ព័ត៌មានជាតិ
បុគ្គលិកអប់រំ ២០រូប ទទួលវគ្គបណ្ដុះបណ្ដាល ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅកូរ៉េ
ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បានចូលរួមទទួលការបណ្តុះបណ្តាលការអប់រំបែបឌីជីថល សម្រាប់ការបង្រៀន និងរៀន ក្នុងបរិវត្តឧស្សាហកម្ម ៤.០ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២០នាក់ ស្រី ០៦នាក់។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាជំនួយដល់ការបង្រៀន និងរៀន នៅតាមសាលារៀនដោយផ្នែកលើផែនការសកម្មភាព។ សិក្ខាកាមទាំងអស់បានទទួលការបណ្ដុះបណ្ដាលអំពី៖

– ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)
– ការសិក្សាពីពិភពសិប្បនិមិត្ត (Metaverse) ជំនួយក្នុងការបង្រៀន និងរៀនរបស់សិស្សនៅលើប្រព័ន្ធអនឡាញ
– ការសិក្សាអំពីកម្មវិធីសរសេរកូដ (Coding)

សិក្ខាកាមទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅតាមវិទ្យាល័យមួយចំនួន ដើម្បីស្វែងយល់អំពីការបង្រៀន និងរៀនរបស់គ្រូ និងសិស្ស ដែលជាការចាក់បញ្ចូលគ្នានៃពិភពឌីជីថល ទៅនឹងពិភពពិត។

សម្រាប់ឆ្នាំ២០២៣នេះ កម្មវិធីវគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងយ៉ាងល្អច្បាស់លាស់ សម្រាប់សិក្ខាកាមដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីស្របនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ដែលបានកើតឡើង និងវិវត្តយ៉ាងឆាប់រហ័យនៅក្នុងការរស់នៅរបស់យើងទាំងអស់គ្នា ជាពិសេសបច្ចេកវិទ្យាថ្មី សម្រាប់ជំនួយដល់ការបង្រៀន និងរៀន។ ប៉ុន្តែទោះជាបច្ចេកវិទ្យារីកចម្រើនលឿនយ៉ាងណាក៏ដោយ ក៏វាមិនអាចជំនួស តួនាទីរបស់គ្រូបង្រៀនរបស់នៅក្នុងថ្នាក់រៀនបានដែរ ហេតុនេះហើយការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀននាពេលនេះ មានសារ:សំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា។

កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន បានចូលរួមយ៉ាងចំណែកយ៉ាងសកម្មលើកស្ទួយទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ជាពិសេសគឺជួយកាត់បន្ថយ គម្លាតឌីជីថលក្នុងវិស័យអប់រំរបស់កម្ពុជា ការចូលរួមគាំទ្រនូវសកម្មភាពកំណែទម្រង់របស់ក្រសួងលើការអភិវឌ្ឍ សមត្ថភាពបុគ្គលិកអប់រំ ការលើកកម្ពស់ការអប់រំបែបឌីជីថលលើការអប់រំសរសេរកូដ និងបញ្ញាសិប្បនិម្មិតជាដើម។

ក្នុងនោះដែរ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់មន្ទីរអប់រំ នៃទីក្រុងប៊ូសាន ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង និងផ្ដល់ឱកាសឱ្យលោកគ្រូ-អ្នកគ្រូកម្ពុជាបានចូលរួម ទទួលបានបំណិនឌីជីថលចាំចាច់ ក៏ដូចជាការខិតខំនិងព្យាយាមសិក្សារបស់សិក្ខាកាមទាំងអស់របស់កម្ពុជា សម្រាប់បន្តយកទៅចែករំលែក បណ្ដុះបណ្ដាលបន្ដដល់គ្រូបង្រៀន និងសិស្សនៅតាមសាលារៀងៗខ្លួន៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន