ព័ត៌មានជាតិ
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
សម្ដេចចក្រី ហេង សំរិន បានកាន់តំណែងជាប្រធានរដ្ឋសភា តាំងពីឆ្នាំ២០០៦ ហើយតំណែងនេះត្រូវបានបញ្ចប់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយការផ្លាស់ប្ដូរក្បាលម៉ាស៊ីនរដ្ឋសភាថ្មី។ ថ្នាក់ដឹកនាំថ្មីរដ្ឋសភា ដែលជំនួសសម្ដេចចក្រី ហេង សំរិន ក្នុងអាណត្តិថ្មីនេះ គឺសម្ដេច ឃួន សុដារី ខណៈកូនប្រសាររបស់សម្ដេចចក្រី ហេង សំរិន ក៏ត្រូវបានជ្រើសឱ្យធ្វើជាអនុប្រធានទី២ រដ្ឋសភា។
ក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងមក សមាជិករដ្ឋសភា បានបោះឆ្នោតតាំងសម្ដេច ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា និងលោក វង សូត ដែលត្រូវជាកូនប្រសាររបស់សម្ដេចចក្រី ហេង សំរិន ត្រូវជ្រើសតាំងជាអនុប្រធានទី២ រដ្ឋសភា។ លោក វង សូត ជាស្វាមីរបស់លោកស្រី ហេង ពៅ កូនស្រីជាទីមួយរបស់សម្ដេចចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និងបច្ចុប្បន្នជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ មុនក្លាយជាអនុប្រធានទី២ រដ្ឋសភា ពេលនេះ លោក វង សូត ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច តាំងពីអាណត្តិទី៥ ឆ្នាំ២០១៣ គឺក្រោយពេលដែលលោកបានផ្លាស់ពីធ្វើជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
មែនទែនទៅ សម្ដេចចក្រី ហេង សំរិន បានរៀបអាពាហ៍ពិពាហ៍ជាមួយសម្តេចធម្មវិសុទ្ធវង្សា សៅ ទី កាលពីឆ្នាំ១៩៥៦ ដោយមានចំណងដៃកូនប្រុសស្រីចំនួន៥នាក់ រួមមាន លោកស្រី ហេង ពៅ លោកស្រី ហេង សំអូន លោកស្រី ហេង សុខា បានស្លាប់ជំនាន់ប៉ុលពត លោក ហេង សំណាង និងលោកស្រី ហេង សំអាន។ ក្នុងចំណោមកូនប្រុសស្រីរបស់សម្ដេចចក្រី ហេង សំរិន មានតែលោកស្រី ហេង សំអូន ម្នាក់ប៉ុណ្ណោះ ដែលគេដឹងថា មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងមានតួនាទីជាអនុប្រធានក្រុមការងារយុវជនថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ខណៈអ្នកផ្សេងទៀត ហាក់មិនមានប្រភពណាបញ្ជាក់ឱ្យច្បាស់ថា មានតួនាទី ឬប្រកបមុខរបរអ្វីខ្លះនោះឡើយ។
តែយ៉ាងណាមិញ សាធារណជនអាចដឹងថា ក្រៅពីលោក វង សូត ដែលជាកូនប្រសារទីមួយ សម្ដេចចក្រី ហេង សំរិន ក៏មានកូនប្រសារប្រុសចំនួន២រូបផ្សេងទៀត កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងជាអភិបាលខេត្ត នាពេលបច្ចប្បន្ននេះ។ កូនប្រសារសម្ដេចចក្រី ហេង សំរិន ទាំង២រូបនេះ គឺ៖
១/ លោក ប៉ែន វិបុល
លោក ប៉ែន វិបុល ជាអតីតអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣។ លោក ប៉ែន វិបុល ជាស្វាមីរបស់លោកស្រី ហេង សំអូន កូនស្រីទីពីររបស់សម្តេច ហេង សំរិន។ មុនទទួលបានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ លោក ប៉ែន វិបុល មានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ហើយបានបម្រើជានគរបាលជាតិ ប្រមាណ ៣០ឆ្នាំឯណោះ ខណៈកាលពីថ្ងៃទី១ ខែកញ្ញា លោក ក៏ត្រូវបានតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃដែរ។
២/ លោក ប៉ែន កុសល្យ
បច្ចុប្បន្ន លោក ប៉ែន កុសល្យ ជាឧត្តមមន្ត្រីថ្នាក់លេខ១ ដែលកំពុងកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យជំនួសលោក ស ថាវី តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ មុនតែងតាំងជាអភិបាលខេត្ត លោក ប៉ែន កុសល្យ ធ្វើជាអភិបាលរងខេត្តត្បូងឃ្មុំ។ អភិបាលខេត្តឧត្តរមានជ័យរូបនេះ មានភរិយាឈ្មោះ ហេង សំអាន ជាកូនស្រីពៅរបស់សម្ដេចចក្រី ហេង សំរិន ផងដែរ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ