សុខភាព
មន្ត្រីជំនាញបង្ហាញ រោគសញ្ញាខុសគ្នារវាងជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺហ៊្សីកា
ក្រសួងសុខាភិបាល បានប្រកាស រកឃើញជំងឺហ្ស៊ីកា ១ករណី លើកុមារីអាយុ ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយជំងឺហ្ស៊ីកានេះត្រូវបានក្រសួងបញ្ជាក់ថា ឆ្លងតាមតយៈមូសខ្លាដូចគ្នាទៅនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីកដែរ។
តើជំងឺទាំងបីនេះមានរោគសញ្ញាខុសគ្នា និងស្រដៀងគ្នាយ៉ាងណាខ្លះ?
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធាន កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺហ៊្សីកា ឆ្លងតាមរយៈមូសខ្លាដូចគ្នា ប៉ុន្តែរោគសញ្ញាខ្លះដូចគ្នា និងខ្លះទៀតមិនដូចគ្នាទេ។ប៉ុន្តែក្នុងចំណោមជំងឺទាំង ៣ខាងលើ មានតែ ជំងឺគ្រុនឈាម ទេប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានពន្យល់ថា ជំងឺគ្រុនឈាម មានអាការៈ គ្រុនក្តៅខ្លាំង (ជាធម្មតាមានរយៈពេល ២-៧ ថ្ងៃ) ឈឺក្បាលធ្ងន់ធ្ងរ ឈឺចាប់នៅខាងក្រោយភ្នែក ឈឺសន្លាក់ និងសាច់ដុំ កន្ទួល (ជាធម្មតាលេចឡើង២-៥ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមក្តៅខ្លួន) និងមានហូរឈាមតិចតួច (ដូចជាឈាមច្រមុះ ឬអញ្ចាញធ្មេញ)។
ចំណែក ជំងឺគ្រុនឈីក មានរោគសញ្ញាគ្រុនក្តៅខ្លាំង (ជាធម្មតាមានរយៈពេលពីរបីថ្ងៃ) ឈឺសន្លាក់ធ្ងន់ធ្ងរ (ជាញឹកញាប់នៅដៃ និងជើង) សន្លាក់ហើម និងរឹង ឈឺសាច់ដុំ ឈឺក្បាល កន្ទួល (ជាធម្មតាលេចឡើង ២-៥ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមក្តៅខ្លួន)។
ចំពោះ ជំងឺហ្ស៊ីកា វិញមានរោគសញ្ញា គ្រុនក្តៅស្រាល កន្ទួលលើស្បែក (ជាធម្មតារមាស់) រលាកភ្នែក (ភ្នែកក្រហម) ឈឺសន្លាក់ និងសាច់ដុំ (មិនសូវធ្ងន់ធ្ងរបើធៀបនឹងជំងឺគ្រុនឈាម និង គ្រុនឈីក) ឈឺក្បាល និងអស់កម្លាំង។ ប៉ុន្តែជំងឺនេះមិនមែនជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរនោះទេ។
ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះ គឺដូចគ្នានឹងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក។ ជំងឺហ្ស៊ីកាអាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូនក្នុងអំឡុងមាន ផ្ទៃពោះ និងនៅពេលសម្រាល។ ជំងឺហ្ស៊ីកា មិនធ្ងន់ធ្ងរទេ វាចេញរោគសញ្ញាពី ២ ទៅ ៣ថ្ងៃ បន្ទាប់ពីមនុស្សម្នាក់ត្រូវបានខាំដោយសត្វមូសខ្លា ដែលផ្ទុកវីរុសហ្ស៊ីកា។ រោគសញ្ញាទូទៅ មានដូចជាគ្រុនក្ដៅស្ទិញៗ និងកន្ទួលក្រហមលើស្បែក អ្នកខ្លះទៀតអាចនឹងមាន ភ្នែកឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ រោគសញ្ញាទាំងនេះ ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ ជំងឺហ្ស៊ីកា មិនមានការព្យាបាលជាក់លាក់ទេ ប៉ុន្តែតម្រូវឱ្យផ្ដល់ការព្យាបាលគាំទ្រ និងថែទាំទៅតាមរោគសញ្ញាអ្នកជំងឺ។ មនុស្សដែលមាន ជំងឺហ្ស៊ីកា គួរសម្រាក និងពិសាទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់ និងគ្រុនក្ដៅ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា