កីឡា
តើក្រុមកម្ពុជាខាតប្រយោជន៍អ្វីខ្លះពីការធ្លាក់ជម្រុះ World Cup ជុំទី១?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានខាតប្រយោជន៍ច្រើនពីបរាជ័យត្រឹមវគ្គជម្រុះបឋម ជើងឯកពិភពលោកឆ្នាំ២០២៦ (FIFA World Cup) បន្ទាប់ពីចាញ់ជម្រើសជាតិប៉ាគីស្ថានដោយលទ្ធផលទាំងពីរជើង ០-១។
តាមការគិតក្រៅផ្លូវការ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹង ធ្លាក់ចុះពិន្ទុ និងតារាងចំណាត់ថ្នាក់ FIFA Ranking បាត់បង់ប្រាក់ចំណូលពីការរៀចំការប្រកួតអន្តរជាតិ គ្មានកម្មវិធីប្រកួតសំខាន់ៗរយៈពេលវែង និងខ្វះឱកាសប្រកួតប្រជែងជាមួយក្រុមកខ្លាំងៗដើម្បីអភិវឌ្ឍក្រុម ក៏ដូចជាអាចប៉ះពាល់ដល់ពិន្ទុរបស់ក្លិបបាល់ទាត់អាជីពនៅកម្ពុជាពាក់ព័ន្ធនឹងគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីជាដើម។
មិនកើនឡើងពិន្ទុ FIFA Ranking
បន្ទាប់ពីស្មើ និងចាញ់ប៉ាគីស្ថាន ក្នុងការប្រកួតផ្លូវការនៃវគ្គជម្រុះបឋម ជើងឯកពិភពលោក ឆ្នាំ២០២៦ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងមិនឡើងពិន្ទុឡើយ។ ផ្ទុយទៅវិញ ក្រុមកម្ពុជានឹងថយចុះពិន្ទុ។ បច្ចុប្បន្ននេះ កម្ពុជាមាន៩៤៩ពិន្ទុ នៅពីលើឡាវ (៩០០ពិន្ទុ) ព្រុយណេ (៨៨៨ពិន្ទុ) និងទីម័រខាងកើត (៨៦០ពិន្ទុ)។
តាមប្រព័ន្ធរបស់ FIFA គឺគិតពិន្ទុលើការប្រកួត ដោយឈ្នះ១ប្រកួត ទទួលបាន៣ពិន្ទុ តែបើឈ្នះដោយប៉េណាល់ទីទទួលបាន២ពិន្ទុ ស្មើ១ប្រកួត ទទួលបាន១ពិន្ទុ ខណៈចាញ់១ប្រកួតមិនទទួលបានពិន្ទុ។ ពិន្ទុក៏គិតទៅលើការប្រកួតក្នុងព្រឹត្តិការណ៍សំខាន់យ៉ាងណា មិត្តភាព និងដៃគូប្រកួតខ្លាំង ខ្សោយ និងតារាងចំណាត់ថ្នាក់យ៉ាងណា។
ធ្លាក់ចំណាត់ថ្នាក់ FIFA Ranking
ក្នុងខែតុលានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់១៧៧ ក្នុងតារាងពិភពលោក និងលេខ៣៦នៅតំបន់អាស៊ី ហើយលេខ៨នៅតំបន់អាស៊ាន។ កម្ពុជាស្ថិតនៅលើ ឡាវ (១៨៦) ព្រុយណេ (១៩១) និង ទីម័រខាងកើត (១៩២)។ ដោយសារចាញ់ ប៉ាគីស្ថាន ដែលមានចំណាត់ថ្នាក់ទាបជាងខ្លួន ដូច្នេះការធ្វើបច្ចុប្បន្នភាពប្រចាំខែ កម្ពុជាអាចនឹងធ្លាក់ចុះតារាងចំណាត់ថ្នាក់ខ្លះ។
អាចប៉ះពាល់ពិន្ទុក្លិបនៅ AFC
មិនត្រឹមតែប៉ះពាល់ដល់ពិន្ទុ និងតារាងចំណាត់ថ្នាក់នៅ FIFA Ranking ប៉ុណ្ណោះទេ ការបាត់បង់ឱកាសឡើងទៅជុំទី២ ជម្រុះជើងឯកពិភពលោក ឆ្នាំ២០២៦ របស់ក្រុមជម្រើសជាតិកម្ពុជាក៏ប្រហែលជាអាចប៉ះពាល់ដល់លក្ខខណ្ឌ និងតម្រូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដល់ក្លិបបាល់ទាត់អាជីពនៅកម្ពុជាទៀតផង។ ស្របពេល AFC គ្រោងដាក់ឲ្យក្លិបបាល់ទាត់នៅកម្ពុជាទៅលេងពានរង្វាន់លំដាប់ទី៣ AFC Challenge League នៅឆ្នាំខាងមុខ ខណៈគិតត្រឹមឆ្នាំ២០២៣ ភ្នំពេញក្រោន តំណាងឲ្យក្លិបកម្ពុជាកំពុងលេងនៅពានរង្វាន់លំដាប់ទី២ AFC Cup។
បាត់ប្រាក់ចំណូល
កម្ពុជាបាត់បង់ឱកាសធ្វើម្ចាស់ផ្ទះ៣ប្រកួតក្នុងវគ្គជម្រុះជុំទី២ វគ្គជម្រុះក្នុងពូលដែលមាន៣ប្រទេសផ្សេងទៀតត្រូវមកប្រកួតនៅទឹកដីកម្ពុជា បន្ទាប់ពីចាញ់ប៉ាគីស្ថាន។ ដូច្នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង់ប្រាក់ចំណូលយ៉ាងច្រើនរួមមាន ប្រាក់ចំណូលពីម្ចាស់ឧបត្ថម្ភកម្ពុជា ប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនា និងប្រាក់ចំណូលប្រភពផ្សេងៗទៀត។
គ្មានកម្មវិធីប្រកួតអន្តរជាតិយូរ
បន្ទាប់ពីធ្លាក់ជម្រុះបឋម ជើងឯកពិភពលោក ឆ្នាំ២០២៦ ត្រឹមខែតុលា ឆ្នាំ២០២៣ ក្រុមកម្ពុជាមិនសូវមានកម្មវិធីប្រកួតសំខាន់ៗឡើយនាប៉ុន្មានខែខាងមុខ។ ស្របពេលជើងឯកអាស៊ាន AFF Championship រៀបចំការប្រកួតពីរឆ្នាំម្តង ហើយមិនមានការប្រកួតទេនៅចុងឆ្នាំ២០២៣នេះ ដូច្នេះត្រូវចាំរហូតពាក់កណ្តាល ឬចុងឆ្នាំ២០២៤ទើបមានការប្រកួតជម្រុះ AFC Asian Cup 2027 និងការប្រកួតជើងឯក AFF Cup។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ក្រុមកម្ពុជាភាគច្រើននឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ឬពានរង្វាន់អន្តរជាតិដែលរៀបចំខ្លួនឯង ឬប្រទេសផ្សេងអញ្ជើញចូលរួមប្រកួត។
បាត់ឱកាសពង្រឹងសមត្ថភាពជាមួយក្រុមខ្លាំង
ដឹងស្រាប់ហើយ បើបានឡើងជុំទី២ World Cup 2026 ការប្រកួតជម្រុះក្នុងពូលសុទ្ធតែជាក្រុមខ្លាំងៗមកពីតំបន់អាស៊ីដែលជាឱកាសសម្រាប់ការប្រកួតប្រជែងជាមួយក្រុមខ្លាំងដើម្បីពង្រឹងសមត្ថភាព និងបទពិសោធបន្ថែមទៀត ពីកម្របានជួបនឹងក្រុមខ្លាំងៗណាស់។ បើទោះបីជាចង់ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំងៗ ពួកគេប្រហែលជាមិនចង់ប្រកួតជាមួយក្រុមដែលមានកម្រិតទាបជាងខ្លួនឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ