Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានប្រាសាទខ្មែរចំនួន ៤ ត្រូវបានដាក់បញ្ចូលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

បានផុស

នៅ

តំបន់រមណីយដ្ឋានប្រាសាទរបស់កម្ពុជាដែលជាសម្បត្តិវប្បធម៌រូបីចំនួន ៤ ហើយ ត្រូវបានដាក់​បញ្ចូល​ជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូ​ណេស្កូ។

១. តំបន់​អង្គរវត្ត៖ ​ក្រុមប្រាសាទអង្គរនៅខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ​ពិភពលោករបស់អង្គការយូនីស្កូ នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី ១៦ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

ការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ។

ប្រាសាទអង្គរវត្តជាប្រាសាទដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃអច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុង ស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើព្រះវិស្ណុ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនា ដែលធំបំផុតនៅលើពិភពលោក ជាប់ក្នុងកំណត់ត្រាពិភពលោក (Guinness World Records) ក្នុងអំឡុងឆ្នាំ ១៩៨៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​២. ​ប្រាសាទ​ព្រះវិហារ៖ ប្រាសាទព្រះវិហារជាសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានចុះជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។ ​

កាលពី​ថ្ងៃទី ១៥ ខែមិថុនា  គឺជា​ខួប ៦១ ឆ្នាំ  នៃ​ថ្ងៃ​ដែល​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ បានសម្រេច​ប្រគល់​ប្រាសាទព្រះវិហារ​ឲ្យ​មក​ប្រទេស​កម្ពុជា​គ្រប់គ្រង​វិញ ក្រោយពី​បារាំង​ប្រគល់​ឲ្យ​ថៃ​កាន់កាប់​។

ប្រាសាទព្រះវិហារ​បាន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​វិញ ដោយសារ​ព្រះរាជ​សកម្មភាព​ទាមទារ​យក​ប្រាសាទព្រះវិហារ​ពី​ថៃ​មកវិញ​ របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។

ប្រាសាទព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា​ក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។

សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។

៣. ប្រាសាទ​សំបូរ​ព្រៃគុក៖ ត្រូវបានចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​ ខែកក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ។

ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។ ប្រាសាទនេះសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា។

រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និងថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។

៤. ប្រាសាទកោះកេរ៖ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូ​ណេស្កូ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

តាមរយៈកិច្ចប្រជុំរបស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត គណ:កម្មាធិការបេតិកភណ្ឌពិភពលោកបានអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

រមណីយដ្ឋានប្រាសាទកោះកេរ បង្ហាញនូវចំណុចគួបប្រសព្វ រវាងតម្លៃមនុស្សដែលបង្កើតបានជារចនាបថកោះកេរ ដែលក្បាច់ចម្លាក់បដិមាកើតចេញពីការបញ្ចូលគ្នានៃនិមិត្តរូបសាសនា និងសិល្បៈរបស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម។

រមណីយដ្ឋានកោះកេរគឺជាគំរូដើមស្ដីពីដែនទេសភាពទីក្រុងថ្មីដែលមានសំណង់អាគារធំៗ និងការឆ្លាក់ក្បាច់ និងបដិមា៕

សូមជម្រាបផងដែរថា ក្រៅតែពីតំបន់ប្រាសាទ នៅមានសម្បត្តិបេតកភណ្ឌផ្សេងទៀតរបស់កម្ពុជាដូចជា របាំ​ព្រះរាជ​ទ្រព្យ, ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ, ល្បែង​ទាញព្រ័ត្រ, ចាប៉ី​ដងវែង និងល្ខោនខោលវត្ត​ស្វាយអណ្ដែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម