ព័ត៌មានជាតិ
ចរចាជាមួយគ្រួសារអាមេរិកជាង ០៣ ឆ្នាំ ទើបអាចនាំវត្ថុបុរាណខ្មែរមកមាតុភូមិវិញបាន
វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ និងកន្សៃទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជានៅចុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខនេះ។

ការប្រគល់ជូនវត្ថុវបុរាណខ្មែរមកកម្ពុជាវិញនេះ គឺបន្ទាប់ពីដំណើរការចរចារអស់ជាង៣ឆ្នាំ ជាមួយក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord)។
លោក Latchford ដែលបានទទួលមរណភាពនៅខែសីហាក្នុងអាយុ ៨៩ ឆ្នាំត្រូវបានគេចោទប្រកាន់ថាបានទទួលវត្ថុបុរាណតាមរយៈអ្នករត់ពន្ធកម្ពុជា និងថៃនៅទសវត្ស ១៩៥០ និង ១៩៦០។
នៅខែវិច្ឆិកាឆ្នាំ ២០១៩ លោកត្រូវបានការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉កចោទប្រកាន់ពីបទក្លែងបន្លំវិក័យប័ត្រ និងឯកសារផ្សេងទៀតក្នុងការលក់វត្ថុបុរាណទៅសារមន្ទីរ ផ្ទះដេញថ្លៃ និងអ្នកលក់វត្ថុសិល្បៈ។
លោក ហាប់ ទូច រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់កម្ពុជាថ្មីថា ជាការពិតកម្ពុជាចង់បានការវិលត្រឡប់របស់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញឆាប់បំផុត ក៏ប៉ុន្តែយោងទៅលើស្ថានភាពជំងឺកូវីដ-១៩ ពិសេសនៅតំបន់អឺរ៉ុបដែលមានការបិទប្រទេសជាដើម ដូចនេះនីតិវិធី និងការរៀបចំឯកសារស្នើនាំចេញអ្វីផ្សេងៗមានការលំបាក និងចំណាយពេលយូរ។

លោក ហាក់ ទូច មានប្រសាសន៍ថា៖ “អ៊ីចឹងហើយយើងសង្ឃឹមទុក បើមិនមានការរាំងស្ទះអ្វីធំដុំទេ គឺសង្ឃឹមថា វត្ថុបុរាណខ្មែរទាំងនោះនឹងមកដល់កម្ពុជានៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២១ ឬក៏យូរជាងនេះ ដោយសារសម័យកូវីដ-១៩ ធ្វើឱ្យយើងពិបាកក្នុងការប៉ាន់ស្មាន និងកំណត់ពេលវេលាច្បាស់លាស់នេះណាស់។”
លោក ហាក់ ទូច បានបញ្ជាក់ថា ការដឹកជញ្ជូនវត្ថុបុរាណខ្មែរទាំងនោះមកកម្ពុជាវិញ គឺជាការចំណាយរបស់ភាគីដែលកំពុងកាន់កាប់ ដោយពេលនេះភាគីកម្ពុជាកំពុងរៀបចំឯកសារ និងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនតាមយន្តហោះ។
លោក ហាក់ ទូច លើកឡើងថា៖ “កម្ពុជាចង់រៀបចំពិធីប្រគល់ និងទទួលវត្ថុបុរាណខ្មែរនេះជាផ្លូវការ ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាមានលទ្ធភាពក្នុងការចរចា និងទាមទារមកវិញនូវវត្ថុបុរាណដ៏ច្រើននេះ អ៊ីចឹងហើយ យើងចង់រៀបចំពិធីមួយ ដើម្បីផ្សព្វផ្សាយ និងទទួលនូវបុព្វបុរស ព្រលឹងដូនតាយើងដែលបានឃ្លាតឆ្ងាយយូរមកហើយ។ ទីពីរយើងចង់ផ្សព្វផ្សាយឱ្យពិភពលោកបានដឹង និងចង់បញ្ជូនសារដល់អ្នកដែលបានកាន់កាប់នូវវត្ថុបុរាណខ្មែរ សូមប្រគល់បញ្ជូនវិលត្រឡប់មកកម្ពុជាវិញផង។”
លោក ហាក់ ទូច បន្ថែមថា៖ “រដ្ឋាភិបាលកម្ពុជានឹងរៀបចំបណ្ណសរសើរ និងថ្លែងអំណរគុណ ដល់អ្នកប្រគល់វត្ថុបុរាណកម្ពុជាមកកម្ពុជាវិញដើម្បីជាការតបស្នងដែលពួកគាត់មានសុឆន្ទៈធ្វើការជាមួយកម្ពុជា និងប្រគល់វត្ថុបុរាណខ្មែរទាំងនោះត្រឡប់មកកម្ពុជាវិញ”។

លោកមានប្រសាសន៍ថា វត្ថុបុរាណទាំងនេះគឺជាផ្នែកមួយនៃការប្រមូលដ៏អស្ចារ្យបំផុតនៃបេតិកភណ្ឌវប្បធម៌ខ្មែរនៅខាងក្រៅប្រទេសកម្ពុជា ហើយនឹងត្រូវបានដាក់តាំងពិព័រណ៍នៅភ្នំពេញនៅសារមន្ទីរជាតិនៅពេលដែលវត្ថុទាំងអស់ត្រូវបានប្រគល់មកវិញ។ ដូចនេះពិធីទទួលវត្ថុបុរាណទាំងនោះអាចនឹងប្រព្រឹត្តទៅនៅសារមន្ទីរជាតិ ឬក៏នៅទីស្ដីការគណរដ្ឋមន្ត្រី ឬក៏នៅវិមានសន្តិភាពតាមស្ថានភាពជាក់ស្ដែង ដូចអ្វីដែលកម្ពុជាធ្លាប់រៀបចំកន្លងមក។
លោក ហាក់ ទូច មានប្រសាសន៍ថា ការបាត់បង់វត្ថុបុរាណនេះជាបញ្ហាសាកល មិនមែនមានតែចំពោះកម្ពុជាទេ ហើយកម្ពុជាបានប្រើគ្រប់មធ្យោបាយដើម្បីទាមទារយកកវត្ថុបុរាណរបស់ដូនតាខ្លួនវិញពីបរទេស។
លោកមានប្រសាសន៍ថា៖ “ដំណោះស្រាយដ៏ល្អបំផុតគឺការចរចា ដោយយើងមិនចង់ប្រើវិធីប្ដឹងទេ ព្រោះការប្ដឹងនេះមានភាពស៊ាំញ៉ាំច្រើន ព្រមទាំងត្រូវការការធនធាន និងចំណាយពេលវេលាច្រើន។ ខ្ញុំមាន សុទិដ្ឋិនិយម ថានឹងមានការប្រគល់ជូននូវវត្ថុបុរាណខ្មែរដទៃទៀតមកកម្ពុជាវិញ។”

កាលពីខែឧសភា ឆ្នាំ២០១៥ សារមន្ទីរអាមេរិកាំង The Cleveland Museum of Art បានប្រគល់វត្ថុបុរាណរូបហនុមាន គឺជារូបចម្លាក់ធំទី៦ហើយដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាវិញ បន្ទាប់គេលួចចេញពីប្រាសាទកោះកេរ ដែលកសាងឡើងនាសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវរ្ម័នទី៤។

កាលពីខែឧសភា ឆ្នាំ២០១៣ សារមន្ទីរ មេត្រូប៉ូលីតែន (Metropolitan Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ រូបបដិមាខ្មែរមកឲ្យ កម្ពុជាវិញក្រោយពីមានការពិភាក្សា ជាច្រើនលើកជាមួយ ទីស្តីការគណរដ្ឋមន្រ្តី។ រូបបដិមាថ្មពីរ មានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុតជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធ តស៊ូដ៏ល្បីល្បាញរវាង ភីម (Bhima) និង ឌូរីយោដាន (Duryodhana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ដែលត្រូវបានគេលួចចេញ ពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុង ប្រទេសកម្ពុជា នាទស្សវត្សរ៍ទី៧០ និងបញ្ជូនចេញទៅសារមន្ទីរ និងការសន្សំទុកឯកជននានជុំវិញពិភពលោក៕
អត្ថបទ៖ KC Virak

-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង