ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌមានជ័យ ស្នើសុំដោះស្រាយបញ្ហាជាង ២០ ករណី ក្នុងមូលដ្ឋាន
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ បានស្នើសុំអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់ជាង ២០ ករណីរបស់ពួកគាត់ មានដូចជា សុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំដាក់លូ ធ្វើផ្លូវ សុំរឹតបន្តឹងអ្នករើសអាតចាយពេលយប់ ដោះស្រាយការលិចលង់ភូមិដ្ឋាន សុំបើកក្លិបប្រដាល់ និងការសុំសម្អាតបន្ទប់អនាម័យនៅតាមសាលារៀនរដ្ឋជាដើម។
ការលើកឡើងជា សំណើ និងសំណូមពរខាងលើ បានធ្វើឡើងក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន Modern2 ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម។
លោក នួន ផារ័ត្ន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ ក្រុមប្រឹក្សារាជធានី ព្រឹកនេះ មានពលរដ្ឋចូលរួមសរុបចំនួនជាង ៥០០ នាក់ ក្នុងចំនួននេះ ប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់មាត់ចំនួន ១៩នាក់ ស្មេី ២៥ បញ្ហា និងជាលាយល័ក្សអក្សរចំនួន ៩០ច្បាប់។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ទាំង ១៩នាក់នេះ ត្រូវបានអភិបាលខណ្ឌមានជ័យ និងមន្ទីរពាក់ព័ន្ធ ស្រាយបំភ្លឺ និងដោះស្រាយជូនភ្លាមៗ។
វេទិកានេះ ប្រជាពលរដ្ឋបានសំណូមជួយដោះស្រាយបញ្ហាមួយចំនួនដូចជា សុំជំរុញធ្វើប្លង់កម្មសិទ្ធិដីធ្លី ១៧ ហិចតា ជូនពលរដ្ឋ ៦៨៩ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី១, សុំបើកផ្លូវដែលមានទំនាស់, សុំដាក់លូ នៅផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ២, សុំរៀបចំខ្សែភ្លើងឱ្យមានសោភណ្ឌភាព, សុំរឹតបន្តឹងចំពោះអ្នករើសអាតចាយពេលយប់, សុំដោះស្រាយការលិចលង់ភូមិដ្ឋាន, សុំធ្វើប្រព័ន្ធលូ ផ្លូវដែលខូចដោយសារទឹកភ្លៀង, សុំជំរុញឱ្យធ្វើប្លង់រឹងប្រជាពលរដ្ឋនៅតាមបណ្តាយប្រឡាយស្ទឹងមានជ័យ, សុំបើកក្លិបប្រដាល់របស់សមាគមដែលត្រូវបានគេបិទ, ការសុំសម្អាតបន្ទប់អនាម័យនៅតាមសាលារៀន ពិសេសសាលាបឋមសិក្សាជាដើម។
ជាមួយនឹងការបង្ហាញពីគម្រោងដែលប្រជាពលរដ្ឋបានស្នើសុំ ដូចជាការស្នើសុំរបស់ប្រជាពលរដ្ឋសុំធ្វើលូ ផ្លូវ ១៦BT ត្រូវបានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជ ធានីភ្នំពេញ បកស្រាយថា មិនត្រឹមតែស្ថាបនាកំណាត់ផ្លូវមួយខ្សែនេះទេ គឺស្ថាបនាផ្លូវ លូពាក់ព័ន្ធជាច្រើនខ្សែទៀតដែលជាប់ពាក់ព័ន្ធប្រឡាយបឹងទំពុន។ បន្ថែមពីនេះទៀត ស្ថានីយបឹងទំពុន និងប្រឡាយបឹងទំពុន នឹងត្រូវបន្ថែមម៉ាស៊ីន និងពង្រីកតួប្រឡាយពី ៣០ ម៉ែត្រ ទៅ ៦០ ម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង។
លោក នួន ផារ័ត្ន មានប្រសាសន៍បន្តថា ចំពោះសំណើសុំដែលមិនទាន់បានដោះស្រាយ នឹងបន្តយកទៅពិភាក្សា និងដោះស្រាយតាមក្រោយទៀត។ លោក លើកឡើងទៀតថា ប្រទេសកម្ពុជា នៅបន្តរក្សាបាន សុខសន្តិភាព ដែលបានធ្វើឱ្យកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះ សម្រាប់កម្មវិធីធំៗ ជាក់ស្តែងដូចជា កិច្ចប្រជុំកំពូលអាស៊ាន ការប្រកួនកីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសម្រេចបាន គឺកម្ពុជាឈរជើងយ៉ាងរឹងមាំ និងមិនក្ស័យធន រក្សាបានកំណើនសេដ្ឋកិច្ចថែមទៀត ខណៈពិភពលោកកំពុងឈមបញ្ហាសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ និងសង្ក្រាមនៅអ៊ុយក្រែនជាដើម។
លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង ១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែតុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។ វេទិកានេះ ចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ថា បានបំពេញការងារបម្រើប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយទេ នៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ ការអភិវឌ្ឍ និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់