ព័ត៌មានជាតិ
តើអ្វីទៅជាប្រព័ន្ធ មជ្ឈការ វិមជ្ឈការ និងវិសហមជ្ឈការ?
ប្រព័ន្ធ មជ្ឈការ វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ និងនីតិវិធីនៃការបំពេញកិច្ចការងារនៅថ្នាក់ក្រោមជាតិដោយរដ្ឋាភិបាល។ ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ និងយល់ដឹងបន្ថែមពីប្រព័ន្ធទាំង៣នេះ “កម្ពុជាថ្មី” នឹងធ្វើការបកស្រាយជូននូវចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
បើតាមវចនានុក្រមខ្មែរឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ពាក្យ មជ្ឈការថា គឺជាការប្រមូលផ្តុំអំណាចតែមួយកន្លែង អំណាចកណ្តាល ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ ដែលប្រមូលផ្តុំសមត្ថកិច្ចអនុវត្តនូវតួនាទីភារកិច្ចផ្នែកនយោបាយ ផ្នែករដ្ឋបាល និងផ្នែកបច្ចេកទេសនៅថ្នាក់លើ ឬ នៅរដ្ឋបាលថ្នាក់ជាតិ។
ពោល គឺជាការគ្រប់គ្រងរដ្ឋមួយប្រភេទដែលរដ្ឋដឹកនាំដោយផ្ទាល់ គឺជាអំណាចកណ្តាល មានន័យថា ជាអំណាចរដ្ឋបាលរបស់រដ្ឋាភិបាលដែលកាន់កាប់ដោយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ ប្រធានស្ថាប័ន។ ប្រព័ន្ធមជ្ឈការមានគោលបំណង ៣ គឺ ទី១ នីតិបុគ្គលសាធារណៈមានតែរដ្ឋ ទី២ អំណាចសម្រេចសេចក្តី និងបញ្ជាស្ថិតនៅរដ្ឋកណ្តាលទាំងអស់ និងទី៣ រដ្ឋបាលទាំងអស់ត្រូវរៀបចំតាមឋានានុក្រម។
ចំណែក វិមជ្ឈការ តាមវចនានុក្រមខ្មែរឆ្នាំ២០២២ មានន័យថា ជាការប្រគល់ភាពជាម្ចាស់លើមុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឱ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជាក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ និងសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋាន។
វិមជ្ឈការ គឺជាប្រព័ន្ធរដ្ឋបាលមួយដែលអនុញ្ញាតឱ្យសមូហភាពដែនដី ឬ សេវាសាធារណៈធ្វើការគ្រប់គ្រងដោយខ្លួនឯងក្នុងក្របខណ្ឌនៃការគោរពគោលការណ៍នីត្យានុកូលភាព។ ចំពោះចរិតលក្ខណៈ ទោះបីទម្រង់នែការរៀបចំនេះ មានការប្រគល់ឱ្យសមូហភាពពិតមែន ប៉ុន្តែ មានកិច្ចការធំៗមួយចំនួន អាជ្ញាធរកណ្តាលឱបក្រសោបតែម្នាក់ឯងនោះគឺ កិច្ចការពារជាតិ (កងទ័ព) កិច្ចការពារសន្តិសុខ (នគរបាល) កិច្ចការពារពាណិជ្ជកម្មក្រៅប្រទេស កិច្ចការតុលាការ កិច្ចការបោះពុម្ពប្រាក់ កិច្ចការធ្វើច្បាប់ កិច្ចការទូត កិច្ចការអត្រានុកូលដ្ឋាន និងធនធានធម្មជាតិជាដើម។
រីឯ ប្រព័ន្ធវិសហមជ្ឈការ តាមវចនានុក្រមដដែល គឺជាការធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ដោយរាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន ទៅឱ្យអង្គភាពក្រោមបង្គាប់ ឬ ទៅឱ្យក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនោះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬ ស្ថាប័ននោះ។
និយាយឱ្យចំ រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន បានរក្សាទុកនូវភាពជាម្ចាស់នេះ។ ចំណែក ថ្នាក់ក្រោមជាតិ អនុវត្តកម្មវីធីនេះ ក្នុងនាមជាតំណាងតែប៉ណ្ណោះ។ វិសហមជ្ឈការ ជាបច្ចេកទេសរដ្ឋបាលមួយ ដែលអាជ្ញាធររដ្ឋបាលកណ្តាលរំលែកអំណាច ឬ កិច្ចការមួយចំនួនឱ្យទៅរដ្ឋបាលមូលដ្ឋាន ធ្វើការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់។ មានន័យថា ជាបច្ចេកទេសមួយក្នុងការៀបចំរដ្ឋ ដើម្បីជួយសម្រួលដល់ប្រព័ន្ធមជ្ឈការ ហើយបានផ្តល់ឲ្យនូវអំណាចខ្លះៗ ដែលពីមុនវាជាអំណាចរបស់រដ្ឋបាលកណ្តាល៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ