Connect with us

ព័ត៌មានជាតិ

ដីប្រភេទណាចាត់ទុកជាដីធ្លីមិនបានប្រើប្រាស់ ជាប់ពន្ធ?

បានផុស

នៅ

ពន្ធលើដីធ្លីមិនបានប្រើប្រាស់បង្កើតឡើងនៅឆ្នាំ ១៩៨៥ និងបានដាក់ឱ្យអនុវត្តនៅឆ្នាំ ១៩៩៦។ ពន្ធនេះ ជាប្រភេទ​ពន្ធ​ថ្នាក់​ក្រោមជាតិ ដើម្បីថ្នាក់វិការក្រោមជាតិអភិវឌ្ឍថ្នាក់មូលដ្ឋាន។ នេះបើតាមការលើក​ឡើងរបស់លោកលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងអគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងកាលពីពេលកន្លងទៅ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ពន្ធលើដីធ្លីមិនបាន​ប្រើប្រាស់​បង្កើតឡើងក្នុងគោលដៅ មិនឱ្យមនុស្សមួយចំនួនទិញដីមកទុកចោល ដើម្បីដំឡើងថ្លៃ។ មួយវិញទៀត ដើម្បីបង្កើត​ផលិតកម្មឱ្យមានសកម្មភាពសេដ្ឋកិច្ច ចូលរួមចំណែកក្នុងការអភិវឌ្ឍ មានតម្រូវការកម្លាំងកម្មផ្តល់ការងារ​ដល់ពលរដ្ឋ។ លើសពីនេះទៀត ការដាក់ចេញប្រភេទពន្ធនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍដីធ្លីដែលមិនបានប្រើប្រាស់ ឱ្យទៅជាដី​ដែលបានប្រើប្រាស់។

លោកបានបន្តទៀតថា ដីធ្លីដែលមិនបានប្រើប្រាស់មានអត្រាពន្ធ ២ភាគរយ ដែលជាប្រភេទពន្ធត្រូវបង់ប្រចាំឆ្នាំ ដូចពន្ធអចលនវត្ថុដែរ។ មានន័យថា ត្រូវចាប់ផ្តើមបង់ពីថ្ងៃទី ០១ ខែមករា រហូតដល់ថ្ងៃទី ៣០ខែ កញ្ញា បើមិនបង់ពន្ធ ត្រូវទទួលរងទោសពិន័យជាធរមាន។

កន្លងមកម្ចាស់អលចនទ្រព្យដីធ្លីមិនបានប្រើប្រាស់ មិនបានយល់ដឹងថា ដីប្រភេទណាដែលចាត់ទុកថា ជាដីធ្លីមិនបាន​ប្រើប្រាស់នោះទេ។ នេះជាការបន្ថែមរបស់លោក កែន សម្បត្តិ។

ផ្ទុយទៅវិញ បើតាមអគ្គនាយករងពន្ធដារ មានលក្ខខណ្ឌចំនួន៥ ដែលចាត់ទុកថា ជាដីធ្លីដែលបានប្រើប្រាស់ រួមមាន ទី១​ ជាដីស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ដែលម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់អចលនទ្រព្យបានរស់នៅ ចាប់ពី ១៨៣ថ្ងៃ ឬច្រើន​ជាងនេះ ដោយគិតចាប់ពីថ្ងៃទី ០១ ខែតុលានៃឆ្នាំកន្លងមក រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ។ ទី២ ដី ឬអចលនទ្រព្យជួលជាអគារ ឬផ្ទះ ហើយប្រកាសប្រចាំខែនៃការជួល លើស ៨០ភាគរយនៃចំនួន ១ភាគ១២​នៃតម្លៃ​អចលនទ្រព្យ ក្នុងឆ្នាំប្រមូលពន្ធ យកទៅគុននឹង ០.០៨។ បើគណនាលទ្ធផលឃើញតូចជាងតម្លៃដែលប្រកាសប្រចាំខែ មានន័យថា ជាដីដែលបានប្រើប្រាស់ តែបើធំជាងមានន័យថា ជាដីមិនបានប្រើប្រាស់។ ចំណុចទី៣ ជាដីធ្វើសកម្មភាព​សេដ្ឋកិច្ចស្របតាមតំបន់កំណត់របស់រដ្ឋ ដោយមាការដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ឬទេសចរណ៍ ដែលចំណូល​បានពីសកម្មភាពនេះ ទទួលបានលើសពី ៨០ភាគរយ នៃចំនួន ១ភាគ១២នៃតម្លៃដី ក្នុងឆ្នាំប្រមូលពន្ធគណនា​ជាមួយមេគុនដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលទ្ធផលធំជាងអ្វី​ដែលម្ចាស់​អចលនទ្រព្យ​ទទួលបានចំណូលមានន័យថា ត្រូវចាត់ទុកជាដីធ្លីដែលមិនបានប្រើប្រាស់។ ទី៤ បើសិនជាដីនេះ​ជាកម្មសិទ្ធិរបស់រដ្ឋ ជួលទៅឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ហើយស្ថិតនៅក្នុងលក្ខខណ្ឌចំនួនបីខាងលើ ក៏ចាត់ទុកថាជាដីធ្លីបានប្រើប្រាស់ដែរ។ ទី៥ ប្រសិនបើដីស្ថិតនៅក្នុងកិច្ចព្រមព្រៀងវិនិយោគ តែមិនបានប្រើប្រាស់ ដោយសារប្រធានសក្តិ ឬរងគ្រោះ​ដោយប្រ​ការណាមួយ ដូចជាអសន្តិសុខ រងគ្រោះដោយធម្មជាតិ ឬសង្រ្គាម ដោយមានការយល់ព្រមពីក្រសួងជំនាញ នោះគឺមិន​ជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទេ តែបើមិនជាប់ក្នុងលក្ខខណ្ឌនេះទេ ត្រូវតែមានកាតព្វកិច្ចបង់​ពន្ធលើដីធ្លីមិន​បានប្រើប្រាស់។

លោកអគ្គនាយករង បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ ២០០៧មក ដីដែលមិនបានប្រើប្រាស់ គឺត្រូវជាប់ពន្ធដីធ្លីមិន​បានប្រើប្រាស់ទាំងអស់ ទោះដីនោះមានទំហំប៉ុណ្ណាក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម