្ទាប់ និងកន្លែងពិបាកគឺបានឈូសឆាយ គៀរសម្រួលបណ្ដោះអាសន្ន។

លោក សាំ ពិសិដ្ឋ បន្ថែមថា យប់មិញនេះជំនាញបានគៀរសម្រួលផ្លូវ ហើយព្រឹកនេះបានបើកផ្លូវបណ្តោះអាសន្នចូលក្នុងការដ្ឋាន ដើម្បីកាត់បន្ថយការកកស្ទះចុះពីស្ពានព្រះមុនីវង្ស។ ប្រធានមន្ទីរសាធារណការសូមឱ្យអ្នកដំណើរ មានការយោគយល់ ដោយជំនាញនឹងប្រើពេល ៥ថ្ងៃ ៥យប់ទៀត នៅទីតាំងបិទបណ្តោះអាសន្ននេះ ហើយនឹងបើកឱ្យដំណើរការជាធម្មតាឡើងវិញ។

ការដ្ឋានចំពោះមុខ គឺកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស និងមកក្បែរតំបន់ស្ពាន អាកាសក្បាលថ្នល់ហើយ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។

ស្ពានអាកាសនេះសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថី​ សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិ​លេខ​២។ បន្ទាប់មក សាងសង់ស្ពានអាកាសចំនួនពីរជាន់ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នាទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពល ខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាង មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញ បានតៀមដំណើរការការដ្ឋានសាងសង់ស្ពាន អាកាសមួយកន្លែងទៀតស្ថិតនៅចំណុច ប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម