ព័ត៌មានជាតិ
លោក ប៉ែន បូណា អំពាវនាវឲ្យបញ្ឈប់ការប្រើរូបភាពហិង្សា រូបភាពបំពានសិទ្ធិបុគ្គលឯកជន នៅលើសារព័ត៌មាន ឬបណ្តាញសង្គម
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពាន លើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមតទៅទៀត។ ការអំពាវនាវនេះ គឺតាមរយៈសំណេរនៅលើហ្វេសប៊ុករបស់លោក ដើម្បីឆ្លើយតបទៅនឹងអត្ថបទព័ត៌មានមួយរបស់សារព័ត៌មាន The Cambodia Daily Khmer ដែលមានចំណងជើងថា «សាធារណជន រិះគន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា រឿងចោរឆក់ប្លន់ឃាតកម្ម និងក្មេងទំនើង ជារឿងកំប៉ិកកំប៉ុក»។
តាមរយៈគណនីហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣នេះ លោក ប៉ែន បូណា បានសរសេរថា កាលពីពេលថ្មីៗនេះ លោកបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានកម្ពុជាថ្មី ដោយនិយាយថា នៅស្រុកគេពិសេសប្រទេស ជឿនលឿន សារព័ត៌មានមិនយករឿងចោរលួច ចោរប្លន់ម៉ូតូ រឿងក្មេងទំនើងវ៉ៃគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍ ឬឃាតកម្ម ហិង្សាមកធ្វើជារឿងសំខាន់ ហើយពង្រីកដាក់លើទំព័រមុខទេ។
លោកថា គេច្រើនសរសេរជារឿងខ្លីៗ ដាក់នៅទំព័រខាងក្នុងតែប៉ុណ្ណោះ ដោយមិនប្រើរូបថតទេ លើកលែងតែករណីនោះជារឿងធំ ពាក់ព័ន្ធបុគ្គលល្បីៗ ទើបគេសរសេរវែង តែគេត្រូវគោរពក្រមសីលធម៌ខ្ពស់ណាស់ ពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពអំពើហិង្សា ឬឃាតកម្មជាដើម ពីព្រោះគេគិតពីផលប៉ះពាល់អវិជ្ជមានផ្សេងៗ និងការគោរពសិទ្ធិបុគ្គលឯកជន។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរបន្តថា «ក្រមសីលធម៌បែបនេះនរណាក៏ដឹងដែរ ជាពិសេសបញ្ញវន្តអ្នករៀនសូត្រចេះដឹង និងអ្នកសារព័ត៌មាន។ ចុះហេតុអ្វីបានជាសារព័ត៌មានខ្លះ មិនយល់រឿងនេះ? តើសកម្មជនសិទ្ធិមនុស្សរូបណា ដែលចង់ឃើញរូបភាពហិង្សា ខ្វះការគោរពសិទ្ធិបុគ្គលឯកជន ខ្វះក្រមសីលធម៌វិជ្ជាជីវៈ នៅលើទំព័រមុខសារព័ត៌មាន»?
លោក ប៉ែន បូណា បានសរសេរបន្តថា អ្នកសារព័ត៌មាន The Cambodia Daily Khmer ដែលសរសេរអត្ថបទនេះទៀតសោត មិនបានផ្ទៀងផ្ទាត់ថាតើសម្តីដើមរបស់លោក ចង់និយាយពីអ្វី និងក្នុងបរិបទអ្វីនោះឡើយ។ នេះជាភាពខ្សត់ខ្សោយខាងវិជ្ជាជីវៈដោយគ្រាន់តែលឺគេថា ហើយបន្ថែមល្បោយខ្លួនឯងតុបតែង បានជាសាច់រឿងមួយវែងអន្លាយ ដើម្បីវាយប្រហារអ្នកដទៃ ឬវាយប្រហារលើរាជរដ្ឋាភិបាល។
កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣កន្លងទៅនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បញ្ហាអសន្តិសុខសង្គមដូចជាករណីចោរលួចចោរប្លន់, ឃាតកម្ម, ក្មេងទំនើង ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ គឺជារឿងធម្មតាដែលប្រទេសណាក៏កើតមានដែរ ដោយប្រទេសខ្លះកើតមានតិច និងប្រទេសខ្លះកើតមានច្រើន ហើយមិនអាចជៀសផុតឡើយ។
មានប្រសាសន៍របស់លោក ប៉ែន បូណា ខាងលើនេះ បន្ទាប់ពីកាលពេលថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា សម្រាប់ហេតុការណ៍អសន្តិសុខនៅក្នុងសង្គមមួយចំនួនដូចជាករណីចោរកម្ម, ឃាតកម្ម, ក្មេងទំនើង, ឬករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម មិនគួរបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មានច្រើននោះទេ ព្រោះវានឹងប៉ះពាល់ដល់វិស័យទេសចណ៍របស់កម្ពុជា។
លោកបន្តថា នៅប្រទេសដទៃ ជាពិសេសនៅប្រទេសជឿនលឿន ដែលលោកធ្លាប់បានទៅរៀនសូត្រអំពីវិស័យសារព័ត៌មាននោះ គឺពួកគេចាត់ទុកបញ្ហាអសន្តិសុខសង្គមខាងលើនេះ ជារឿងកំប៉ិចកំប៉ុកដែលគេមិនចាប់អារម្មណ៍ យកមកសរសេរលាតត្រដាងជារឿងធំ ដូចនៅប្រទេសកម្ពុជាឡើយ។ បើគេសរសេរយ៉ាងច្រើ ២ ទៅ ៣ ឬ ៥បន្ទាត់ ដោយមិនទាំងដាក់រូបភាពផង លើកលែងតែករណីធំៗ ដែលកើតឡើងម្ដងម្កាលតែប៉ុណ្ណោះ។
លោក ប៉ែន បូណា បានបន្ថែមថា «ប៉ុន្តែរឿងអសន្តិសុខបន្តិចបន្តួចហ្នឹង គឺគេអត់ផ្សាយជារឿងធំទេ នេះគឺជាក្រមសីល ធម៌ផង ហើយនិងជាការគោរពដល់សិទ្ធិបុគ្គលឯកជន ឬមួយយើងរក្សាមុខមាត់របស់ប្រទេសផង ដែលអ្នកសារព័ត៌មានម្នាក់ៗហ្នឹង ត្រូវតែមានអាហ្នឹង»។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ៩ ខែតុលាដដែលនេះ លោក ប៉ែន បូណា បានបញ្ជាក់ជំហរជាថ្មីក្នុងនាមជាអ្នកធ្លាប់ ប្រឡូកក្នុងអាជីពជាអ្នកសារព័ត៌មាន ៣០ឆ្នាំហើយ ដែលបានរួមចំណែកក្នុងការកាត់បន្ថយរូបភាពហិង្សា លើទំព័រសារព័ត៌មានក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ថា សូមបញ្ឈប់ការប្រើប្រាស់រូបភាពហិង្សា រូបភាពដែលបំពានលើសិទ្ធិបុគ្គលឯកជន នៅលើទំព័រសារព័ត៌មាន ឬលើបណ្តាញសង្គមតទៅទៀត ពីព្រោះវាមានផលប៉ះពាល់អវិជ្ជមានច្រើនយ៉ាងណាស់៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល