ព័ត៌មានជាតិ
លោក ស សុខា៖ មន្ត្រីដែលផ្ទេរមកជានគរបាលជាតិ ត្រូវតែចូលរៀនជំនាញនគរបាល
ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ចដល់ មន្ត្រីដែលផ្ទេរពីស្ថាប័នស៊ីវិលមកបម្រើការងារជានគរបាលជាតិ មិនធ្លាប់បានឆ្លងវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល ចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាលឡើងវិញ បើទោះបីជាមានឋានន្តរស័ក្តិ និងមុខតំណែងកម្រិតណាក៏ដោយ។
ការណ៍ដែលតម្រូវឱ្យចូលសិក្សាជំនាញនគរបាលនេះ លោក ស សុខា បញ្ជាក់ថា គឺដើម្បីឱ្យមន្ត្រីទាំងនោះ ទទួលបានកសាងសមត្ថភាពវិជ្ជាជីវៈក្នុងនាមជានគរបាលពេញលក្ខណសម្បត្តិ ស្របនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ ក្នុងពិធីបិទវគ្គ ដែលប្រព្រឹត្តទៅនៅទីតាំងបណ្ឌិត្យសភានគរបាលកម្ពុជា លោកស សុខា ក៏បានក្រើនរំលឹកដល់សិក្ខាកាម និងសិស្សនគរបាលជ័យលាភីទាំងអស់ គប្បីតាំងចិត្តថាជាអ្នកបម្រើប្រជាពលរដ្ឋរាល់គ្រប់សេវា និងធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញរត់មករកនគរបាលនៅពេលមានតម្រូវការ ឬមានបញ្ហាណាមួយ។ លើសពីនេះ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និង មានគុណតម្លៃ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ពីពិធីបិទវគ្គបណ្ដុះបណ្ដាល ដែលរៀបចំឡើងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ស សុខា បានលើកទឹកចិត្តឱ្យមន្ត្រីនគបាលជាតិខិតខំធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មតាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវប្រកប ដោយគុណភាព ទាំងក្នុងក្របខ័ណ្ឌដឹកនាំបញ្ជា និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល និងស្របតាមតម្រូវការជាក់ស្ដែងរបស់អង្គភាពដែលប្រើប្រាស់កងកម្លាំង។ ទន្ទឹមនេះ ក៏ត្រូវសិក្សាគិតដល់ការបំពាក់សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទក្នុងកិច្ចប្រតិបត្តិការ ដើម្បីប្រសិទ្ធ ភាពក្នុងការអនុវត្តតួនាទីភារកិច្ច បម្រើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អប្រសើរផងដែរ។
ទាក់ទងនឹងការបណ្ដុះបណ្ដាលនេះទៀតសោត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានគាំទ្រ និងលើកទឹកចិត្តដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបន្តរក្សាបាននូវកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្ត ពីគ្រប់ភាគីពាក់ព័ន្ធ ដោយផ្អែកលើផែនការ បទប្បញ្ញត្តិ គោលការណ៍ គុណតម្លៃ និងអភិក្រម ៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក ១ គឺការមើលឃើញចំណុចខ្វះខាត។ បន្ថែមលើនេះ បណ្ឌិត្យសភានគរបាលកម្ពុជា គប្បីត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីប្រែក្លាយទៅជាបណ្ឌិត្យសភាឌីជីថល និងគប្បីពិនិត្យឡើងវិញគ្រប់មុខវិជ្ជាបង្រៀន កម្មវិធីសិក្សានានា ក្នុងរយៈពេល២ឆ្នាំម្ដងយ៉ាងយូរ ក្នុងស្មារតីរត់ឱ្យទាន់សភាពការណ៍ជាតិ និងអន្តរជាតិ។
បើតាមរបាយការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា មកដល់ពេលនេះ ថ្នាក់ដឹកនាំនគរបាល ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលរួចរាល់ក្នុងវគ្គសុក្រឹតការ សរុបមានចំនួន៤ជំនាន់ និងមានសិក្ខាកាមចំនួន១០៥១នាក់ ក្នុងនោះនគរបាល ជានារីចំនួន១១២នាក់។ ចំពោះជំនាន់ទី៥ ដែលនឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលនាពេលឆាប់ៗខាងមុខ នឹងមានសិក្ខាកាមប្រមាណ៤០០នាក់។ បន្ទាប់ពីនេះក្រសួងមហាផ្ទៃ នឹងចាត់បញ្ជូនមន្ត្រីនគរបាលជាតិ ដែលពុំទាន់បានឆ្លងកាត់វគ្គជំនាញនគរបាលនៅឡើយនោះ ឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាបន្តបន្ទាប់ទៀត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ