ព័ត៌មានជាតិ
អគារតម្លៃជិត ២០លានដុល្លារ ជាជំនួយជប៉ុន ត្រូវបានប្រគល់ឱ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
អាគារមន្ទីរពេទ្យមួយខ្នង កម្ពស់៤ជាន់ មានតម្លៃជិត ២០លានដុល្លារ ដែលបំពាក់ដោយបរិក្ខាទំនើបៗជាច្រើន ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៣ ដើម្បីបម្រើដល់សេវាព្យាបាល និងសង្គ្រោះអ្នកជំងឺ។
លោក សាតូ រីយូតា លេខាទី២ ការិយាល័យកុងស៊ុលជប៉ុន បានបង្ហាញថា បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជា មានភាពប្រសើរឡើងជាបណ្តើរៗ ប៉ុន្តែនៅតាមតំបន់ជនបទ ក៏ដូចជាខេត្តសៀមរាប នៅមានបញ្ហាច្រើនទាក់ទងទៅនឹងអគារ បរិក្ខាពេទ្យ និងធនធានមនុស្ស បើធៀបនៅរាជធានីភ្នំពេញ។ លោកបន្តថា អគារថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ត្រូវបានដាក់បញ្ចូលរួមគ្នានូវមុខងារវេជ្ជសាស្ត្រ ដែលកាលពីមុនត្រូវបានដាក់ពង្រាយនៅតាមអគារផ្សេងៗពីគ្នា។ ជាមួយគ្នានេះ បន្ទប់ព្យាបាល ត្រូវបានរៀបចំដោយបានពិចារណាលើផ្នែកវេជ្ជសាស្ត្រ ដែលអាចផ្តល់ឱ្យអ្នកជំងឺនូវការថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានលើកឡើងថា អគារមន្ទីរពេទ្យថ្មីនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាល ហើយក៏ជាសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ការធ្វើទំនើបកម្មសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនប្រជាជនមួយកម្រិតទៀត។ លោកអភិបាលរង ថា សមិទ្ធផលថ្មីនេះ ក៏ជាចំណងមិត្តភាពសាមគ្គីភាពរវាងកម្ពុជា និងជប៉ុន ផងដែរ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា អគារថ្មីនេះត្រូវបានផ្តល់ឈ្មោះថា មណ្ឌលផ្តល់សេវាផ្នែកវះកាត់។ អគារមន្ទីរពេទ្យនេះ សាងសង់ឡើងក្រោមគម្រោងធ្វើឱ្យប្រសើរឡើងរបស់មន្ទីរពេទ្យបង្អែកខេត្ត ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ហើយបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងការរៀបចំបំពាក់ឧបករណ៍វេជ្ជសាស្រ្តកម្រិតស្តង់ដារមន្ទីរពេទ្យ។
លោក បន្តថា អគារនេះមានទំហំ២៥ គុណនឹង៦៨ម៉ែត្រ មាន៤ជាន់ កំពស់២៧.០៥ម៉ែត្រ ដែលសាងសង់លើផ្ទៃដីចំនួន ៣៨១១ម៉ែត្រការេ ហើយសំណង់នេះ ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាមលក្ខណៈស្តង់ដារមន្ទីរពេទ្យ។ ក្រៅ ពីការរៀបចំរចនាសម្ព័ន្ធខាងក្នុង អគារនេះក៏មានបណ្តាញទំនាក់ទំនង និងមានជណ្តើរថ្មើរជើងចំនួនពីរ និងបំពាក់ជណ្តើរយន្តចំនួនពីរ។ សមិទ្ធផលនេះ នឹងចូលរួមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។
លោក បន្តទៀតថា នៅពេលអនាគត អគារនេះ នឹងប្រើប្រាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង ការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាប្រពោធនកម្មវះកាត់សម្រាប់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ដូចជា ការវះកាត់ធំៗគ្រប់ឯកទេសទាំងអស់ និងជាកន្លែងសម្រាកព្យាបាលជំងឺទាំងអស់ដែលពាក់ព័ន្ធនឹងការវះកាត់។ ជាមួយគ្នានេះ នឹងរួមបញ្ចូលសេវាគាំទ្រមួយចំនួនទៀត ដូចជា សេវារូបភាពវេជ្ជសាស្រ្ត កន្លែងបោកគក់ មណ្ឌលរំងាប់មេរោគលើឧបករណ៍ និងឧបករណ៍បរិក្ខាពេទ្យ ដែលប្រើប្រាស់ក្រោយពេលវះកាត់ និងផ្នែកពាក់ព័ន្ធផ្សេងទៀត។
ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និងឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឱ្យមានការផ្តល់សេវាឱ្យបានរលូន កាន់តែមានគុណភាព និងប្រសិទ្ធភាព ធានាធ្វើយ៉ាងណាឱ្យកិច្ចការគ្រប់គ្រងទូទៅឱ្យមានភាពកាន់តែប្រសើរឡើង រួមទាំងកិច្ចការថែទាំជួសជុលរាល់ឧបករណ៍ដែលបានបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូលផងដែរ៕
អត្ថបទ៖ កុសល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ