ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ចំពោះគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ
នាយករដ្ឋមន្ត្រីវៀតណាម បានគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។
ការគាំទ្រនេះ គឺនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ជាមួយលោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត កាលពីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣នេះ។
នៅក្នុងជំនួបនេះ លោក ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះសម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជា មានលំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ គួរឲ្យកត់សម្គាល់។ លោក ផាម មីញជីញ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួល ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ម្តងទៀតជាលើកទី ៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរអំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយលោកប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ជាពិសេសការពិភាក្សាអំពីការចរចា នៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍។
ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេសលោកនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើម របស់សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា៖ វិស័យការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា