Connect with us

ព័ត៌មានអន្ដរជាតិ

ការអំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធដើម្បីដោះលែងលោក Navalny ពីពន្ធនាគារ បង្ហាញថា គាត់ជាភ្នាក់ងារបរទេស

បានផុស

នៅ

វិមានក្រឹមឡាំងអះអាងថា សកម្មភាពពីសម្ព័ន្ធមិត្តរបស់ឥស្សរជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារលោក Alexey Navalny ក្នុងការស្នើសុំសម្ពាធពីបរទេសដើម្បីឲ្យដោះលែងគាត់ពីពន្ធនាគារបានបង្ហាញថា គាត់សមនឹងទទួលបានងារជា ភ្នាក់ងារបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃសុក្រ អ្នកនាំពាក្យប្រធានាធិបតី Vladimir Putin លោក Dmitry Peskov បានហៅយុទ្ធសាស្ត្រចុងក្រោយបំផុតនេះថាជា ការបង្ហាញការពិតយ៉ាងច្បាស់ក្រឡែតដែលថា លោក Navalny មានទំនាក់ទំនងជាមួយប្រទេសដទៃទៀត។

កាលពីថ្ងៃព្រហស្បតិ៍ សម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Navalny គឺលោក Leonid Volkov បានប្រកាសថា នឹងមិនមានការតវ៉ាគាំទ្រសកម្មជននេះទៀតទេរហូតដល់ចុងឆ្នាំនេះ។

ការប្រមូលផ្ដុំទ្រង់ទ្រាយធំត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកាលពីថ្ងៃទី២៣និង៣០ខែមករា ប៉ុន្តែការធ្លាក់ចុះនៃការចូលរួមចំពេលមានការចាប់ខ្លួននិងការបង្ក្រាបរបស់ប៉ូលិសជាបន្តបន្ទាប់ បានធ្វើឲ្យក្រុមរបស់លោកត្រូវវាយតម្លៃឡើងវិញ។ ផ្ទុយទៅវិញ លោកបានបង្ហាញថា ពួកគេនឹងប្រើសម្ពាធអន្តរជាតិជាមធ្យោបាយមួយដើម្បីធ្វើឲ្យមេដឹកនាំប្រឆាំងចេញពីពន្ធនាគារ។ លោកនិយាយថា “យើងកំពុងបើកមុខទីពីរ។ នោះគឺគោលនយោបាយបរទេស”។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Navalny បានទទួលការគាំទ្រពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានទាមទារឲ្យមានការដោះលែងសកម្មជនរូបនេះជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។ លោកហៅការឃុំខ្លួននេះថា “មានហេតុផលនយោបាយ”។

ការជំនុំជម្រះក្តីរបស់លោក Navalny កាលពីថ្ងៃអង្គារ ត្រូវបានចូលរួមដោយអ្នកការទូតប្រមាណ២០នាក់មកពីប្រទេសនានាលើពិភពលោក។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា ការចូលរួមក្នុងរឿងក្តីរបស់ពលរដ្ឋនៃប្រទេសទីបីមិនមែនជារឿងធម្មតាទេ ព្រោះជាទូទៅ អ្នកការទូតភាគច្រើនចូលរួមលុះត្រាតែគាំទ្រជនរួមជាតិរបស់ពួកគេ។

លោកស្រីនិយាយថា “ទោះបីអ្នកបស្ចិមប្រទេស មើលឃើញលោក Navalny ជារបស់ពួកគេក៏ដោយ តែគាត់ជាពលរដ្ឋរុស្ស៊ី។ នេះមិនមែនគ្រាន់តែជាអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យប៉ុណ្ណោះទេ។ នេះគឺជាការបង្ហាញពីតួនាទីមិនត្រឹមត្រូវនិងខុសច្បាប់របស់បស្ចិមប្រទេស នៅក្នុងការប៉ុនប៉ងដើម្បីលូកដៃក្នុងរឿងរុស្ស៊ី”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ីប្រាប់ឲ្យ​ អាមេរិកនិងប្រទេសដទៃទៀតផ្តោតលើបញ្ហាក្នុងស្រុកខ្លួនឯងហើយគោរពច្បាប់រុស្ស៊ី មុនថ្កោលទោសរឿងមេបក្សប្រឆាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម