នយោបាយ
ទីបំផុត ក្រសួងមហាផ្ទៃ បើកភ្លើងខៀវឱ្យលោក ឯម សុខសុវណ្ណ បង្កើតបក្សថ្មីឈ្មោះ «គណបក្សដើម្បីកម្ពុជា»
ទីបំផុត បំណងបង្កើតគណបក្សនយោបាយរបស់លោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ បើកភ្លើងខៀវដោយអនុញ្ញាតឱ្យលោក អាចបង្កើតគណបក្សថ្មីបាន ក្រោយក្រសួងបដិសេធចំនួនពីរលើកមកហើយ ដោយហេតុមានបញ្ហាលើការដាក់ឈ្មោះគណបក្ស។
កន្លងមក ក្រោយការដើរចេញពីគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ គឺលោក ឯម សុខសុវណ្ណ ធ្លាប់បានដាក់លិខិតមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបង្កើតគណបក្សថ្មីមួយឈ្មោះ គណបក្សអាយ៉ងខ្មែរ តែដោយសារការដាក់ឈ្មោះបក្ស មិនស្របតាមច្បាប់ ត្រូវបានក្រសួងមហាផ្ទៃ បដិសេធមិនអនុញ្ញាតឱ្យបង្កើតឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ឯម សុខសុវណ្ណ ក៏បានដាក់ពាក្យស្នើសុំមកក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀត ដោយដូរឈ្មោះមកជា គណបក្សខ្ញុំបម្រើខ្មែរ តែជាលទ្ធផល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏មិនអនុញ្ញាតឱ្យបង្កើតដែរ។
ទោះបីជាយ៉ាងណា លោក ឯម សុខសុវណ្ណ មិនបានបោះបង់បំណងបង្កើតគណបក្សនយោបាយនេះឡើយ ដោយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក បានដាក់ពាក្យស្នើសុំមកក្រសួងមហាផ្ទៃ ជាលើកទី៣ ដើម្បីសុំបង្កើតគណបក្សថ្មីមួយទៀត ឈ្មោះ «គណកប្សដើម្បីកម្ពុជា»។ ជាការឆ្លើយតប ក្រសួងមហាផ្ទៃ ក៏បានអនុញ្ញាតឱ្យលោក ឯម សុខសុវណ្ណ បង្កើតគណបក្សដើម្បីកម្ពុជានេះ។
លិខិតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ បានឱ្យដឹងដូច្នេះថា៖ «ផ្អែកតាមបញ្ញត្តិ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សដើម្បីកម្ពុជា ដែលសរសេរជាអក្សរកាត់ថា “គ.ដ.ក” ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលនៅផ្ទះលេខ A៥ ផ្លូវបេតុង ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។ ប៉ុន្តែ ក្រសួងមហាផ្ទៃ ស្នើឱ្យតំណាងស្ថាបនិកគណបក្សនេះ ត្រូវរៀបចំនូវសញ្ញាសម្គាល់របស់គណបក្សឡើងវិញ ដោយអនុលោមទៅតាមការកំណត់ក្នុងមាត្រា១១ថ្មី ត្រង់កថាខណ្ឌទី៣ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើមកក្រសួងមហាផ្ទៃ ជាកំណត់។
បើតាមលិខិតដដែលនេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សដើម្បីកម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឱ្យស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
គួរជម្រាបថា ក្រោយការចូលកាន់តំណែងរបស់លោក ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង២ខែមកនេះ មានការស្នើសុំមកក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សនយោបាយថ្មីៗជាបន្តបន្ទាប់។ នៅក្នុងចំណោមគណបក្សថ្មីទាំងនេះ មានតែគណបក្សកម្លាំងជាតិប៉ុណ្ណោះ ដែលត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចចុះក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការនៅក្រសួងមហាផ្ទៃ ខណៈបក្សផ្សេងទៀតមានបញ្ហាមួយចំនួនក្នុងការស្នើសុំ ដែលតម្រូវឱ្យមានការកែសម្រួល។ គណបក្សកម្លាំងជាតិ ដែលត្រូវបានក្រសួងមហាផ្ទៃ ចុះបញ្ជីជាផ្លូវការ នាពេលថ្មីៗនេះ គឺមានតំណាងស្ថាបនិកដោយលោក ស៊ុន ចន្ធី ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ