ព័ត៌មានជាតិ
តោះ! មកស្វែងយល់ពីរចនាសម្ព័ន្ធនៅក្រសួងអប់រំ យុវជន និងកីឡា?
ក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើនក្នុងតំបន់និងសកលលោក។
បច្ចុប្បន្ននេះក្រសួងអប់រំ យុវជននិងកីឡា ដឹកនាំដោយលោក ហង់ជួន ណារ៉ុន ដែលលោកបានចូលកាន់តំណែងជារដ្ឋមន្រ្តីតាំងពីឆ្នាំ ២០១៣។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា
តើក្រសួងអប់រំ យុវជននិងកីឡា ក្រោមការដឹកនាំដោយលោក ហង់ជួន ណារ៉ុន មានភារកិច្ចនិងរចនាសម្ព័ន្ធគ្រប់គ្រងយ៉ាងណាខ្លះ?
ក្រសួងអប់រំ យុវជន និងកីឡាមានមុខងារនិងភារកិច្ចដូចតទៅ៖
– កំណត់នយោបាយអប់រំ យុវជន និងកីឡា សំដៅធានាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព
– កសាងនីតិក្រមសម្រាប់អភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា
– កសាងផែនការអនុវត្ត ពិនិត្យតាមដាន និងវាយតម្លៃនយោបាយអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍធនធានមនុស្ស ព្រមទាំងលើកទិសដៅនិងវិធានការកែលម្អជាបន្តបន្ទាប់តាមគ្រប់មុខជំនាញ
– លើកកម្ពស់គុណភាពវិស័យអប់រំ យុវជន និងកីឡាឱ្យឆ្លើយតបទៅនឹងដំណាក់កាលនីមួយៗនៃការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិនិងអន្តរជាតិ ដើម្បីកសាងសមត្ថភាពខាងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងចេះរួមរស់ជាមួយគ្នា
– តម្រង់ទិសវិជ្ជាជីវៈ បំណិនជីវិត និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ភូមិសិក្សា
– លើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាដោយធានាសមធម៌និងបរិយាបន្ន។
-អភិវឌ្ឍធនធានមនុស្សលើផ្នែកបច្ចេកសហគ្រិនភាព និងអប់រំបច្ចេកទេសក្នុងតំបន់
– សិក្សាលើសំណើបង្កើត បើក បិទ រំលាយបញ្ចូលគ្នា ជំនាញថ្មី បំបែក ប្រែក្លាយ គ្រឹះស្ថានឧត្តម សិក្សាសាធារណៈ
– សិក្សាលើសំណើទទួលស្គាល់ការបង្កើត បើក បិទ រំលាយបញ្ចូលគ្នា ជំនាញថ្មី បំបែក ប្រែក្លាយ គ្រឹះស្ថានឧត្តមសិក្សាឯកជន
– លើកកម្ពស់ការស្រាវជ្រាវនិងបច្ចេកវិទ្យាព័ត៌មានដើម្បីអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា
– គ្រប់គ្រង ត្រួតពិនិត្យ វាយតម្លៃដំណើរការសិក្សា ការនិពន្ធ ការផ្សាយ ការនាំចូលសៀវភៅសិក្សា និងឯកសារពាក់ព័ន្ធនឹងការបង្រៀននិងរៀនគ្រប់កម្រិតសិក្សា គ្រប់ភូមិសិក្សា និងដាក់ពិន័យ
– ពិនិត្យលើការផ្តល់ បដិសេធ ដកហូតវិញ្ញាបនបត្រឬសញ្ញាបត្រ និងវាយតម្លៃកម្រិតវិញ្ញាបនបត ឬសញ្ញាបត្រ ចេញដោយគ្រឹះស្ថានសិក្សានានាទាំងក្នុងទាំងក្រៅប្រទេស
– ផលិតនិងត្រួតពិនិត្យការផ្សព្វផ្សាយព័ត៌មានអប់រំ ការផ្សាយពាណិជ្ជកម្មសិក្សាតាមគ្រប់រូបភាព ពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន និងកីឡា
– អភិវឌ្ឍការងារយុវជននិងការងារអប់រំកាយនិងកីឡា ដោយកំណត់វិធានគ្រប់គ្រង អប់រំ បណ្ដុះ បណ្តាលនិងបំប៉នបច្ចេកទេស
– បង្កើនការយល់ដឹងអំពីវប្បធម៌ជាតិនិងវប្បធម៌អន្តរជាតិ
– គ្រប់គ្រងបុគ្គលិក ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា
– ពិនិត្យនិងផ្តល់យោបល់លើគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន និងកីឡា
– ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមកាលកំណត់ជូនរាជរដ្ឋាភិបាល
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ក្រសួងអប់រំ យុវជន និងកីឡា មានរចនាសម្ព័ន្ធដូចខាងក្រោម៖
I. ថ្នាក់កណ្តាល
ក- អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋានមានតួនាទី និងភារកិច្ចត្រួតពិនិត្យលើគ្រប់ឋានានុក្រមរដ្ឋបាល និងការងារគ្រប់គ្រង អប់រំ ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងស្តីពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ច និង លើកសំណើវិធានការកែលម្អ។
អគ្គាធិការដ្ឋានរួមមានអង្គភាពចំណុះ៖
-នាយកដ្ឋានធានាគុណភាពអប់រំ
– អធិការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
– នាយកដ្ឋានកិច្ចការប្រឡង
ខ- អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មានតួនាទីនិងភារកិច្ចសម្របសម្រួលនិងគ្រប់គ្រងកិច្ចការ រដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ទំនាក់ទំនងវប្បធម៌ក្នុងតំបន់និងលើសកលលោក និងការងារបច្ចេកវិទ្យាព័ត៌មាន។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួនតាមការចាំបាច់។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មានអង្គភាពចំណុះ៖
– នាយកដ្ឋានរដ្ឋបាល នាយកដ្ឋានបុគ្គលិក
– នាយកដ្ឋានហិរញ្ញវត្ថុ
– នាយកដ្ឋានសម្ភារៈនិងទ្រព្យសម្បត្តិរដ្ឋ
– នាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍ នាយកដា្ឋនព័ត៌មាននិងកិច្ចការអាស៊ាន
– នាយកដ្ឋាននីតិកម្ម
– នាយកដា្ឋនសំណង់
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
គ- អគ្គនាយកដ្ឋានអប់រំ
អគ្គនាយកដ្ឋានអប់រំមានតួនាទីនិងភារកិច្ចសម្របសម្រួល គ្រប់គ្រង និងអភិវឌ្ឍការអប់រំកុមារតូច បឋមសិក្សា មធ្យមសិក្សាចំណេះទូទៅ ការអប់រំពិសេស ការអប់រំក្រៅប្រព័ន្ធ កម្មវិធីសិក្សា និងសៀវភៅសិក្សា សុខភាពសិក្សា ការបណ្តុះបណ្តាលនិងវិក្រឹតការ តម្រង់ទិសវិជ្ជាជីវៈ បំណិនជីវិត និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អគ្គនាយកដ្ឋានអប់រំ ដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួនតាមការចាំបាច់។
អគ្គនាយកដ្ឋានអប់រំមានអង្គភាពចំណុះ៖
– នាយកដ្ឋានអប់រំកុមារតូច
– នាយកដ្ឋានបឋមសិក្សា
– នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
– នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
-នាយកដ្ឋានសុខភាពសិក្សា
– នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា
– នាយកដ្ឋានបណ្តុះបណ្តាលនិងវិក្រឹតការ
– នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ
– នាយកដ្ឋានអប់រំពិសេស
– គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ
ឃ- អគ្គនាយកដ្ឋានឧត្តមសិក្សា
អគ្គនាយកដ្ឋានឧត្ដមសិក្សា មានតួនាទីនិងភារកិច្ចគ្រប់គ្រង សម្របសម្រួល និងអភិវឌ្ឍការងារ បណ្តុះបណ្តាលកម្រិតក្រោយមធ្យមសិក្សា និងការងារស្រាវជ្រាវវិទ្យាសាស្ត្រ និងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អគ្គនាយកដ្ឋានឧត្តមសិក្សា ដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងមួយចំនួនតាមការចាំបាច់។
អគ្គនាយកដ្ឋានឧត្តមសិក្សា មានអង្គភាពចំណុះ៖
-នាយកដ្ឋានឧត្តមសិក្សា
– នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ
ង- អគ្គនាយកដ្ឋានយុវជន
អគ្គនាយកដ្ឋានយុវជន មានតួនាទីនិងភារកិច្ចសម្របសម្រួល និងគ្រប់គ្រងកិច្ចការយុវជននិងកុមារ នៅក្នុងក្របខណ្ឌក្រសួងនិងសង្គមជាតិ។
អគ្គនាយកដ្ឋានយុវជន ដឹកនាំដោយអគ្គនាយកមួយរូបនិងមានអគ្គនាយករងមួយចំនួនតាមការចាំបាច់។
អគ្គនាយកដ្ឋានយុវជន រួមមានអង្គភាពចំណុះ៖
– នាយកដ្ឋានយុវជន
– នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល
ច- អគ្គនាយកដ្ឋានកីឡា
អគ្គនាយកដ្ឋានកីឡាមានតួនាទីនិងភារកិច្ចគ្រប់គ្រងនិងអភិវឌ្ឍការងារអប់រំកាយនិងកីឡានៅក្នុងក្រសួងនិងសង្គមជាតិ។
អគ្គនាយដ្ឋានកីឡា ដឹកនាំដោយអគ្គនាយកមួយរូបនិងមានអគ្គនាយករងមួយចំនួនតាមការចាំបាច់។
អគ្គនាយកដ្ឋានកីឡា រួមមានអង្គភាពចំណុះ៖
– នាយកដ្ឋានអប់រំកាយនិងកីឡា
– នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត
– មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
– វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា
ឆ- អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ
អគ្គនាយកដា្ឋនគោលនយោបាយនិងផែនការ មានតួនាទីនិងភារកិច្ចសម្របសម្រួលនិងគ្រប់គ្រង ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ គោលនយោបាយ ផែនការ និងពិនិត្យ តាមដាន និងវាយតម្លៃ។
អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ ដឹកនាំដោយអគ្គនាយកមួយរូបនិងមានអគ្គនាយករងមួយចំនួនតាមការចាំបាច់។
អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ រួមមានអង្គភាពចំណុះ៖
– នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ
– នាយកដ្ឋានគោលនយោបាយ
– នាយកដ្ឋានផែនការ
– នាយកដ្ឋានពិនិត្យ តាមដាន និងវាយតម្លៃ
ជ- អង្គភាពស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រី៖
–នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដា្ឋនសវនកម្មផ្ទៃក្នុង មានតួនាទីនិងភារកិច្ចដូចតទៅ៖
– កំណត់នូវភាពសមស្រប គ្រប់គ្រាន់ និងការផ្ដល់លទ្ធផលល្អលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ផ្នែក គណនេយ្យ រដ្ឋបាល និងកិច្ចប្រតិបត្តិការរបស់អង្គភាព
– ពិនិត្យឡើងវិញនូវភាពដែលអាចជឿទុកចិត្តបាន ភាពទាន់ពេលវេលា ភាពច្បាស់លាស់ នៃព័ត៌មាន ហិរញ្ញវត្ថុនិងកិច្ចប្រតិបត្តិការ ព្រមទាំងវិធីសាស្ត្រដែលប្រើប្រាស់អនុលោមតាមគោលការណ៍ផែនការ នីតិវិធីច្បាប់
– ពិនិត្យឡើងវិញលើការគ្រប់គ្រង ការថែទាំ ការពារទ្រព្យសម្បត្តិ និងធ្វើការផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិ ឱ្យបានត្រឹមត្រូវ
– វាយតម្លៃភាពសន្សំសំចៃ ប្រសិទ្ធភាព និងភាពផ្ដល់ផលវិជ្ជមានពីការប្រើប្រាស់ធនធាន ផ្ដល់ អនុសាសន៍លើចំណុចខ្វះខាត ដើម្បីដោះស្រាយបញ្ហាឱ្យបានសមស្រប
– ពិនិត្យឡើងវិញលើប្រតិបត្តិការកម្មវិធី និងគម្រោងចំណាយអភិវឌ្ឍមូលធនដើម្បីធានាថាលទ្ធផលស្របតាមកម្មវត្ថុនិងទិសដៅដែលបានកំណត់
– ធ្វើសវនកម្មលើប្រព័ន្ធកុំព្យូទ័រតាមការិយបរិច្ឆេទ និងធ្វើការវាយតម្លៃលើប្រព័ន្ធដំណើរការទិន្នន័យ សំខាន់ៗក្រោយពេលដំឡើងរួច ដើម្បីកំណត់ប្រព័ន្ធទាំងនោះឆ្លើយតបតាមគោលបំណងនិង គោលដៅដែលបានគ្រោងទុក
-សម្របសម្រួលការងារសវនកម្មផ្ទៃក្នុងជាមួយនឹងអាជ្ញាធរសវនកម្មជាតិ ដើម្បីធានាទំហំការងារ ឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការងារស្ទួនគ្នា
– វាយតម្លៃផែនការឬសកម្មភាពកែលម្អលើចំណុចរកឃើញរបស់សវនកម្មផ្ទៃក្នុង
– ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួង
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។
–ខុទ្ទកាល័យ
ខុទ្ទកាល័យ ទទួលបន្ទុកបេសកកម្មទាំងឡាយដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យខុទ្ទកាល័យរដ្ឋមន្ត្រីលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិង រដ្ឋលេខាធិការដ្ឋាន។
II. អង្គភាពមូលដ្ឋាន
នៅតាមរាជធានី ខេត្តនីមួយៗ មានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាទទួលបន្ទុកអនុវត្តតួនាទីនិងមុខងាររបស់ក្រសួង។
ការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពមូលដ្ឋាន ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
III. គ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថាននានា មានឋានៈស្មើអគ្គនាយកដ្ឋាន ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡាមាន៖
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
-សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
-សាកលទ្យាល័យជាតិគ្រប់គ្រង
– សាកលវិទ្យាល័យស្វាយរៀង
-សាកលវិទ្យាល័យមានជ័យ
– សាកលវិទ្យាល័យបាត់ដំបង
– សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ
-សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
– សាកលវិទ្យាល័យក្រចេះ
– វិទ្យាស្ថានជាតិអប់រំ
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
IV. គ្រឹះស្ថានសិក្សា វិទ្យាស្ថាននានា និងមជ្ឈមណ្ឌលមានឋានៈស្មើនាយកដ្ឋាន ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
– វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល
– វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម លក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ៨១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត ស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី