ព័ត៌មានជាតិ
ប្រមុខយោធាកម្ពុជា-ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យដល់កម្រិតខ្ពស់
ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោកនាយឧត្តមសេនីយ៍ ហឺ វេទុង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានប្ដេជ្ញាចិត្តរួមគ្នាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់។

ការប្ដេជ្ញានេះទៀតសោត ធ្វើឡើងក្នុងឱកាសដែលលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅចិន និងចូលរួមក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំង។ ក្នុងនោះ លោកនាយឧត្តមសេនីយ៍ ប្រមុខការពារជាតិកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ហឺ វេទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។

ជាកិច្ចចាប់ផ្ដើម លោកនាយឧត្តមសេនីយ៍ ហឺ វេទុង បានសម្តែងការស្វាគមន៍ដោយក្ដីរីករាយចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅចិនពេលនេះ ហើយលោក សង្ឃឹមថា តាមរយៈទស្សនកិច្ចនេះ កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែអភិវឌ្ឍន៍រីកចម្រើនទៅមុខឥតឈប់ឈរ។
លោក ហឺ វេទុង បានបញ្ជាក់ថា ទំនាក់ទំនងជាមិត្តភាពកម្ពុជា និងចិន បានបង្កើត និងពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុន ដោយមិត្តភាពរវាងកម្ពុជា និងចិន បានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយដោយឡែក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ចិន គឺជាទំនាក់ទំនងដ៏មានសារសំខាន់ ដែលកងទ័ពប្រទេសទាំងពីរ ត្រូវខិតខំអនុវត្តឱ្យបានល្អ និងជំរុញកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរឱ្យ កាន់តែមានកម្រិតខ្ពស់ថែមទៀត។

ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រដល់កម្ពុជា ជាពិសេសក្នុងពេលមានការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដោយក្នុងនោះ ប្រទេសចិន បានផ្ដល់នូវឧបករណ៍សម្ភារៈបរិក្ខារពេទ្យ ឱសថ និងអំណោយជាវ៉ាក់សាំង ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្នុងនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការសហការយ៉ាងជិតស្និទ្ធិជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីបានផ្តល់អំណោយវ៉ាក់សាំងកូវីដ-១៩ សម្រាប់ជួយស្រោចស្រង់ជីវិតប្រជាជនកម្ពុជា។
ប្រមុខការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា-ចិន គឺជាមិត្តភាពដ៏ល្អប្រសើរ និងមានភាពយូរអង្វែង ហើយបច្ចុប្បន្ននេះ កម្ពុជា ក៏បានកំពុងបន្តការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ក្រោមម្លប់សន្តិភាព។ ទន្ទឹមនេះ លោក ទៀ សីហា ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្នុងការបន្តធ្វើសមយុទ្ធនាគមាស និងសមយុទ្ធទេវតាសន្តិភាព ដែលការអនុវត្តលំហាត់ហ្វឹកហ្វឺននេះក្នុងពេលកន្លងមក បាននាំមកនូវការពង្រឹងសមត្ថភាពដល់កងយោធពលខេមរៈភូមិន្ទកាន់តែរឹងមាំផងដែរ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត