ព័ត៌មានជាតិ
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានអតីតភាពជាអ្នកកាសែត
អង្គភាពប្រឆាំងអំពើពុករលួយ ជាស្ថាប័នឯករាជ្យក្នុងការបំពេញភារកិច្ចចំពោះការអនុវត្តច្បាប់ ទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងបទល្មើសពុករលួយ ហើយក៏ដឹកនាំការងារទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ ដោយតាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការច្បាប់ជាធរមាន។ បច្ចុប្បន្ន អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវដឹកនាំដោយប្រធានមួយរូប គឺលោក ឱម យ៉ិនទៀង។ តើលោក ឱម យ៉ិនទៀង មានប្រវត្តិយ៉ាងណា មុនក្លាយជាអ្នកដឹកនាំស្ថាប័នដ៏សំខាន់មួយនេះ?

លោក ឱម យ៉ិនទៀង កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៥៤ មានទីកំណើតនៅខេត្តស្វាយរៀង។ លោក ឱម យ៉ិនទៀង ជាអតីតនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងមហាវិទ្យាល័យច្បាប់ ហើយលោក ក៏បានបញ្ចប់ការសិក្សាសញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតច្បាប់។ ស្ថិតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម អតីតនិស្សិតរូបនេះ ត្រូវធ្វើជាកសិករ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ លោក ឱម យ៉ិនទៀង ត្រូវបានចាត់តាំងឱ្យធ្វើជាប្រធានក្រុមការងារបង្កើតមូលដ្ឋានអាជ្ញាធររដ្ឋបាល និងការកសាងរោងចក្រឡើងវិញ។
នៅឆ្នាំ១៩៨១ លោក ឱម យ៉ិនទៀង បានប្រកបវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ហើយនៅចន្លោះឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ លោក បានទទួលការចាត់តាំងឱ្យធ្វើជាប្រធានមន្ទីរវប្បធម៌ និងព័ត៌មានរាជធានីភ្នំពេញ។ ក្រោយការបោះឆ្នោតសកល នីតិកាលទី១ ឆ្នាំ១៩៩៣ លោក ឱម យ៉ិនទៀង បានទទួលតួនាទីជាទីប្រឹក្សានាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកលើការងារព័ត៌មាន សិទ្ធិមនុស្ស និងកិច្ចការយុត្តិធម៌។ បន្ទាប់មកទៀត ពោល គឺនៅឆ្នាំ១៩៩៧ លោក ធ្វើជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយនៅឆ្នាំ២០០០ លោក ឱម យ៉ិនទៀង ក៏ត្រូវបានដំឡើងតួនាទីជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ខណៈឆ្នាំ២០០៤ លោក បានក្លាយជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជានាយករងនៃកម្លាំងជាតិប្រឆាំងភេវរកម្ម។

នៅក្នុងនីតិកាលទី៤ នៃរដ្ឋសភា លោក ឱម យ៉ិនទៀង ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីទុកចិត្ត និងតែងតាំងមុខតំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយការអនុម័ត និងប្រកាសឱ្យប្រើជាផ្លូវការនូវច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ក្នុងឆ្នាំ២០១០ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងបន្ថែមនូវតួនាទីជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ប៉ុន្តែ បើតាមប្រវត្តិរូបសង្ខេបរបស់លោក ដែលចេញដោយគណៈកម្មការអន្តររដ្ឋាភិបាលស្ដីពីសិទ្ធិមនុស្សអាស៊ាន គឺលោក ឱម យ៉ិនទៀង បានកាន់តំណែងនេះ ចាប់តាំងពីឆ្នាំ២០០៦ ឯណោះ។
រហូតមកដល់ឆ្នាំ២០២៣ ក្នុងនីតិកាលទី៧នេះ លោក ឱម យ៉ិនទៀង ត្រូវបានបន្តតំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយដដែល នៃសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយគិតមកទល់ពេលនេះ លោក បានដឹកនាំអង្គភាពនេះ ប្រមាណ១៧ឆ្នាំមកហើយ។

លើសពីនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏ធ្លាប់កាន់តួនាទីសំខាន់ៗមួយចំនួនទៀត ជាអាទិ៍ អនុប្រធានអាជ្ញាធរដោះស្រាយវិវាទដីធ្លី អនុប្រធានក្រុមប្រឹក្សាកំណែទម្រង់ដីធ្លី អនុប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងតុលាការ ព្រមទាំងមានវិជ្ជាជីវៈជាមេធាវីផងដែរ។ លោក ឱម យ៉ិនទៀង បានស្បថជាមេធាវី នៅឆ្នាំ២០០៦ ហើយក្លាយជាមេធាវីពេញសិទ្ធិ នៅឆ្នាំ២០០៨ ប៉ុន្តែ បច្ចុប្បន្ននេះ លោក មិនប្រកបវិជ្ជាជីវៈជាមេធាវីឡើយ៕
ប្រភពឯកសារ៖ គណៈកម្មការអន្តររដ្ឋាភិបាលស្ដីពីសិទ្ធិមនុស្សអាស៊ាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក