ព័ត៌មានជាតិ
លោកស្រី អ៊ឹង កន្ថាផាវី ផ្តាំដល់សិស្សសាលាកុំលេងហ្គេមលើសពី ២ម៉ោង ក្នុងមួយថ្ងៃ ដើម្បីការពារភ្នែក
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី បានផ្តាំផ្ញើដល់សិស្សានុសិស្សគ្រប់រូបយកចិត្តទុកដាក់ថែរក្សាភ្នែកឱ្យបានល្អ និងលេងហ្គេម ឬ ប្រើប្រាស់ទូរសព្ទកុំឱ្យលើសពី ២ ម៉ោងក្នុងមួយថ្ងៃ។

លោកស្រីលើកឡើងបែបនេះ នៅក្នុងកម្មវិធីវេទិការអប់រំផ្សព្វផ្សាយស្តីពី សមភាពយេនឌ័រ និងសុខភាពភ្នែក ដល់សិស្សានុសិស្សនៅសាលាវិទ្យាល័យ ជាស៊ីម សន្ធរម៉ុកចំនួនសរុប ១០១៥នាក់ ក្នុងគោលបំណងដើម្បីឱ្យសិស្សានុសិស្ស យល់ដឹងកាន់តែច្បាស់អំពីសារសំខាន់នៃសុខភាពភ្នែក រួមទាំងការថែទាំភ្នែកឱ្យបានល្អត្រឹមត្រូវ និងការស្វែងរកសេវាពិនិត្យ និងព្យាបាលភ្នែកឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងភាពពិការភ្នែក។ វេទិកានេះ ធ្វើឡើងនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣ ដោយក្រសួងកិច្ចការនារី បានសហការជាមួយក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុករបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១៩នេះ។

ក្រៅពីណែនាំកុំឱ្យសិស្សានុសិស្សលេងហ្គេម ឬ ប្រើប្រាស់ទូរសព្ទលើសពី ២ម៉ោង ក្នុងមួយថ្ងៃហើយ លោកស្រីក៏បានណែនាំនូវ ៥ចំណុចសំខាន់ៗ ដើម្បីឱ្យសិស្សានុសិស្សថែរក្សាភ្នែករបស់ពួកគេបានល្អ។ លោកស្រីលើកឡើងថា៖ “នៅពេលក្មួយៗអានអក្សរ ឬមើលជិត រៀងរាល់២០នាទី ក្មួយៗត្រូវក្រឡេកភ្នែកមើលឆ្ងាយឱ្យបាន២០វិនាទី”។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក៏បានបន្ថែមថា នៅពេលដែលសិស្សមើលទូរទស្សន៍ ត្រូវរក្សាចម្ងាយយ៉ាងតិចប្រហែល ៣ម៉ែត្រពីទូរទស្សន៍ ហើយនៅពេលមើលម្តងៗគឺត្រូវឧស្សាហ៍ព្រិចភ្នែកផង។ រាល់ការប្រាស់កុំព្យូទ័រ ត្រូវអង្គុយយ៉ាងតិចចម្ងាយ ៣០សង់ទីម៉ែត្រពីអេក្រង់កុំព្យូទ័រ។ ដើម្បីឱ្យសុខភាពភ្នែកល្អ សិស្សត្រូវបរិភោគអាហារដែលមានជាតិប្រូតេអ៉ីន វីតាមីន និងសារជាតិបំប៉នគ្រប់គ្រាន់ ដូចជាបន្លែបៃតង ផ្លែឈើពណ៌លឿង គ្រាប់ធញ្ញជាតិ ត្រី សាច់ ដើម្បីថែរក្សាសុខភាពរាងកាយ ក៏ដូចជាសុខភាពភ្នែកឱ្យបានរឹងមាំ។

តាមប្រភពដដែលបានឱ្យដឹងថា ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងមូលនិធិហ្រ្វេដហូឡូ បាននិងកំពុងអនុវត្តគម្រោងលើកកម្ពស់សុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមភាព ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក និងឆ្លើយតបចំពោះការរីកចម្រើននៃវិស័យបច្ចេកវិទ្យា ដែលធ្វើឱ្យការប្រើប្រាស់ភ្នែកកាន់តែកើនឡើងជារៀងរាល់ថ្ងៃ។
គួររម្លឹកថា បច្ចុប្បន្ននេះជំងឺភ្នែកក្រហមកំពុងតែវាយលុកខ្លាំងនៅកម្ពុជា ហើយក៏ជាជំងឺមួយដែលងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមបាតិតេរីផងដែរ ដូច្នេះមនុស្សគ្រប់រូប គួរយកចិត្តទុកដាក់ថែរក្សាភ្នែកឱ្យបានល្អ ចៀសវាងមានបញ្ហាធ្ងន់ធ្ងរកើតឡើងចំពោះភ្នែក៕


-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក