ព័ត៌មានជាតិ
គម្រោងរេដបូក ផ្លាស់ប្តូរជីវភាពពលរដ្ឋជាង ២០០០ គ្រួសារ ដោយការចូលរួមការពារព្រៃឈើ
គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង បានជួយដល់ជនជាតិដើមភាគតិចនិងប្រជាសហគមន៍មូលដ្ឋាននៅក្នុងខេត្តកោះកុងចំនួនជាង ២០០០ គ្រួសារ ផ្លាស់ប្តូរជីវភាពល្អប្រសើរប្រកបដោយនិរន្តរភាព តាមរយៈការផ្តល់ការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាទឹកស្អាត ផ្លូវថ្នល់ បង្គន់អនាម័យ និងរហូតដល់ជួយឱ្យកូនពលរដ្ឋបានសិក្សាថ្នាក់សាកលវិទ្យាល័យថែមទៀតផង។
អត្ថប្រយោជន៍ទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងធាតុចូលរបស់អ្នកភូមិរស់នៅតាមជនបទក្នុងខេត្តកោះកុង។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការដែលធ្វើការពាក់ព័ន្ធការអភិរក្សធនធានព្រៃឈើនៅប្រទេសកម្ពុជា។
“រេដបូក” សំដៅលើកម្មវិធីកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់និងរេចរឹលព្រៃឈើ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ គម្រោងនេះបង្កើតប្រាក់ចំណូលបានពីការលក់ឥណទានកាបូន ដែលមួយផ្នែកធំនៃប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ។
បើប្រៀបធៀបកាលពីមុន អ្នកភូមិត្រូវដើរចម្ងាយជាង ៥ គីឡូម៉ែត្រដើម្បីទទួលបានទឹកដែលកខ្វក់។ តែបច្ចុប្បន្ននេះមានអណ្តូងទឹកដើរដោយថាមពលសូឡាចំនួន ៩៤ កន្លែង ដែលបានផ្តល់ទឹកស្អាតប្រើប្រាស់ដោយងាយស្រួលជូនប្រជាពលរដ្ឋជាង ១៨០០ គ្រួសារ។ ផ្លូវចំនួន ៥ ខ្សែដែលមានប្រវែង ៥ គីឡូម៉ែត្រនិងវែងជាងនេះ ត្រូវបានសាងសង់ឡើង ដើម្បីឱ្យការធ្វើដំណើរចូលទៅកាន់ទីផ្សារពីភូមិដាច់ស្រយាលមានភាពងាយស្រួលជាងមុន។
ផ្នែកអនាម័យក៏មានភាពប្រសើរជាងមុន តាមរយៈការផ្តល់ជូននូវបង្គន់អនាម័យចំនួន ៧៤ កន្លែងក្នុងទូទាំងខេត្ត។ ចំណែកផ្នែកអប់រំក៏មានការអភិវឌ្ឍ ដោយសាលាមួយខ្នងត្រូវបានសាងសង់ឡើងសម្រាប់សិស្សបឋមសិក្សា ហើយសិស្សចំនួន ១៦ នាក់ដែលមកពីគ្រួសារក្រីក្រ ឬជាកុមារកំព្រា បានទទួលអាហារូបករណ៍ពេញលេញដើម្បីសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ។ ឥឡូវនេះពលរដ្ឋជិត ៥០០ គ្រួសារទទួលបានជីវភាពរស់នៅប្រកបដោយនិរន្តរភាពតាមរយៈសហគមន៍អេកូទេសចរណ៍ធម្មជាតិ ដូច្នេះហើយពួកគាត់មិនចាំបាច់ពឹងផ្អែកលើព្រៃឈើដើម្បីរកប្រាក់ចំណូលទៀតនោះទេ។
មុនពេលគម្រោងនេះត្រូវបានអនុវត្ត អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការប្រជុំពិគ្រោះយោបល់ និងចុះសិក្សាជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីតម្រូវការរបស់អ្នកភូមិ ទទួលសំណូមពរ និងការស្នើសុំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅ។ បន្ទាប់ពីផែនការត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលពីជនជាតិដើមភាគតិចនិងពីប្រជាសហគមន៍មូលដ្ឋាននិងអាជ្ញាធរមូលដ្ឋាន ការយល់ព្រមឯកភាពពីប្រជាពលរដ្ឋនេះត្រូវបានដាក់ជូនតាមរយៈមេភូមិ មុនពេលគម្រោងចាប់ផ្តើម។ ប្រអប់សំបុត្របណ្ដឹង-តវ៉ាក៏ត្រូវបានដំឡើងនៅតាមតំបន់និងទីតាំងដែលទីតាំងអព្យាក្រឹតនិងងាយស្រួលទៅដល់ ដូចជាសាលាឃុំ ឬផ្ទះមេភូមិ ដែលជនជាតិដើមភាគតិចនិងប្រជាសហគមន៍មូលដ្ឋានអាចយកបណ្តឹង-តវ៉ានិងសំណូមពររបស់ពួកគាត់ទៅទម្លាក់បាន យោង ដំណើរការឆ្លើយតបមតិត្រឡប់ និងដោះស្រាយបណ្ដឹង-តវ៉ាដែលមានស្រាប់។
លោក ស៊ី ស៊ីថា មកពីឃុំជីផាត ខេត្តកោះកុងបានមានប្រសាសន៍ថា “អាស្រ័យដោយមានគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ហើយឥឡូវនេះយើងទទួលបានទឹកស្អាតហូរចូលដល់ផ្ទះរបស់យើងតែម្ដងដែលបូមចេញពីអណ្តូងទឹក ។ គណៈកម្មការនេះត្រូវធានាថា ទឹកត្រូវបានប្រើប្រាស់ដោយសន្សំសំចៃ ដើម្បីឱ្យគ្រួសារទាំងអស់អាចទទួលបានអត្ថប្រយោជន៍ដូចគ្នា។ ចាប់ពីពេលនេះទៅ យើងត្រូវបន្តការពារតំបន់ជួរភ្នំក្រវាញរបស់យើង ដើម្បីរក្សាប្រភពទឹក។”
លោក ទិត្យ សួរ ជានិស្សិតអាហារូបករណ៍ជនជាតិដើមភាគតិចជងពីតំបន់ឆាយអារ៉ែងបានលើកឡើងថា “ការទទួលបានការសិក្សា ជាពិសេសតាមរយៈអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដែលទទួលបានពីគម្រោងរេដបូក បានជួយឱ្យខ្ញុំអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យមានអនាគតល្អនិងវែងឆ្ងាយសម្រាប់ខ្ញុំក៏ដូចជាសម្រាប់គ្រួសាររបស់ខ្ញុំតទៅអនាគត”៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់