Connect with us

អត្ថាធិប្បាយ

មិនទាន់ជាន់ដីអាមេរិកផង សម្តេច ហ៊ុន ម៉ាណែត ត្រូវបានពលរដ្ឋខ្មែរនៅទីនោះ ប្រកាសស្វាគមន៍ទៅហើយ!

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុង ញូវយ៉ក។ ប៉ុន្តែ មិនទាន់នឹងទៅដល់ផង ប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថា ពួកគេ នឹងទៅចូលរួមក្នុងពិធីសំណេះសំណាលផ្ទាល់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ គឺជាលើកទី១ហើយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញទៅកាន់សហរដ្ឋអាមេរិក និងជាលើកដំបូងដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។ ក៏មិនខុសពីសម្តេចតេជោ ហ៊ុន សែន ដែរ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត មានគម្រោងជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងមកពីប្រទេសផ្សេងទៀត នៅពេលដែលសម្តេចអញ្ជើញទៅដល់សហរដ្ឋអាមេរិកនោះ។ ជំនួបរវាងថ្នាកដឹកនាំកំពូលប្រទេស និងប្រជាពលរដ្ឋនៅឯនាយសមុទ្រនេះ គឺដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក បង្ខិតភាពស្និតស្នាលទៅរកគ្នា និងជាការសបញ្ជាក់យ៉ាងច្បាស់ពីសន្តានចិត្តមេដឹកនាំកម្ពុជាពី«ការយកចិត្តទុកដាក់ និងមិនបោះបង់ពលរដ្ឋខ្មែរ ទោះបីរស់នៅទីណាក៏ដោយ»។

ត្បិតថា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ទើបនឹងធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានភាពថ្មីថ្មោងក្នុងការដឹកនាំកាច់បង្កូចប្រទេសក៏ដោយ ប៉ុន្តែ សម្តេចទទួលបានការស្រឡាញ់ ចូលចិត្ត​ និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ ចំណែក ប្រជាពលរដ្ឋនៅក្រៅប្រទេស ក៏គោរពស្រឡាញ់សម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងច្រើនផងដែរ។ តួយ៉ាង ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្បែរខាងអាមេរិក។

មុនដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រជាពលរដ្ឋនៅអាមេរិក និងប្រទេសកាណាដា ជាច្រើននាក់ បានធ្វើវីដេអូឃ្លីបខ្លីបង្ហាញពីទឹកចិត្តស្រឡាញ់ គាំទ្រ និងចង់ជួបដោយផ្ទាល់សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា។ តាមរយៈវីឌីអូឃ្លីបដែលផ្សព្វផ្សាយនៅក្នុងបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមកពីរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក និងតាមបណ្តាខេត្តនានានៅក្នុងប្រទេសកាណាដា។ ពួកគេសុទ្ធតែសម្តែងការគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយថា នឹងទៅចូលរួមក្នុងពិធីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច នៅលើទឹកដីអាមេរិកថែមទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអគ្គលេខាធិការUN លោក António Guterres នៅឥណ្ឌូនេស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅកាន់ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅទីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងធុរកិច្ចជននានារបស់អាមេរិក និងជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិកនៅឥណ្ឌូនេស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានមានប្រសាសន៍ថា៖ «ពេលខ្ញុំទៅប្រជុំ UN ខាងមុខនេះ ត្រូវជួបជាមួយថ្នាក់ដឹកនាំ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក​ ជួបជាមួយនឹងអ្នកធុរកិច្ចអាមេរិក និងមន្ត្រីមួយចំនួនទៀត ដែលយើងមិនទាន់បានជួបនៅពេលនេះ ដើម្បីបញ្ជាក់ជំហរ និងការទំនាក់ទំនងរបស់យើង បញ្ជាក់ឲ្យច្បាស់ថា ប្រទេសយើងមិនធំទេ តែយើងក៏ជាប្រទេសមិនតូចដែរ ប៉ុន្តែសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា សំឡេងរបស់កម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាច និងមានស្មើភាព ជាមួយបណ្តាប្រទេសផ្សេងៗ។ អញ្ចឹងគ្រប់គោលនយោបាយរបស់ ត្រូវតែបញ្ចេញឲ្យអន្តរជាតិដឹង»៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម