ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួងការងារ នឹងខិតខំសម្របសម្រួលការចរចាដំឡើងប្រាក់ឈ្នួលកម្មករ ឲ្យគ្រប់ភាគីទទួលយកបានទាំងអស់គ្នា
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានអះអាងថា ក្រសួង នឹងខិតខំសម្របសម្រួលការចរចាដំឡើងប្រាក់ឈ្នួលកម្មករ-និយោជិតឆ្នាំ ២០២៤ ឲ្យគ្រប់ភាគីពាក់ព័ន្ធទទួលយកបានទាំងអស់គ្នា។ ការអះអាងនេះ គ្រាដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងរៀបចំកិច្ចប្រជុំចុងក្រោយ នៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលកម្មករ-និយោជិតឆ្នាំ ២០២៤។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ជាគោលការណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់កំហិតឲ្យក្រសួងការងារ សម្របសម្រួល ការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ-និយោជិតឆ្នាំ ២០២៤ ឲ្យបានមុនបុណ្យភ្ជុំបិណ្យខាងមុខ។
លោកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចចចារផ្ទៃក្នុង ទ្វេភាគី និងត្រីភាគី ចំនួន ១៩លើកមកហើយ។ អ្វីដែលទទួលបាននោះ គឺភាគីទាំងអស់បានឯកភាពគ្នាជារួម គឺដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិត ឲ្យបានមុនភ្ជុំបិណ្ឌ ដោយកំណត់យកថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ជាថ្ងៃសម្រេចចុងក្រោយ។
អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា «ក្រសួងការងារ នឹងប្រឹងប្រែងសម្របសម្រួលនូវអត្រាតម្លៃមួយ ដែលភាគីទាំង ៣ អាចទទួលយកបានដោយឈរលើគោលការណ៍ ៧ ចំណុចដូចមានចែងក្នុងច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា»។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ បានបន្តបើកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤។
ជាលទ្ធផល តំណាងភាគីកម្មករ-និយោជិត បានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺតួលេខ ២០៤ដុល្លារអាមេរិក មានសំឡេងគាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាមេរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់, តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។
បើតាមអ្នកនាំពាក្យក្រសួងការងារ នាពេលបច្ចុប្បន្ននេះ កម្មករ-និយោជិត បានទទួលប្រាក់ឈ្នួលអប្បបរមា ២០០ដុល្លារ និងប្រាក់ប្រយោជន៍ផ្សេងទៀត ដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ, ប្រាក់សាហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ ទៅ ១១ដុល្លារ, ប្រាក់ថ្លៃបាយធ្វើការថែមម៉ោង ២,០០០រៀលក្នុ ង១ថ្ងៃ និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម ២៦ ដុល្លារ។ ជាសរុប កម្មករ-និយោជិត ទទួលបានប្រាក់ខែ និងប្រាក់ប្រយោជន៍ផ្សេងៗចន្លោះពី ២១៧ ទៅ ២៥៩ ដុល្លារ ក្នុង ១ខែ។
ក្រៅពីនេះ កម្មករ-និយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធី ប ស ស ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា៖ ផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ (និយោជកបង់ជូន ១០០%) ផ្នែកសោធន (និយោជកបង់ជូន ៥០%) ប្រព័ន្ធគាំពារសង្គមចំពោះស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ៖ មុនពេលសម្រាលទទួលបានការបើកប្រាក់ ៤លើក ដែលមួយលើកៗ ទទួលបាន ៨០,០០០រៀល ក្រោយសម្រាលទទួលបើក ១០លើក ដែលមួយលើកៗទទួលបាន ៨០,០០០រៀល។ ដោយឡែកពេលសម្រាលកូនទទួលបាន ៨០០,០០០រៀល សម្រាប់កូនភ្លោះ២ទទួល ១,២០០,០០០រៀល និងកូនភ្លោះ ៣ឡើងទទួលបាន ១,៦០០,០០០រៀល៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ