KPT+
មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ ឆ្នាំ២០២៣ នឹងទៅដល់ដែនដីសមុទ្រ
ឆ្នាំ២០២៣ នេះជាឆ្នាំទី៦ នៃការប្រព្រឹត្តិកម្មវិធី មហោស្រពអក្សរសិល្ប៍ខ្មែរ ដែលទទួលបានជោគជ័យជាច្រើនឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំទី៦ នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅដែនដីសមុទ្រ គឺខេត្តកោះកុង ក្រោមប្រធានបទ “សំឡេងចម្រុះពណ៌”។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/262329198_1267023763803449_1280631472836099805_n-1024x449.jpg)
លោកស្រី សូ ភីណា ស្ថាបនិកមហោស្រព បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះថា មហោស្រពអក្សរសិល្ប៍ទទួលបានការចាប់អារម្មណ៍ច្រើនទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ មានប្រិយមិត្តជាច្រើន ដែលទទូចសុំឱ្យមហោស្រពរៀបចំនៅខេត្តរបស់ពួកគេ។ ឆ្នាំ ២០១៧ រៀបចំនៅខត្តសៀមរាប មានអ្នកចូលរួមប្រមាណ ៥០០ នាក់, ឆ្នាំ ២០១៨ នៅខេត្តបាត់ដំបង មានអ្នកចូលរួមប្រមាណ ១០០០ នាក់, ឆ្នាំ២០១៩ នៅភ្នំពេញ មានអ្នកចូលរួមប្រមាណ ១៥០០ នាក់, ឆ្នាំ ២០២០ (ផ្អាកដោយសារកូវីដ), ឆ្នាំ២០២១ អនឡាញ, ឆ្នាំ ២០២២ នៅពោធិ៍សាត់ អ្នកចូលរួមប្រមាណ ១០០០ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/312597287_1489242808248209_7517159791446645974_n-1024x683.jpg)
លោកស្រី សូ ភីណា លើកឡើងបន្តថា៖ “ឆ្នាំនេះ ពួកយើងរំពឹងថា នឹងមានអ្នកចូលរួមច្រើន ដោយសារយើងទទួលបានការសហការ និងគាំទ្រពីរដ្ឋបាលខេត្តកោះកុង ដែលជួយផ្សព្វផ្សាយព័ត៌មានបន្ត។ ពួកយើងចង់ពាំនាំមហោស្រពអក្សរសិល្ប៍ទៅគ្រប់ទិសទីនៅកម្ពុជា ដូចនេះយើងផ្លាស់ប្តូរខេត្តជារៀលរាល់ឆ្នាំ។ យើងសង្ឃឹមថា អ្នកក្នុងខេត្តនឹងអាចរៀបចំមហោស្រពតូចៗបន្តទៀត។ ផលលំបាកមានដូចជា យើងត្រូវស្វែងរកទីតាំង និងស្វែងរកការគាំទ្រពីរដ្ឋបាលខេត្តគ្រប់ពេល។ តែកន្លងមក គ្រាន់តែត្រូវការពេលច្រើនប៉ុណ្ណោះ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/71940516_705657336606764_7296624990332387328_n.jpg)
លោកស្រី សូ ភីណា ផ្ដាំផ្ញើថា មហោស្រពអក្សរសិល្ប៍ខ្មែរ សូមឱ្យប្រជាជនកម្ពុជាផ្តល់តម្លៃដល់សៀវភៅ ដែលគោរពកម្មសិទ្ធិបញ្ញាត្រឹមត្រូវ កាន់សៀវភៅអានគ្រប់គ្នា ដើម្បីបន្តអប់រំខ្លួន តាមរយៈសៀវភៅដែលពាំនាំនូវរឿងរ៉ាវច្រើនឥតគណនាពីគ្រប់ទិសទីនៃវប្បធម៌ចម្រុះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/72123311_705855523253612_7170034260961656832_n.jpg)
ចំណែក លោក ឥន្ទ សម៉ាណាក់ ប្រធានកម្មវិធីបានសម្តែងចំណាប់អារម្មណ៍ថា ឆ្នាំនេះជាឆ្នាំទី២ ហើយដែលលោកចូលរួមរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/311986190_1497482854090871_6645689544829817400_n-1024x683.jpg)
លោក ឥន្ទ សម៉ាណាក់ លើកឡើងបន្តថា៖ “ខ្ញុំបន្តចូលរួមដោយសារខ្ញុំនឹកអនុស្សាវរីយ៍កាលពីឆ្នាំមុន ដែលឃើញអ្នកនិពន្ធ កវី អ្នកស្រឡាញ់អក្សរសិល្ប៍ គ្រូ និងសិស្សនិស្សិត បានចូលរួមយ៉ាងច្រើន និងទទួលបានបទពិសោធន៍ល្អៗពីកម្មវិធី។ ដូច្នេះ សូមនិមន្ត និងអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹង និងបង្ហាញពីការគាំទ្រដល់ផ្នែកអក្សរសិល្ប៍”។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/313436652_1497482000757623_7092419323095902553_n-1024x683.jpg)
អ្នកស្រី ហួត សុជាតា សមាជិកស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមហោស្រពអក្សរសិល្ប៍ខ្មែរបានមានយោបល់ដូច្នេះថា លោកស្រីមានមោទនភាពដែលជាតំណក់ទឹកមួយតំណក់ជួយបំពេញអាង នៃវិស័យអក្សរសិល្ប៍នៅកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/315841222_1510977946074695_479277806237518410_n-1024x683.jpg)
អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកនិពន្ធបទភ្លេង ម៉ុង ម៉ានិត ជាទូតសុឆន្ទៈ នៃមហោស្រពអក្សរសិល្ប៍ប្រចាំឆ្នាំ២០២៣ បានថ្លែងថា លោករីករាយណាស់ ដែលបានចូលរួមចំណែកជាផ្នែកមួយនៃមហោស្រពនៅឆ្នាំនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/312713689_1489157738256716_8613641139356405936_n-1024x683.jpg)
លោក ម៉ុង ម៉ានិត លើកឡើងបន្តថា៖ “ការចូលរួមនេះ នឹងជួយជំរុញការផ្សព្វផ្សាយអំពីមហោស្រពឱ្យសាធារណជនបានជ្រាប ក៏ដូចជាអភិវឌ្ឍន៍វិស័យអក្សរសិល្ប៍ វិស័យអំណាន ជំរុញ និងបង្កើនស្នាដៃនិពន្ធ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអ្នកអាន និងប្រជាជនកម្ពុជាឱ្យយល់ច្បាស់ពីសក្ដានុពលនៃអក្សរសិល្ប៍ខ្មែរ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/313941612_1497627314076425_650799189795765593_n-1024x683.jpg)
មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ នេះ មានរយៈពេល ៣ថ្ងៃ ដែលមានកម្មវិធីពិសេសៗជាច្រើនដូចជា ពិព័រណ៍មរតកអក្សរសិល្ប៍ វេទិកាពិភាក្សាអំពីអក្សរសិល្ប៍ នៃខេត្តកោះកុង សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ ទស្សនកិច្ចវប្បធម៌ វេទិកាពិភាក្សា និងបទបង្ហាញអំពីវប្បធម៌អក្សរសិល្ប៍ នៃខេត្តកោះកុង កម្មវិធីកំណាព្យ បញ្ចាំងភាពយន្តឯកសារ កម្មវិធីប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ និងកម្មវិធីទស្សនីយភាព ល្ខោននិយាយ “ឃុនឆាងឃុនផែន” របាំ ចម្រៀង និងចាប៉ីដងវែង។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/72545858_705657346606763_7753067713387298816_n.jpg)
មហោស្រពអក្សរសិល្ប៍បានទទួលការគាំទ្រពីសហគមន៍អ្នកនិពន្ធ សមាគមអក្សរសិល្ប៍នានា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជនជាច្រើននាក់ទៀត។ ដើម្បីឈ្វេងយល់កាន់តែច្បាស់ អំពី ការប្រព្រឹត្តិកម្មវិធីមហោស្រព សូមគោរពអញ្ជើញចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៤ រសៀល នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ សូមចុះឈ្មោះជាមុនទៅកាន់ [email protected] ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/71491890_691168061389025_7522754318387118080_n.jpg)
គួរបញ្ជាក់ថា មហោស្រពអក្សរសិល្ប៍ខ្មែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំឆ្នាំ២០១៧ មានគោលបំណងធំ ៣ គឺ៖ ១. បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ ២. លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និង ៣. បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍។៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង