ព័ត៌មានជាតិ
អនុរក្សជាអ្នកទទួលខុសត្រូវដោយផ្ទាល់នៅក្នុងបន្ទប់ប្រឡងបាក់ឌុប
ការប្រឡងគឺជាការវិនិច្ឆ័យលើកម្រិតសមត្ថភាពចំណេះដឹងវប្បធម៌របស់បេក្ខជន ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
គណៈកម្មការអនុរក្សទោះក្នុងស្ថានភាពបែបណា ក៏ត្រូវរក្សាភាពហ្មត់ចត់ ស្មោះត្រង់ យុត្តិធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
១. សមាសភាព
សមាសភាពគណៈកម្មការអនុរក្ស ត្រូវជ្រើសរើសក្នុងចំណោមគ្រូបង្រៀនថ្នាក់ទី ១០ ទី ១១ គ្រប់ មុខវិជ្ជាមួយចំនួន និងគ្រូបង្រៀនថ្នាក់ទី ១២ មិនមែនមុខវិជ្ជាប្រឡងមួយចំនួន បុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡាមួយចំនួន បុគ្គលិកអប់រំនៃការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ មួយចំនួន និងបុគ្គលិកទីចាត់ការនៃវិទ្យាល័យមួយចំនួន ដែលមានសមត្ថភាព សុចរិតភាព សកម្មឈ្លាសវ ហ្មត់ចត់នឹងការងារ ហើយត្រូវបានស្នើឡើងដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡា តាមរយៈប្រធាននាយកដ្ឋានកិច្ចការប្រឡង ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាពិនិត្យនិងសម្រេចតាមឋានានុក្រម។
២. តួនាទី
គណៈកម្មការអនុរក្ស មានតួនាទីជាអ្នកគ្រប់គ្រងតាមប្រឡងផ្ទាល់ នៅក្នុងបន្ទប់ប្រឡងមួយតាម ចំណាត់តាំងរបស់ប្រធានមណ្ឌលសំណេរ ហើយទទួលខ្ពស់តែចំពោះមុខប្រធានមណ្ឌលក្នុងដំណើរការវិញ្ញាសាសរសេរតាមមុខវិជ្ជានីមួយៗ។
៣. ភារកិច្ច
៣.១. មុនពេលប្រឡង ៖
–ចូលរួមប្រជុំទទួលការណែនាំពីប្រធានមណ្ឌលសំណេរ មុនដំណើរការវិញ្ញាសាសរសេរមួយថ្ងៃ តាមលិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជន និងកីឡា
–សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់នូវកម្រងភារកិច្ចគណៈមេប្រយោគ បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្តខុសឆ្គង
– ប្រគល់លិខិតទិដ្ឋាការធ្វើដំណើរ និងបង្ហាញវិញ្ញាបនបត្ររដ្ឋបាលដែលមានបិទរូបថត ឬអត្តសញ្ញាណប័ណ្ណដល់ប្រធានមណ្ឌលសំណេរនៅពេលប្រជុំ។
៣.២. ពេលប្រឡង ៖
– ពាក់ស្លាកសញ្ញាដែលមានសរសេរឈ្មោះសាមីខ្លួន និងឈ្មោះមណ្ឌលសំណេរនៅពេលមកដល់ មាត់ទ្វារមណ្ឌលសំណេរនៅក្នុងមណ្ឌល និងពេលបំពេញភារកិច្ច
–មកដល់មណ្ឌលសំណេរយ៉ាងតិច ១ ម៉ោង មុនពេលដំណើរការវិញ្ញាសាសរសេរ
–ទទួលសម្ភារៈនិងឯកសារប្រឡងពីគណៈកម្មការកណ្តាលមណ្ឌលសំណេរមកកាន់បន្ទប់ប្រឡង តាមចំណាត់តាំងរបស់ប្រធានមណ្ឌលសំណេរ
– មិនអនុញ្ញាតឱ្យបេក្ខជនចូលក្នុងបន្ទប់ប្រឡង មុនពេលហៅឈ្មោះជាដាច់ខាត
– រៀបតុបេក្ខជនឱ្យនៅឃ្លាតៗពីគ្នា ចៀសវាងការប្រមូលផ្តុំគ្នា
– សរសេរលេខតុតាមប្លង់តុ និងពិនិត្យតាមថតតុប្រមូលយកសំណៅឯកសារទាំងអស់រាល់ពេល មុនបេក្ខជនចូលក្នុងបន្ទប់ប្រឡង
– ហៅឈ្មោះបេក្ខជនចូលក្នុងបន្ទប់ប្រឡង អនុរក្សម្នាក់ជាអ្នកហៅឈ្មោះបេក្ខជនផ្ទៀងផ្ទាត់និងរូបថតលើប័ណ្ណសម្គាល់ខ្លួនរបស់បេក្ខជននិងកម្រងសាលកបត្រឯកជនរបស់បេក្ខជនតាមបន្ទប់។ ឯអនុរក្សម្នាក់ទៀតធ្វើការឆែកឆេរដកហូតសៀវភៅឯកសារ សំណៅឯកសារ និង សម្ភារៈហាមឃាត់ផ្សេងៗ។ ក្នុងករណីបេក្ខជនមិនឱ្យដក ត្រូវរាយការណ៍ទៅប្រធានមណ្ឌល សំណេរតាមរយៈអ្នកត្រួតពិនិត្យតាមអគារ ដើម្បីបញ្ឈប់បេក្ខជននោះមិនឱ្យចូលរួមប្រឡង
– នាំបេក្ខជនទៅកាន់តុដែលមានសរសេរលេខតុរបស់ខ្លួន ហើយប្រាប់បេក្ខជនឱ្យអង្គុយតាមលេខតុរបស់ខ្លួនរហូតដល់ចប់ដំណើរការវិញ្ញាសាសរសេរ។ ក្នុងករណីបេក្ខជនបាត់ឬភ្លេចប័ណ្ណ សម្គាល់ខ្លួនត្រូវឱ្យបេក្ខជនទៅសុំការអនុញ្ញាតពីប្រធានមណ្ឌលសំណេរ
— មុនពេលផ្ដើមធ្វើវិញ្ញាសាត្រូវប្រាប់បេក្ខជននូវបញ្ញត្តិប្រឡង និងឆែកឆេរដកយកឯកសារ សម្ភារៈហាមឃាត់មួយលើកលើកទៀត តែបើមានបាតុភាពត្រូវអញ្ជើញអ្នកត្រួតពិនិត្យតាមអគារ ចូលរួមជួយដោះស្រាយ
– មិនអនុញ្ញាតឱ្យបេក្ខជនចូលក្នុងបន្ទប់ប្រឡងចាប់ពីជួងទី២
–ចុះហត្ថលេខា និងឈ្មោះលើក្បាលក្រដាសសន្លឹកប្រឡងរបស់បេក្ខជន បន្ទាប់ពីបេក្ខជន បំពេញក្បាលលើក្រដាសប្រឡងរួច និងក្រដាសព្រាងរបស់បេក្ខជនឱ្យហើយស្រេចដោយប្រុងប្រយ័ត្នបំផុត និងប្រើតែប៊ិចផ្ទាល់ខ្លួន មុនពេលចែកសន្លឹកកិច្ចការប្រឡងឱ្យបេក្ខជន
– ប្តូរក្រដាសសន្លឹកប្រឡងណាដែលមានលក្ខណៈខុសប្លែកពីធម្មតាដូចជាស្នាមប្រឡាក់រហែកអូសពុំច្បាស់ជាដើម
– ណែនាំឱ្យបេក្ខជនបំពេញក្បាលក្រដាសសន្លឹកប្រឡង ត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវក្រដាសព្រាង ដែលមានសរសេរលេខតុបេក្ខជន បើមានការសង្ស័យត្រូវដកហូតទុក
– កត់ឈ្មោះវិញ្ញាសាប្រឡង និងរយៈពេលនៅលើក្តារខៀនមុនពេលធ្វើវិញ្ញាសានីមួយៗ
– ឃ្លាំមើលការប្រព្រឹត្តទៅរបស់បេក្ខជន ដោយអនុរក្សម្នាក់ឈរនៅខាងមុខបេក្ខជនទាំងអស់និង ម្នាក់ទៀតឈរនៅពីក្រោយបេក្ខជនទាំងអស់ ពេលកំពុងធ្វើកិច្ចការតែត្រូវចៀសវាងការរំខានដល់បេក្ខជន
– មិនត្រូវចេញក្រៅបន្ទប់ប្រឡងធ្វើសកម្មភាពផ្សេងៗដែលផ្ទុយទៅនឹងកម្រងភារកិច្ច និងបទប្បញ្ញត្តិ នៃការប្រឡង
–ឱ្យបេក្ខជនចុះហត្ថលេខាលើបញ្ជីរាយនាមបេក្ខជន (បញ្ជីវត្តមាន) រួចយកទៅផ្គូរផ្គងផ្ទៀងផ្ទាត់ នឹងហត្ថលេខាក្នុងសាលកបត្រឯកត្តជនរបស់បេក្ខជន។ បើមានការសង្ស័យត្រូវសាកសួរព័ត៌ ហើយរាយការណ៍តាមរយៈអ្នកត្រួតពិនិត្យតាមអគារទៅប្រធានមណ្ឌលសំណេរ
– បំពេញព័ត៌មានលើក្របសន្លឹកកិច្ចការឱ្យបានសព្វគ្រប់ព្រមទាំងចុះហត្ថលេខា និងឈ្មោះផង
– ស្រង់អវត្តមានបេក្ខជនចំពោះរាល់វិញ្ញាសាជូនទៅគណៈកម្មការកណ្ដាល និងចុះលើក្របសន្លឹក កិច្ចការ
–ករណីបេក្ខជនអវត្តមាននៅមុខវិជ្ជាណាមួយ អនុរក្សត្រូវសរសេរអក្សរ A ដោយប៊ិចពណ៌ក្រហមនៅត្រង់ខ្ទង់នៃមុខវិជ្ជានោះ លើបញ្ជីវត្តមានសម្រាប់បេក្ខជនចុះហត្ថលេខាតាមបន្ទប់
– ឱ្យបេក្ខជនបំពេញឈ្មោះមណ្ឌល ឈ្មោះថ្ងៃខែឆ្នាំកំណើត លេខតុ លេខបន្ទប់ និងហត្ថលេខា នៅលើក្បាលក្រដាសសន្លឹកប្រឡង
–ប្រាប់បេក្ខជនមិនឱ្យចូលក្នុងបន្ទប់ប្រឡង មុនពេលហៅឈ្មោះចូលជាដាច់ខាត
–មិនអនុញ្ញាតឱ្យបេក្ខជនចម្លងប្រធានវិញ្ញាសាដាក់លើក្រដាសសន្លឹកកិច្ចការ និងក្រដាសផ្សេ ងៗទៀតឡើយ
–ប្រាប់បេក្ខជនឱ្យដឹងពីការប្រើជួង៖
+ ជួងទី១ : ជាសញ្ញាឱ្យបេក្ខជនត្រូវចូលបន្ទប់ប្រឡង
+ ជួងទី២ : ជាសញ្ញាចាប់ផ្ដើមធ្វើវិញ្ញាសាប្រឡង
+ជួងទី៣ : ជាសញ្ញារំឭកបេក្ខជនថានៅសល់ ១៥ នាទីទៀត ដល់ម៉ោងប្រមូលកិច្ចការ
+ ជួងទី៤ : ជាសញ្ញាដល់ពេលបេក្ខជនត្រូវប្រគល់សន្លឹកកិច្ចការឱ្យអនុរក្សជាកំហិត។
– ផ្តល់ដំណឹងដល់បេក្ខជនដោយផ្ទាល់មាត់ តាមការណែនាំរបស់អ្នកត្រួតពិនិត្យតាមអគារក្នុង ករណីពិសេសដែលមិនអាចប្រើជួងទី៣ និងជួងទី៤
– មិនអនុញ្ញាតឱ្យបេក្ខជនចេញក្រៅបន្ទប់ប្រឡង និងមណ្ឌលប្រឡងមុនជួងទី៣ ទោះបីជា បេក្ខជនបានប្រគល់សន្លឹកកិច្ចការឱ្យអនុរក្សរួចហើយក៏ដោយ
–មិនអនុញ្ញាតឱ្យបេក្ខជនចេញក្រៅបន្ទប់ប្រឡង មុនប្រគល់កិច្ចការរបស់ខ្លួនដល់អនុរក្សជាដាច់ខាត។ ក្នុងករណីចាំបាច់ដែលបេក្ខជនត្រូវទៅបង្គន់អនាម័យទាំងពេលចេញ និងពេលត្រឡប់ចូលបន្ទប់ ត្រូវតាមឃ្លាំមើលចៀសវាងបេក្ខជនភូតកុហក ហើយត្រូវត្រួតពិនិត្យឆែកឆេរសំណៅផ្សេងៗ
–ប្រគល់ប្រធានវិញ្ញាសាដែលកត់ដាក់លើក្តារខៀន ជូនអ្នកត្រួតពិនិត្យតាមអគារ ក្រោយពីផ្ទៀង ផ្ទាត់រួចរាល់ និងត្រឹមត្រូវ
– ប្រមូលប្រធានវិញ្ញាសាដែលចែកឱ្យបេក្ខជនឱ្យបានគ្រប់ចំនួន នៅពេលបញ្ចប់ដំណើរការវិញ្ញាសានីមួយៗ ដើម្បីប្រគល់ជូនគណៈកម្មការកណ្តាលដោយផ្ទាល់
– ធានាឱ្យដំណើរការសំណេរប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន
– ប្រមូលកិច្ចការរបស់បេក្ខជន ត្រួតពិនិត្យក្បាលសន្លឹកកិច្ចការនូវឈ្មោះ លេខ លេខបន្ទប់ ហត្ថលេខាអនុរក្ស និងរាប់ឱ្យបានគ្រប់ចំនួនទោះជាសន្លឹកកិច្ចការនោះបេក្ខជនពុំបានសរសេរក៏ដោយដាក់តាមលំដាប់លេខរៀងកើននៅពេលចប់វិញ្ញាសា ហើយយកទៅប្រគល់ជូនគណៈកម្មការ កណ្ដាលដោយផ្ទាល់ដៃ និងរង់ចាំការផ្ទៀងផ្ទាត់រួចរាល់។ អនុរក្សត្រូវប្រយ័ត្នកុំឱ្យបាត់សន្លឹក កិច្ចការរបស់បេក្ខជន កម្រងសាលកបត្រឯកត្តជន ប្លង់តុ បញ្ជីស្រង់វត្តមានបេក្ខជនជាដាច់ខាត
– ប្រុងប្រយ័ត្នពេលឮសូរជួងទី ៤ ក្នុងករណីចាំបាច់ត្រូវឃាំងតុនៅមាត់ទ្វារបន្ទប់មិនត្រូវឱ្យបេក្ខជនចេញមុនពេលប្រមូលសន្លឹកកិច្ចការបេក្ខជនបានគ្រប់ចំនួនឡើយ
– រាយការណ៍ជាបន្ទាន់ជូនប្រធានមណ្ឌលសំណេរតាមរយៈអ្នកត្រួតពិនិត្យតាមអគារ រួចធ្វើកំណត់ហេតុក្នុងករណីមានហេតុការណ៍មិនធម្មតា ដូចជាមានបេក្ខជនមិនព្រមប្រគល់សន្លឹកកិច្ចការហែកញីសន្លឹកកិច្ចការ
– ប្រមូលក្រដាសនិងសម្ភារៈផ្សេងៗដែលនៅសេសសល់ពីការប្រើប្រាស់ជូនគណៈកម្មការកណ្តាលវិញ
– បំពេញព័ត៌មាននៅលើក្របសន្លឹកកិច្ចការរបស់បេក្ខជនឱ្យបានត្រឹមត្រូវ និងសព្វគ្រប់
– ទោះបីក្នុងករណីណាក៏ដោយ មិនត្រូវចាកចេញពីបន្ទប់ប្រឡងដែលខ្លួនត្រូវបំពេញភារកិច្ច។ ក្នុងករណីមានភាពមិនប្រក្រតីកើតឡើងនៅក្នុងបន្ទប់ប្រឡង អនុរក្សត្រូវសហការជាមួយគណៈ កម្មការអប្បមាទទូទាំងប្រទេស ប្រធានមណ្ឌលសំណេរ ជំនួយការអប្បមាទទូទាំងប្រទេស អ្នកត្រួតពិនិត្យតាមអគារ ដើម្បីដោះស្រាយភាពមិនប្រក្រតំ ហើយត្រូវការរៀបចំកំណត់ហេតុពិសេស ដោយអនុលោម តាមបទប្បញ្ញត្តិជាធរមានរបស់ក្រសួងអប់រំ យុវជននិងកីឡា។
សម្គាល់៖
– មិនត្រូវផ្ទេរសិទ្ធិរបស់ខ្លួនទៅឱ្យបុគ្គលដទៃទៀត ឬឱ្យបុគ្គលផ្សេងទៀតបំពេញភារកិច្ចជំនួសជាដាច់ខាត
– អនុរក្សដែលអនុវត្តខុសឆ្គងពីភារកិច្ចដែលបានកំណត់ ដូចជាធ្វើចម្លើយវិញ្ញាសាឱ្យបេក្ខជនយក ចម្លើយឱ្យបេក្ខជន បង្គាប់បញ្ជាឱ្យអ្នកដទៃធ្វើចម្លើយវិញ្ញាសា ធ្វើឱ្យធ្លាយប្រធានវិញ្ញាសា អះអាងការពារបេក្ខជនឱ្យចម្លងសំណៅឯកសារ ទទួលប្រាក់សំណូកពីបេក្ខជន ប្រើប្រាស់ទូរស័ព្ទក្នុងបន្ទប់ប្រឡងនឹងត្រូវទទួលវិន័យផ្នែករដ្ឋបាលតាមកម្រិតដែលសម្រេចដោយក្រសួងអប់រំ យុវជន និងកីឡា
– អនុរក្សម្នាក់ត្រូវយកកិច្ចការបេក្ខជនមកគណៈកម្មការកណ្តាល អនុរក្សម្នាក់ទៀតត្រូវនៅរក្សា របៀបរៀបរយក្នុងបន្ទប់ប្រឡងបើមួយព្រឹក ឬមួយរសៀលមានពីរវិញ្ញាសាជាប់គ្នា
– អនុរក្សទាំងពីរត្រូវមកបង្ហាញខ្លួននៅគណៈកម្មការកណ្តាលជាដាច់ខាត នៅពេលប្រគល់សន្លឹក កិច្ចការបេក្ខជនដល់គណៈកម្មការកណ្តាលនៅចុងពេលនីមួយៗ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់