ព័ត៌មានជាតិ
ការប្រែប្រួលអាកាសធាតុ នៅតែជាកត្តាប្រឈម ដែលទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគី និងដៃគូអភិវឌ្ឍន៍នានា
ការប្រែប្រួលអាកាសធាតុ ជាបញ្ហាសាកលដែលពិភពលោកកំពុងតែជួបប្រទះ ហើយបានបង្កផលប៉ះពាល់ ស្ទើរតែគ្រប់វិស័យ ជាពិសេស លើសន្តិសុខស្បៀង សន្តិសុខទឹក សុខភាពសាធារណៈ និងសេដ្ឋកិច្ច សង្គមជាដើម។ ហេតុនេះការប្រែប្រួលអាកាសធាតុ នៅតែជាកត្តាប្រឈម ដែលទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគី និងដៃគូអភិវឌ្ឍន៍នានា។
លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ លើកទី១» ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ការកើនឡើងកម្ដៅកាន់តែខ្លាំង និងព្រឹត្តិការណ៍អាកាសធាតុ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងនៃកម្ពស់នីវ៉ូទឹកសមុទ្រ និងរលកកម្ដៅ បានកើតមានឡើងកាន់តែច្រើន និងញឹកញាប់ជាងមុន។
លោកបានរម្លឹកថា កម្ពុជា ជាប្រទេសមួយដែលប្រឈមនឹងភាពងាយរងគ្រោះពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ប៉ុន្តែ កម្ពុជាតែងតែចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្របន្សំ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជំរុញការអនុវត្តនិងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ធនធានមនុស្ស ហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅតែជាកត្តាប្រឈម ដោយទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគី និងដៃគូអភិវឌ្ឍន៍នានា។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា ដើម្បីសម្រេចឱ្យបាននូវគោលដៅការបន្សំ និងកសាងភាពធន់នឹងអាកាសធាតុក្នុងសហគមន៍មួយ គឺចាំបាច់ណាស់ដែលសហគមន៍ទាំងអស់នោះ មានការយល់ដឹងពីយន្តការ យុទ្ធសាស្ត្រ នានាក៏ដូចជា ផែនការជាតិបន្សំនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ការយល់ដឹងដល់សហគមន៍ ទាំងអស់នោះ និងជាពិសេស ការសរសេរបកស្រាយនូវព័ត៌មាន ទិន្នន័យបែបវិទ្យាសាស្ត្រ រូបសាស្ត្រ ទាក់ទងការប្រែប្រួលអាកាសធាតុឱ្យស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ក្រុមគោលដៅ និងក្រុមងាយរងគ្រោះ ឬស្ថាប័នជាតិ-អន្តរជាតិ និងទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គមកម្ពុជា។
យោងតាមរបាយការណ៍នៃការសិក្សាលើកទី៣ ស្ដីពី ការស្វែងយល់ពីទស្សនៈសាធារណជន ចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា ចំណេះដឹង ឥរិយាបថ និងការអនុវត្ត (KAP3)ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថានក្នុងឆ្នាំ២០២០ មានប្រជាជនកម្ពុជាប្រមាណតែ៥៦% ប៉ុណ្ណោះ ដែលយល់ថាខ្លួន បានត្រៀមខ្លួនគ្រប់គ្រាន់ឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុដែលអាចកើតមាន។ ដោយឡែក ប្រជាជន ៤៤% ផ្សេងទៀត យល់ថា ខ្លួនមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ករណីមានបញ្ហាអាកាសធាតុណាមួយកើតឡើងនេះទេ។
របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ផងដែរពីសារសំខាន់នៃបណ្តាញផ្សព្វផ្សាយមានដូចជា ទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គម ដែលគ្រប់ដណ្តប់ប្រមាណ ៥០% នៃប្រភព ទទួលបានព័ត៌មានស្ដីពីការប្រែប្រួលអាកាសធាតុដែលប្រជាជនទទួលបាន។ ការបង្ហាញនេះ បានឱ្យឃើញពីតួនាទីសំខាន់នៃបណ្តាយផ្សព្វផ្សាយអ្នកសារព័ត៌មាន ក្នុងការលើកកម្ពស់ការយល់ដឹង និងឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា