Connect with us

វប្បធម៌ ជំនឿ

សន្និសីទអន្តររដ្ឋាភិបាល ស្តីពី អង្គរ និងសំបូរព្រៃគុក នឹងរៀបចំនៅទីស្នាក់ការធំ យូណេស្កូ

បានផុស

នៅ

សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពី អង្គរ និងសំបូរព្រៃគុក នឹងរៀបចំនៅទីស្នាក់ការធំ នៅអង្គការយូណេស្កូ។ នេះបើតាមការផ្ដល់ព័ត៌មានដោយអាជ្ញាធរជាតិអប្សរា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសដ៏មមាញឹកក្នុងកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារ៉ាប៊ីត លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ផាន់ ណាឌី រួមជាមួយប្រតិភូដែលមានលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចូលជួបប្រជុំការងារជាមួយ លោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌ នៃអង្គការយូណេស្កូ។

កិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីការសម្របសម្រួលនានាក្នុងការត្រៀមរៀបចំសន្និសីទលើកទី៤ នៃអន្តររដ្ឋាភិបាល អំពី អង្គរ ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។

សន្និសីទអន្តររដ្ឋាភិបាលនេះ រៀបចំឡើងដើម្បីកំណត់នូវគោលនយោបាយ និងទិសដៅសកម្មភាពនានាសំដៅពង្រឹងប្រសិទ្ធភាព អភិបាលកិច្ចល្អ នៃកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានសំបូរព្រៃគុក។

គួរបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ត្រូវបានប្រារព្ធឡើងលើកទី១ នៅឆ្នាំ១៩៩៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លើកទី២ នៅឆ្នាំ២០០៣ នាទីក្រុងប៉ារីស ប្រទេសបារាំង និងលើកទី៣ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ គណៈកម្មាធិការនេះត្រូវបានពង្រីកសមត្ថកិច្ចបន្ថែមដល់រមណីយដ្ឋានសំបូរព្រៃគុក ដោយប្តូរឈ្មោះថា គណៈកម្មការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម