ព័ត៌មានជាតិ
អាជីវករផ្សារទួលសង្កែតូច អះអាងថា កំឡុងបុណ្យកាន់បិណ្ឌនេះ ការលក់ដូរដាច់ប្រសើរជាងមុនបន្តិច
នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល ១៥ ថ្ងៃនេះ ក្រុមអាជីវករលក់ដូរ បន្លែ ត្រី សាច់ មាន់ ទា និងសាច់ជ្រូក នៅផ្សារទួលសង្កែតូច បានបង្ហាញពីស្ថានភាពមួយល្អប្រសើរជាងថ្ងៃធម្មតា ខណៈកន្លងទៅ ពួកគាត់ អះអាងថា ពុំសូវមានអ្នកដើរផ្សារ ឬ អ្នកទិញនោះទេ។
អ្នកស្រី សុខ ឃឿន អ្នកលក់បន្លែគ្រប់មុខ បានប្រាប់កម្ពុជាថ្មីថា សម្រាប់ពេលឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ ការលក់ដូរមានលក្ខណៈល្អប្រសើរបន្តិច នេះក៏ដោយសារតែសម្បូរមនុស្សដើរផ្សារ និងមានអ្នកទិញ បន្លែ ត្រី សាច់ ដើម្បីយកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅតាមបណ្ដាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាវត្តអារាមផ្សេងៗ តាមជាយក្រុងជាដើម…។
អ្នកស្រី សុខ ឃឿន បន្ថែមថា កាលដើមឡើយ ថ្ងៃធម្មតា អ្នកស្រី ត្រូវសល់បន្លែជាច្រើនដែលលក់មិនអស់ នាំឲ្យ អ្នកស្រី ខាតដើម មិនសូវចំណេញច្រើនដូចកាលពីកន្លងមក។ ជាក់ស្ដែងប៉ុន្មានថ្ងៃនេះ អ្នកស្រី សង្កេតឃើញថា ការលក់ដូររបស់អាជីវករទាំងអស់នៅក្នុងផ្សារទួលសង្កែតូច មានលក្ខណៈប្រសើរ ខណៈអ្នកស្រីផ្ទាល់ អាចលក់បន្លែគ្រប់មុខរួមមាន ៖ ត្រសក់ ស្ពៃក្ដោប ចេកទុំ និងសណ្ដែកគួរ ជាដើម បានជាង ១០០ គីឡូក្រាម ហើយអាចចំណេញប្រាក់ជាង ១៥ ម៉ឺនរៀល ក្នុងមួយថ្ងៃ ទៀតផង។
អ្នកស្រី បន្តទៀតថា ប្រសិនបើការលក់ដូរបានដូចថ្ងៃបុណ្យទានបែបនេះ អ្នកស្រី សង្ឃឹមថា អាជីវករទាំងអស់ នឹងសប្បាយចិត្ត ព្រោះអាចប្រកបរបរលក់ដូរចិញ្ចឹមគ្រួសារបានល្អប្រសើរ មិនពិបាកដូចពេលបោះឆ្នោតហើយនោះ។
ចំណែក លោក ម៉ៅ ម៉ាប់ អាជីវករលក់សាច់ជ្រូកខ្មែរ នៅផ្សារទួលសង្កែតូច ក៏បានប្រាប់កម្ពុជាថ្មីដែរថា នាឱកាសពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ ការលក់សាច់ជ្រូករបស់លោក គឺដាច់បានច្រើនគួរសម។ លោកបង្ហាញថា ១ ថ្ងៃ អាចលក់បានសាច់ជ្រូក ១ ក្បាល ទៅ ២ ក្បាល ដោយក្នុង ១ ក្បាល មានទម្ងន់ជាង ៥៦ គីឡូក្រាម។
លោក ម៉ៅ ម៉ាប់ បន្ថែមថា កាលពីមុន សាច់ជ្រូករបស់លោក អាចលក់បានត្រឹមតែ ១ ក្បាល ប៉ុណ្ណោះ។ ត្បិត សាច់ជ្រូក ១ ក្បាល អាចចំណេញបានត្រឹមតែ ១៥ ម៉ឺនរៀល ទៅ ២០ ម៉ឺនរៀល ប្រសិនបើលក់អស់ជ្រូក ១ ក្បាល ទើបអាចចំណេញបានប្រាក់ជាង ២០ ម៉ឺនរៀល។
អាជីវករលក់សាច់ជ្រូកខ្មែរ រូបនេះ បានស្នើដល់រដ្ឋាភិបាលអាណត្តិថ្មី ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមជួយគិតគូរដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក និងអ្នកលក់ដូរទាំងអស់ ធ្វើយ៉ាងណាជួយសម្រួលឲ្យពួកគាត់បានប្រកបរបរទាំងអស់នេះបានលក្ខណៈមួយល្អប្រសើរជាងឆ្នាំមុនៗ ផងចុះ។
ជាមួយគ្នានេះ លោក សៅ តារា អ្នកលក់ និងបោះដុំប្រហិត នៅផ្សារទួលសង្កែ ក៏យល់ឃើញដូចអាជីវករផ្សេងៗទៀតដែរថា ការលក់ដូរក្នុងផ្សារនាពេលថ្ងៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ មានលក្ខណៈមួយដែលជារឿងល្អ សម្រាប់អាជីវករគ្រប់គ្នា។
លោក សៅ តារា បញ្ជាក់ថា មុខរបរលក់ និងបោះដុំប្រហិតរបស់លោកមានអតិថិជនមកទទួលទិញទៅលក់បន្តទៀត បានជាងចន្លោះពី ៥០ គីឡូក្រាម ទៅ ៨០ គីឡូក្រាម ក្នុង ១ ថ្ងៃ។ លោកបន្ថែមថា ជារៀងរាល់ឆ្នាំ ថ្ងៃបុណ្យទាន ឬ បុណ្យប្រពៃណីផ្សេងៗ ការលក់ដូររបស់អាជីវករទាំងអស់ តែងតែលក់បានក្នុងកម្រិតមួយដែលចាត់ទុកថាជាលក្ខណៈប្រសើរសម្រាប់អាជីវករទូទៅ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា