Connect with us

ព័ត៌មានជាតិ

លោក ស៊ី ជីនពីង គូសបញ្ជាក់ថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ

បានផុស

នៅ

ប្រធានាធិបតីចិន បានគូសបញ្ជាក់នៅចំពោះមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ ហើយចិនប្តេជ្ញាថា នឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរ ពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជូនជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង កាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ក្នុងជំនួបនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងយ៉ាងរឹងមាំ ហើយប្រជាជាតិទាំងពីរ ទទួលបាននូវផ្លែផ្កាមិនអាចកាត់ថ្លៃបាន ជារៀងរហូតមក។

ជាកិច្ចឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់លោកប្រធានាធិបតី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ​នេះ។

សម្ដេចធិបតី និងលោកប្រធានាធិបតីចិន ក៏បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកប​ដោយ​មេត្រីភាព រវាងប្រទេសទាំងពីរ។ ជាក់ស្តែង លោកប្រធានាធិបតី បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ា នៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឲ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន។

ចំណែកសម្ដេចធិបតី បានជម្រាបជូនលោកប្រធានាធិបតីចិន អំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេសការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយចិនមួយ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែម អំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលបានផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងអប់រំ។

ក្នុងនោះដែរ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិតមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។

ក្នុងន័យនេះ សម្ដេចធិបតី បានគូសរំលេចជូនលោកប្រធានាធិបតីចិន អំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការ សម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា៖ វិស័យថាមពល, សន្តិសុខស្បៀង, និង វិនិយោគជាដើម។ ជាក់ស្តែង, សម្ដេចធិបតី បានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និងបានអរគុណចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជា ផងដែរ។ សម្ដេចធិបតី ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឲ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា, ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

មុននឹងបញ្ចប់ លោកប្រធានាធិបតីចិន បានបញ្ជាក់ជូនសម្ដេចធិបតីជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ ហើយចិនប្តេជ្ញាថា នឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរ ពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។ ជាទីបញ្ចប់ លោកប្រធានាធិបតីបញ្ជាក់ថា ចិនត្រៀមខ្លួនទទួលស្វាគមន៍ជានិច្ច នូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាមិត្តចាស់របស់លោកគ្រប់ពេលវេលា និងសូមជូនពរសម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ បន្តបំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៤ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម