ព័ត៌មានជាតិ
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាតួអង្គដ៏សំខាន់ក្នុងការពិនិត្យ តាមដានស្ថានភាព នៃវិស័យទាំងនេះ
ថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពង្រឹងតួនាទីជា «សេនាធិការ គោលនយោបាយ» របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេល។ ក្រុមប្រឹក្សានេះ ជាតួអង្គដ៏សំខាន់ក្នុងការពិនិត្យ តាមដាន ការវិវត្ដ នៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សរសេរកាត់ ក.ស.វ ឬជាភាសាអង់គ្លេស ECOSOCC ត្រូវរាជរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនៅឆ្នាំ២០០៩ ដែលជាយន្តការអមទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ តាមដាន ការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម ក៏ដូចជាពិនិត្យលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ដនានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយលើកយោបល់ជូនរាជរដ្ឋាភិបាល។
ដំបូងឡើយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវបានស្គាល់ចាប់ពីឆ្នាំ១៩៩៦ នៃរាជរដ្ឋាភិបាល នីតិកាលទី១ ដែលកាលនោះ ត្រឹមជា «ក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។ រយៈពេលប្រមាណ ១៣ឆ្នាំ កន្លងមក ក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានបំពេញការងារយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពតាមភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ដូចជា ការតាមដានប្រចាំខែនៃការវិវត្ដស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិនិត្យ និងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ដនានា រួចលើកយោបល់ជូនរាជរដ្ឋាភិបាល។
យោងតាមសមិទ្ធិផល ដែលទទួលបាន និងភារកិច្ចយ៉ាងច្រើនត្រូវបំពេញ រាជរដ្ឋាភិបាល ក៏បានប្រែក្លាយ «ក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» នេះ ទៅជាយន្តការ «ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដោយព្រះរាជក្រឹត្យលេខ នស/រកត ០២/០៩/១៧៣ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៩។
ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានសហការយ៉ាងជិតសិទ្ធជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈកិច្ចប្រជុំជំនាញបច្ចេកទេស ដោយមានតំណាងក្រសួងសាមីចូលរួម មុននឹងបញ្ជូនឯកសារទៅកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ បន្ដ។
អតីតឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សម្ដេចវិបុលបញ្ញា សុខ អាន បានប្រដូចក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងក្រុមប្រឹក្សាអ្នកច្បាប់ ទៅនឹងស្លាបឆ្វេង និងស្លាបស្ដាំ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្រុមប្រឹក្សាទាំងពីរនេះ គឺជាតួអង្គយ៉ាងសំខាន់ទ្រទ្រង់ដល់រាជរដ្ឋាភិបាលក្នុងបេសកម្មបម្រើជាតិមាតុភូមិប្រកប ដោយជោគជ័យ។
ព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានបញ្ញត្តិយ៉ាងច្បាស់នូវមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សានេះ ជាអាទិ៍៖ ពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលវិវត្តប្រចាំខែ និងប្រចាំឆ្នាំ ដោយប្រមូលទិន្នន័យ-ព័ត៌មានពីបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ហើយវិភាគរកមូលហេតុ រួចធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល សិក្សាស្រាវជ្រាវលើប្រធានបទដែលជាបញ្ហាប្រឈមសំខាន់ៗលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជះឥទ្ធិពលលើការអភិវឌ្ឍប្រទេស និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានភារកិច្ចចុះអង្កេតស្ដីពីប្រធានបទពិសេស ដែលរាជរដ្ឋាភិបាល ឬទីស្ដីការគណៈរដ្ឋមន្រ្តីប្រគល់ឱ្យ លើកយោបល់ជូនរាជរដ្ឋាភិបាលរាល់វិធានការដោះស្រាយចាំបាច់នានាសម្រាប់ឆ្លើយតបទៅនឹងស្ថានភាពវិវត្ត និងបញ្ហាប្រឈមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយព្យាករណ៍ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលអាចកើតមានឡើងនាពេលអនាគត រួចផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល។
ទន្ទឹមនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏មានភារកិច្ចពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋាន គតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព របាយការណ៍ កិច្ចព្រងព្រៀង និងឯកសារផ្សេងៗទៀត ដែលបណ្ដាក្រសួងស្ថាប័នដាក់ស្នើសុំសេចក្ដីសម្រេចពីរាជរដ្ឋាភិបាល ហើយចងក្រងទិន្នន័យ និងព័ត៌មានវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រួមទាំងឯកសារលិខិតបទដ្ឋានគតិយុត្តនានា តាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មាន។ ក្រុមប្រឹក្សានេះ ត្រូវសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នរដ្ឋ សង្គមស៊ីវិល ផ្នែកឯកជន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍ ដើម្បីផ្លាស់ប្ដូរបទពិសោធ ទិន្នន័យ-ព័ត៌មាន រៀបចំសិក្ខាសាលា និងផ្ដល់បទបង្ហាញលើប្រធានបទសំខាន់ៗពាក់ព័ន្ធវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រី មានសមាសភាពជាថ្នាក់ដឹកនាំ សមាជិក សមាជិកអចិន្ត្រៃយ៍ សមាជិកមិនអចិន្ត្រៃយ៍ ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស រួមទាំងអគ្គលេខាធិការ និងអគ្គេលេខាធិការរង សរុបប្រមាណជាង ៨០រូប។ នៅក្នុងនោះ លោកបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជំនួសប្រធានចាស់ លោក យឹម ណុលឡា៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ