ព័ត៌មានជាតិ
ជាង ២០ ឆ្នាំ ដែលក្រុមហ៊ុនបារាំងដ៏ធំមួយបោះទុនរយលានដុល្លារអភិវឌ្ឍព្រលានយន្តហោះនៅកម្ពុជា
ក្រោមភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ ១៩៩៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ទទួលបានសម្បទានវិនិយោគលើការអភិវឌ្ឍនិងគ្រប់គ្រងបណ្តាញអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប ដែលជាទឹកដីឧទ្យានបុរាណវិទ្យាអង្គរ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ និងនៅក្រុងព្រះសីហនុដែលជាទីក្រុងឆ្នេរនិងកំពង់ផែសមុទ្រ។

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាមានភាគហ៊ុនពីរគឺក្រុមហ៊ុន VINCI Airports របស់បារាំង (៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែលជាក្រុមហ៊ុនរកស៊ីចូលហ៊ុនគ្នារវាងកម្ពុជានិងម៉ាឡេស៊ី។
ដំណើរការវិនិយោគក្រុមហ៊ុន VINCI
ក្រុមហ៊ុន Cambodia Airports ជាសាខាមួយរបស់ក្រុមហ៊ុន VINCI Airports ស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួន ៥ នៅក្នុងវិស័យអាកាសយានដ្ឋាន។ ជាក្រុមហ៊ុនលំដាប់សាកលមានសាខាច្រើន ក្រុមហ៊ុន VINCI Airports គ្រប់គ្រងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានចំនួន ៤៤ នៅប្រទេសបារាំង ព័រទុយហ្កាល់ ចក្រភពអង់គ្លេស ស៊ុយអែត កម្ពុជា ជប៉ុន សាធារណរដ្ឋដូមីនិក កូស្តារីកា ឈីលី និង ប្រេស៊ីល។

ក្រុមហ៊ុន VINCI Airports បម្រើសេវាឱ្យក្រុមហ៊ុនអាកាសចរណ៍ជាង ២៥០ ក្រុមហ៊ុន។ ក្នុងឆ្នាំ២០១៧ ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនពីប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋានទាំងអស់មានរហូតដល់ទៅ ៣,២ ប៊ីលានអឺរ៉ូ ក្នុងនោះចំណូលប្រមូលផ្តុំមូលមានចំនួន ១,៤ប៊ីលានអឺរ៉ូ។
ការគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា
ជាមួយនឹងវត្តមានធ្វើប្រតិបត្តិការអស់ជាង ២០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា និងវិនិយោគអស់ទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារអាមេរិក បច្ចុប្បន្នក្រុមហ៊ុន VINCI Airports កំពុងប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាននៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
ក្រុមហ៊ុនប្រើប្រាស់ឈ្មោះពាណិជ្ជនាមជាអក្សរកាត់ថា SCA (Société Concessionnaire des Aéroports) ដែលជាឈ្មោះស្របច្បាប់។

នៅក្នុងឆ្នាំ២០១៧ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងអស់របស់កម្ពុជាមានចំនួនសរុប ៨,៨ លាននាក់ ដោយក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបទទួលបានចំនួន ៤,២ លាននាក់ស្មើគ្នា។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ចាប់ផ្តើមដំណើរការឈរលើមូលដ្ឋានទាបប៉ុន្តែមានកំណើនលេខបីខ្ទង់ រហូតដល់មានអ្នកដំណើរចំនួន ៣៣៨ ០០០ នាក់ ឆ្លងកាត់នៅក្នុងឆ្នាំ២០១៧។ អាកាសយានដ្ឋានទាំងបីនេះ បម្រើគោលដៅហោះហើរជាង ៥៥ គោលដៅ ហើយស្វាគមន៍ការហោះហើរទៀងទាត់ជាង ៧០០ ជើង ក្នុងមួយសប្តាហ៍។
កាលឆ្នាំ ២០១៨ ចំនួនអ្នកធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំង ៣ បានកើនឡើងខ្លាំងដែលធ្វើឲ្យចំនួនអ្នកដំណើរសរុបក្នុងមួយឆ្នាំកើនលើស ១០ លាននាក់ជាលើកដំបូងក្នុងកំណត់ត្រាចរាចរណ៍អ្នកដំណើរតាមអាកាសនៅកម្ពុជា។

ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក តាមរយៈសកម្មភាពនានាដូចជាការគាំទ្រដល់ការសិប្បកម្មខ្មែរជាដើម បានរួមវិភាគទានដល់ការធ្វើឱ្យចរាចរណ៍អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានភ្នំពេញ និងសៀមរាប មានចំនួនកើនទ្វេដង និងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍កម្ពុជាទៀតផង។
ក្នុងនាមជាក្បាលម៉ាស៊ីនទាញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន អាកាសយានដ្ឋានអន្តរជាតិទាំងបីបានរួមចំណែករហូតដល់ទៅ ១៧%នៃផ.ស.ស របស់កម្ពុជា ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៥។ មានការងារជាង ១,៧លានការងារ ឬតំណាងឱ្យ២០% នៃកម្លាំងពលកម្មសរុប ដែលពាក់ព័ន្ធនឹងសកម្មភាពរបស់អាកាសយានដ្ឋានអន្តរជាតិទាំងបីនេះ។
ការទទួលវិញ្ញាបនបត្រនិងស្តង់ដា
-វិញ្ញាបនបត្រអាកាសយានដ្ឋាន
វិញ្ញាបនបត្រអាកាសយានដ្ឋាន ជាតម្រូវការចាំបាច់ខ្វះមិនបានសម្រាប់ធ្វើប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាន។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញវិញ្ញាបនបត្រនេះដោយអនុលោមតាមស្តង់ដានិងអនុសាសន៍ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងនិយតកម្មក្នុងស្រុក។
ដើម្បីទទួលបានការបញ្ជាក់ជាប្រតិបត្តិករអាកាសយានដ្ឋានបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាត្រូវបង្ហាញអនុលោមភាពរបស់ខ្លួនឱ្យត្រូវតាមស្តង់ដាអន្តរជាតិទាំងអស់ ដែលសំដៅជាពិសេសលើការផ្តល់សេវាសុវត្ថិភាព និងនីតិវិធីគ្រប់គ្រងដ៏ប្រសើរបំផុត។ ដើម្បីសម្រេចដូច្នេះបាន ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមួយត្រូវបានដាក់ឱ្យដំណើរការ អមជាមួយការធ្វើសវនកម្មលើក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពីសំណាក់មន្ត្រីអធិការកិច្ចនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិល។

–វិញ្ញាបនបត្រ ISO 9001
វិញ្ញាបនបត្រ ISO 9001 សង្កត់ធ្ងន់លើគុណភាព។ ដើម្បីអាចទទួលវិញ្ញាបនបត្រក្រោមស្តង់ដាអន្តរជាតិនេះបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវបំពេញតាមតម្រូវការចាំបាច់ច្រើនលំដាប់រាប់ទាំងតម្រូវការឱ្យមានប្រព័ន្ធគ្រប់គ្រងគុណភាពផងដែរ។
អាកាសយានដ្ឋានទាំងបីដែលគ្រប់គ្រងដោយក្រុមហ៊ុន ត្រូវបានដាក់បញ្ចូលទៅក្នុងស្តង់ដានេះ។ ដើម្បីអាចរក្សាវិញ្ញាបនបត្រនេះបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាត្រូវឆ្លងការពិនិត្យឡើងវិញជារៀងរាល់ឆ្នាំពីសំណាក់ក្រុមហ៊ុន BM Trada ដែលដើរតួជាសវនករឯករាជ្យ។
–វិញ្ញាបនបត្រ ISO 14001
ជាវិធីសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឡើងកំដៅទូទាំងសាកលលោក និងដើម្បីជួយការពារបរិស្ថាន។ ក្រុមហ៊ុនធ្វើការប្ដេជ្ញាដោយស្ម័គ្រចិត្ត ដើម្បីធានាយ៉ាងណាឱ្យរាល់សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនមានភាពស្របតាមបញ្ញត្តិផ្នែកបរិស្ថាន។ ជាមួយគ្នានេះដែរ តាមរយៈប្រព័ន្ធគ្រប់គ្រងបរិស្ថាន សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងជាលក្ខណៈប្រព័ន្ធមួយសំដៅទៅកាត់បន្ថយការប្រើប្រាស់ថាមពល ការបញ្ចេញកាកសំណល់ និងហានិភ័យបំពុលដោយចៃដន្យ។
ការទទួលស្គាល់គុណភាពកាបូនអាកាសយានដ្ឋាន
បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (Airport Council International) ដោយមានគោលបំណងកាត់បន្ថយការបញ្ចេញកាបូន និងបង្កើននិរន្តរភាពរបស់អាកាសយានដ្ឋាន។
VINCI Airports គឺក្រុមហ៊ុនអន្តរជាតិដំបូងគេ ដែលបានដាក់អាកាសយានដ្ឋានទាំងអស់ដែលខ្លួនកំពុងគ្រប់គ្រងនៅក្រោមស្តង់ដាបញ្ជាក់ការបំភាយកាបូនឈ្មោះថា Airport Carbon Accreditation។ យោងលើកម្មវិធី VINCI Airports កាលពីឆ្នាំ២០១៣ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានសម្រេចចិត្តអនុវត្តតាមកម្មវិធីនេះ រហូតទទួលបានការបញ្ជាក់កម្រិត ១ នាពេលនោះ។
ជំហានបន្ទាប់គឺក្រុមហ៊ុននឹងអនុវត្តផែនការសកម្មភាព ដើម្បីកាត់បន្ថយការបំភាយកាបូនដែលមួយផ្នែកធំនឹងអាស្រ័យទៅលើការបន្ថយការប្រើប្រាស់ថាមពល (មានអគ្គិសនី និងប្រេងឥន្ធនៈ)៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ