ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងជួបថ្នាក់ដឹកនាំចិន និងក្រុមហ៊ុនវិនិយោគចិនចំនួន ៨ ក្នុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងជួបសម្ដែងការគួរសម និងជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំចិនសំខាន់ៗ ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគចិនចំនួន ៨ផងដែរ នៅក្នុងដំណើរទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ នៅប្រទេសចិន។
នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣នេះ តបតាមការអញ្ជើញរបស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងដំណើរចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីសំខាន់ៗមួយចំនួន ដូចជា៖ អញ្ជើញចូលរួមពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ និងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាកម្រិតខ្ពស់ក្រោមមូលបទ «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។
ក្នុងនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, ជំនួបទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន, ជំនួបជាមួយលោក ឆាយ លី សមាជិកគណៈអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មការមជ្ឈឹមបក្សកុម្មុយនីចិន និងជាប្រធានការិយាល័យទូទៅ នៃគណៈកម្មការមជ្ឈឹមបក្សកុម្មុយនីចិន។
បន្ទាប់ទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយលោក Vo Van Thuong ប្រធានរដ្ឋវៀតណាម, ជំនួបសម្ដែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ។ ក្រៅពីនេះទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបសម្ដែងការគួរសមជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនវិនិយោគចិនមួយចំនួនផងដែរ។
ក្រុមហ៊ុនវិនិយោគទាំងនោះ រួមមាន៖ លោក ខាង ហ៊ូពាវ ប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មការនាយកក្រុមហ៊ុន អ៊ីនធើតិច អ៊ីនធើណាលស៊ិនណល, លោក ចូវ ឡី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឆៃណា តាថាង, លោកស្រី ឆាន់ ឡាយ វ៉ា ប្រធានក្រុមហ៊ុន វ៉ូហ្វា អ៊ីធើណាលស៊ិនណល គ្រុប, លោក កឺ ហាយចាវ ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន, លោក ចាង ស៊ាវលុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីណូម៉ាក់, លោក ហ្សឺភីង អគ្គនាយករងជាន់ខ្ពស់ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធចម្រើនភូមិផាន់ ហៅកាត់ថា ស៊ីភី, លោក លី ឃ័រ ប្រធានក្រុមហ៊ុន ឆៃណា គ្រុប និងលោក វ៉ាង ជាវភីង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាជីវកម្មសំណង់ និងផ្លូវដែកចិន។
សូមជម្រាបដែរថា បន្ទាប់ពីបញ្ចប់កម្មវិធីនៅប្រទេសចិន ដោយតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបន្តដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ី សាអូឌីត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។ តាមគម្រោង សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា