ព័ត៌មានជាតិ
លោក ហេង សួរ ៖ ប.ស.ស ជានិមិត្តរូបថែរក្សាសុខភាពរបស់កម្មករ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជានិមិត្តរូបដែលកម្មករនិយោជិតគ្រប់គ្នាប្រាថ្នាចង់បាន ពោល ធ្វើឲ្យសុខភាពកម្មករទទួលបានការគាំពារ។


ថ្លែងក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចធិបតី ជាមួយកម្មករនិយោជិត ជិត ២ ម៉ឺននាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ លោក ហេង សួរ មានប្រសាសន៍ថា តាមរយៈបណ្ណ ប.ស.ស. បានធ្វើឲ្យសុខភាពកម្មករនិយោជិតមានសុខភាពល្អប្រសើរជាងមុនជាបន្តបន្ទាប់។ លោករដ្ឋមន្ត្រី បញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជានិមិត្តរូប នៃសុខភាព និងការរីកចម្រើនរបស់កម្មករនិយោជិត ពិសេសតាមរយៈការពង្រីកនូវវិសាលភាព ប.ស.ស ជួយកាត់បន្ថយបន្ទុកចំណាយកម្មករបានច្រើន។

លោក ហេង សួរ បញ្ជាក់ទៀតថា តាមរយៈរបាយការណ៍កន្លងមកនេះ កម្មករនិយោជិត ឬប្រជាពលរដ្ឋម្នាក់ ចំណាយលើការថែទាំសុខភាពជាមធ្យម ត្រូវចំណាយចន្លោះពី ១៥ ទៅ ២០ ដុល្លារ ក្នុងមួយខែ ករណីមិនមានរបបថែទាំសុខភាព។ បន្ថែមពីនេះ ការបង់ភាគទានសមាជិក ប.ស.ស ប្រចាំខែរបស់កម្មករនិយោជិត គឺថៅកែបង់ជំនួសកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។ លើសពីនេះទៀត សម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺថៅកែបានជួយបង់ភាគទានជូនសមាជិកប្រចាំខែ ៥០% ដែលធ្វើឲ្យកម្មករនិយោជិតសន្សំថវិកាបានប្រមាណជា ៦ ដុល្លារ ក្នុង ១ ខែ និងអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។

លោកមានប្រសាសន៍ថា «នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបងប្អូនកម្មករនិយោជិត នៃវិស័យឯកជន ទទួលបានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងរបបសន្តិសុខសង្គមផ្សេងទៀតដូចមន្ត្រីរាជការដែរ។ គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរដល់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតពេញមួយជីវិត តាំងពីកើត រហូតដល់ចាស់ជរា និងទទួលមរណភាព»។
បន្ថែមលើសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មករនិយោជិត ឲ្យតែបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ១២ ខែ នៅពេលអាយុ ៦០ ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាពរហូតដល់ទទួលមរណភាព។
តាមប្រសាសន៍ លោករដ្ឋមន្ត្រីក្រសួងការងារ បើគិតពីឆ្នាំ ២០១៨ រហូតដល់ត្រឹមខែកញ្ញា ឆ្នាំ ២០២៣ នេះ មានកម្មករនិយោជិតបានទៅព្យាបាលជំងឺជាច្រើនលើក និងច្រើនករណី ដោយមិនបង់ប្រាក់ ដែលគិតជាសរុបស្មើនឹងជាង ១៤,៤ លានករណី ស្មើនឹងទឹកប្រាក់ប្រមាណជិត ៤០៣,០២ លានដុល្លារអាម៉េរិក ឬ ២៨,០៨ ដុល្លារអាម៉េរិក ក្នុងម្នាក់ ក្នុងមួយឆ្នាំ។


ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងកំឡុងពេលជួបកម្មករកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ថា ក្រៅពីគិតគូរការដំឡើងប្រាក់បៀវត្សរ៍របស់កម្មករ រាជរដ្ឋាភិបាល ក៏បានគិតគូរអត្ថប្រយោជន៍ផ្សេងៗ ដល់កម្មការិនីពេលមានផ្ទៃពោះ ព្រមទាំងកូនៗ ផងដែរ។

សម្រាប់កម្មការិនីម្នាក់ ឈ្មោះ ជឿង រ៉ានី បានលើកឡើងថា នៅពេលកម្មការិនីមានផ្ទៃពោះ ខាងមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស យកចិត្តទុកដាក់ និងតាមដានតាំងពីពេលពពោះរហូតដល់ពេលកើត។
កម្មការិនីរូបនេះ និយាយថា «ខ្ញុំសប្បាយចិត្តណាស់ ពេលមាន ប.ស.ស. ព្រោះយើងអត់សូវមានលុយ ការឧបត្ថម្ភពី ប.ស.ស. គឺជួយកាត់បន្ថយការចំណាយក្នុងគ្រួសារ»។

ស្រដៀងគ្នានេះដែរ កម្មការិនីម្នាក់ទៀតឈ្មោះ ជីម សារ៉ុន បានលើកឡើងថា បណ្ណ ប.ស.ស. មានអត្ថប្រយោជន៍ដល់កម្មករ និយោជិត។ ហើយកម្មការិនីរូបនេះ ចង់ឲ្យគ្រប់សមាជិកក្នុងផ្ទះ មានបណ្ណ ប.ស.ស. ហើយអាចទទួលបានសេវាព្យាបាល និងការឧបត្ថម្ភផ្សេងដូចគ្នាផងដែរ។
សូមជម្រាបថា គិតចាប់ពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មានកម្មការិនី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ជាស្ត្រីសម្រាលកូនចំនួន ១៥ ៥០១ នាក់ កូនចំនួន ១៥ ៦១១ នាក់ បានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៥៣ ៦១៤ នាក់ ដែលគ្រាន់តែរយៈពេល ៣ ខែនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជាង ៥ លានដុល្លារអាម៉េរិក ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?