Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ៖ ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣គឺជាការបង្ហាញអំពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា

បានផុស

នៅ

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាលើដំណើរការ និងគោលបំណងនៃការរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងមានតំណាងមកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣របស់កម្ពុជា បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តទទួលការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលនេះបានបង្ហាញពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាតអន្តរជាតិ ស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)។

សន្និសីទសកលនេះ ធ្លាប់ប្រារព្ធចំនួន២លើក គឺលើកទី១/.ប្រទេសកូឡុំប៊ី ឆ្នាំ២០១៤ និងលើកទី២/. ប្រទេសហ្សកដានី ក្នុងឆ្នាំ២០១៩។ ចំណែកឯលើកទី៣នេះ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកលនៃសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីជាម្ចាស់ផ្ទះ។

ទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា សន្និសីទសកល មានគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាពអូស្លូក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្តល់វេទិកាជូនរដ្ឋភាគីនៃអនុសញ្ញាធ្វើការរាយការណ៍ពីវឌ្ឍនភាព ក៏ដូចជាក្លាយជាវេទិកាមួយសម្រាប់អ្នកតំណាងសហគមន៍ដែលរងផលប៉ះពាល់ ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ជនមានពិការភាព អ្នកចូលរួមអនុវត្ត តំណាងរដ្ឋភាគី និងសង្គមស៊ីវិល បង្ហាញពីដំណើរនៃកិច្ចសហប្រតិបត្តិការ ស្មារតីរួបរួមគ្នា មេត្តាធម៌ និងការប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដែលជួបប្រទះក្នុងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងកាតព្វកិច្ចដែលលើសពីការងារបោសសម្អាតមីន។

ជាងនេះទៅទៀត បទពិសោធន៍ និងទស្សនៈល្អៗ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេសចូលរួម។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានសង្កត់ធ្ងន់បន្ថែមទៀតថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងឆ្នាំ២០២៤ នឹងផ្តោតលើការងារអាទិភាពសំខាន់ៗចំនួន ៤ រួមមាន៖

១. ការពង្រឹងបទដ្ឋាន លើកកម្ពស់សកលភាវូបនីយកម្ម និងបន្តការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តអនុសញ្ញា។

២. អនុវត្តមាត្រា៥នៃអនុសញ្ញា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋភាគី និងរដ្ឋភាគី ដែលរងផលប៉ះពាល់ដោយសារមីន ក្នុងតួនាទីផ្តល់ជំនួយ និងការបង្កើនមូលនិធិ តាមរយៈភាពជាដៃគូក្នុងវិស័យឯកជន។

៣. ជំរុញការផ្លាស់ប្តូរក្នុងការអនុវត្តវិធីសាស្រ្ត និងបច្ចេកវិទ្យាដែលល្អបំផុត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការសកម្មភាពមីន តាមរយៈកិច្ចសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង ទាំងទ្វេភាគី ត្រីភាគី និងពហុភាគី។

៤.ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគ្រោះថ្នាក់បន្ថែមទៀត និងកិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងទៀត ដើម្បីធានាបាននូវការគាំទ្រប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដល់អ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារមីនប្រឆាំងមនុស្ស រួមទាំងគំនិតផ្តួចផ្តើមដែលកើតចេញពីសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គឺជាការបង្ហាញអំពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សាស្តីពីធាតុសំខាន់ៗនៃកិច្ចសង្គ្រោះជនរងគ្រោះក្រោមក្របខណ្ឌនៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាបានក្លាយជារដ្ឋភាគីក្នុងឆ្នាំ២០០០។

ក្នុងកិច្ចពិភាក្សានោះ កម្ពុជាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែទាំ ការស្តារនីតិសម្បទា និងការបញ្ចូលជនរងគ្រោះទៅក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួនសំដៅជួយទ្រទ្រង់ដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងលើកកម្ពស់សិទ្ធិរបស់ជនរងគ្រោះ ព្រមទាំងបានផ្តល់សច្ចាប័នដល់អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលបានចូលជាធរមានក្នុងឆ្នាំ២០១៣។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតគូរយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ចក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប ការពង្រីកអាជីព និងមុខរបរដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យជូនមានពិការភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៩ នាទីutes មុន

បង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៣៣នាក់

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម