ព័ត៌មានជាតិ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល
នៅក្នុងសម័យប្រជុំ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គប្រជុំ បានសម្រេចស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល ជំនួសលោកប្រធានចាស់ គឺលោក ឌិត មន្ទី។

ការស្នើតែងតាំងនេះ គឺបន្ទាប់ពីលោក ជីវ កេង ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចេញលិខិតបង្គាប់តែង តាំងជាប្រធានស្ដីទីតុលាការកំពូល ជាបណ្ដោះអាសន្ន ជំនួសលោក ឌិត មន្ទី ដែលបានប្រកាសលាលែង។ មុនការស្នើតែងតាំងនេះ លោក ជីវ កេង មានតួនាទីជាអនុប្រធានតុលាការកំពូល ហើយលោកក៏ធ្លាប់ធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំ លើកទី៣៧ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន ៧។

សេចក្ដីប្រកាសព័ត៌មាន ក្រោយកិច្ចប្រជុំនេះ បានឱ្យដឹងថា របៀបវារៈទី១ នៃសម័យប្រជុំនេះ គឺពិនិត្យ សម្រេច តែងតាំងប្រធានតុលាការកំពូល និងការពិនិត្យ សម្រេច អំពីការផ្ទេរ តែងតាំង ប្រធាន-អនុប្រធាន និងចៅក្រម មួយចំនួន។ ជាលទ្ធផល អង្គប្រជុំបានសម្រេចយល់ព្រមស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល និងការផ្ទេរតែងតាំងមុខតំណែងប្រធាន-អនុប្រធាន និងចៅក្រម ចំនួន ៤៧រូបផ្សេងទៀត នៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។
សម្រាប់របៀបវារៈផ្សេងៗទៀត ត្រូវបានអង្គប្រជុំនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ផ្តល់យោបល់យល់ព្រមលើសំណើផ្ទេរ និងតែងតាំងមុខតំណែងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបចំនួន ២៥រូប នៅមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។ ក្នុងនោះ អង្គប្រជុំ បានសម្រេចអនុញ្ញាតឱ្យលោកស្រី រស់ បូផាណា ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ហើយអង្គប្រជុំ ក៏បានសម្រេចអនុញ្ញាតឱ្យលោក អ៊ុត សម្ផស្ស ចូលបំពេញមុខងារជាចៅក្រម នៅអង្គភាពដើមវិញ និងស្នើតែងតាំងមុខតំណែងជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។

អង្គប្រជុំរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាព្រឹកមិញនេះ ថែមទាំងបានសម្រេចយល់ព្រមលើសំណើសុំតាំងស៊ប់ចំពោះចៅក្រមកម្មសិក្សាចំនួន៤០រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុចៅក្រម ថ្នាក់លេខ៤ នៃក្របខណ្ឌចៅក្រម គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នឹងចាត់ឱ្យទៅបំពេញការងារនៅសាលាដំបូងរាជធានី-ខេត្ត។ ទន្ទឹមនេះ អង្គប្រជុំ បានផ្តល់យោបល់យល់ព្រមលើសំណើសុំតាំងស៊ប់ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ១៦រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុព្រះរាជអាជ្ញា ថ្នាក់លេខ៤ នៃក្របខណ្ឌព្រះរាជអាជ្ញា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ និងចាត់ឱ្យទៅបំពេញការងារនៅអយ្យការ អមសាលាដំបូងខេត្ត។
ដោយយោងទៅលើការចាំបាច់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទូលស្នើសុំអង្គប្រជុំ ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើការស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សាចំពោះសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១០ ចំនួន៥៥រូប ដោយក្នុងនោះមាន សិស្សចៅក្រមចំនួន៣៥រូប និងសិស្សព្រះរាជអាជ្ញាចំនួន២០រូប។ ជាលទ្ធផល អង្គប្រជុំបានឯកភាពយល់ព្រមស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សា និងចាត់ឱ្យទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី