ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅចិន គឺដើម្បីបន្តទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនលើកទីមួយ ក្នុងនាមជានាយករដ្ឋមន្ត្រី នាសប្ដាហ៍នេះ គឺជាការបន្តទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឲ្យកាន់តែរីកចម្រើន និងឈានទៅរកភាពល្អប្រសើរជាលំដាប់។
ការលើកឡើងនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិនលើកទីមួយនេះ គឺជាការបន្តទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានតាំងពីជំនាន់សម្ដេចតា ព្រះបរមរតនកោដ្ឋ ហើយបន្តមកសម្ដេចតេជោ ហ៊ុន សែន ដែលបានកសាងទំនាក់ទំនងនេះ ឲ្យកាន់តែល្អប្រសើរពីមួយដំណាក់កាលទៅមួយដំណាក់កាល។
លោកបន្តថា «ឥឡូវនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លោកបន្ត លោកកសាង ពូនជ្រុំ ទំនាក់ទំនងនេះ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ហើយដូចយើងដឹងហើយថា ដោយសារចិនជាមហាអំណាចនៅក្នុងតំបន់ អញ្ចឹងទំនាក់ទំនងរវាងកម្ពុជា-ចិន គឺមានសារៈសំខាន់នៅក្នុងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅ ហើយនិងការទំនាក់ទំនងស្មើមុខមាត់គ្នា និងឈរលើគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនលើកនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន នឹងកាន់តែរីកចម្រើន និងឈានទៅរកភាពល្អប្រសើរជាលំដាប់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។
នៅក្នុងទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្ដែងការគួរសមដោយឡែកពីគ្នាជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សា នឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន ផងដែរ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី ២០ នៅថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងណាននឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ដែរថា ស្របពេលដែលកម្ពុជា និងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ