ព័ត៌មានជាតិ
ប្រធានាធិបតីចិន ឯកភាពតាមគំនិត សម្ដេចធិបតី យកឆ្នាំ២០២៤ ជាឆ្នាំបង្កើនប្រយោជន៍រួមកម្ពុជា-ចិន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានឯកភាពបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅមហាវិមានប្រជាជន ក្នុងទីក្រុងប៉េកាំង ។
ថ្នាក់ដឹកនាំកម្ពុជា-ចិន បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេស តាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត “ច្រករបៀងមច្ឆា និងអង្ករ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា”។ មួយវិញទៀត ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាពដែកថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយក្នុងនោះលោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។
ក្នុងជំនួបដដែលនេះ លោក ស៊ី ជីនពីង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីចិន ក៏បានសម្តែងការពេញចិត្តចំពោះការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពល្អជិតស្និទ្ធរវាងចិន-កម្ពុជា ហើយប្រទេសចិនក៏នៅតែប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
ជាមួយគ្នានេះ សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនៃ “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” ស្របពេលនៃខួបគម្រប់ ១០ ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ ព្រមជាមួយនឹងការអរគុណចំពោះការយកចិត្តទុកដាក់ទទួលស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធីបើកនៃព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នៅក្នុងទីក្រុង Hangzhou ។
ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតី ស៊ី ជីនពីង សាជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីខែកញ្ញា កន្លងទៅ។ សម្ដេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ លោកប្រធានាធិបតី ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ