ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រំលឹកមន្ត្រីអត្រានុកូលដ្ឋាន គប្បីផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានហ្មត់ចត់
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រំលឹកដល់មន្ត្រីអត្រានុកូលដ្ឋាននៅតាមបណ្ដាឃុំ-សង្កាត់ យកចិត្តទុកដាក់លើការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានហ្មត់ចត់ត្រឹមត្រូវ មុនចេញឱ្យពលរដ្ឋយកទៅប្រើប្រាស់ ដោយទន្ទឹមនេះ អគ្គនាយកដ្ឋាន ក៏បានទទូចពលរដ្ឋ ដែលពិនិត្យឃើញកំហុសលើឯកសាររបស់ខ្លួន សូមប្រញាប់ស្នើកែតម្រូវភ្លាមៗ កុំចាំយូរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-471-edited.png)
ការរំលឹកនេះ ដោយពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Keo Socheat បានលើកឡើងពីកំហុសរបស់មន្ត្រីអត្រានុកូលដ្ឋានលើការចុះបញ្ជី សំបុត្រកំណើតរបស់ប្រជាជន ខុសពីគល់បញ្ជី។ គណនីហ្វេសប៊ុកនេះ បានលើកឡើងថា ការសរសេរចម្លងខុស គឺជារឿងអសមត្ថភាពការងាររបស់មន្ត្រី ហេតុអ្វីបែរជាតម្រូវឱ្យប្រជាជនរត់ទៅនេះរត់ទៅនោះ ចុងក្រោយឱ្យទៅតុលាការទាំងគាត់គ្មានកំហុសសោះបែបនេះទៅវិញ។
ក្រោយឃើញការរិះគន់នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ តាមរយៈសេចក្ដីបំភ្លឺ នៅថ្ងៃទី៦ ខែវិច្ឆិកានេះ បានបកស្រាយថា ភាពខុសគ្នារវាងទិន្នន័យនៅក្នុងគល់បញ្ជីជាមួយនឹងសំបុត្រអត្រានុកូលដ្ឋាន អាចមានបញ្ហាពីរ ដែលត្រូវពិនិត្យ និងវាយតម្លៃឱ្យបានជាក់លាក់ គឺទី១) អាចជាកំហុសរបស់មន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់ ពេលចម្លងចូលគល់បញ្ជីខ្វះការប្រុងប្រយ័ត្ន និងទី២) អាចជាកំហុសរបស់បុគ្គលប្រើប្រាស់ឯកសារ ដោយគាត់ធ្វើការ កោសលុប កែតម្រូវ ឬសរសេរបន្ថែមដោយខ្លួនឯង ដើម្បីបំពេញតម្រូវការណាមួយ។ ទោះយ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា នេះជាភារកិច្ច និងការទទួលខុសត្រូវរួមរបស់មន្ត្រីជំនាញពាក់ព័ន្ធក្នុងការពិនិត្យលើបញ្ហានីមួយៗដាច់ដោយឡែកពីគ្នា ដើម្បីរួមគ្នាដោះស្រាយជូនពលរដ្ឋ ដោយមិនត្រូវសន្មត់ថាជាបញ្ហាតែមួយ ហើយដាក់បន្ទុកលើមន្ត្រីអត្រានុកូលដ្ឋានទូទៅឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-472-edited.png)
សេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានប្រាប់ឱ្យប្រជាពលដ្ឋដែលទទួលសំបុត្រកំណើតរួចហើយពីមន្ត្រីអត្រានុកូលដ្ឋានឃុំ ឬសង្កាត់ ប៉ុន្តែពិនិត្យឃើញថា មានកំហុសទិន្នន័យនៅកន្លែងណាមួយ ដូចជា ខុសឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត អាចស្នើសុំមន្ត្រីអត្រានុកូលដ្ឋាននៅឃុំ ឬសង្កាត់ ដើម្បីកែតម្រូវភ្លាមៗ ដោយមិនត្រូវទុកដល់ឆ្លងឆ្នាំឡើយ។ ករណីទុកយូររហូតដល់ឆ្លងចូលឆ្នាំថ្មី គល់បញ្ជីនៃទិន្នន័យអត្រានុកូលដ្ឋាននឹងត្រូវបូកសរុបបិទបញ្ជី រួចផ្ញើទៅតម្កល់ទុកនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដូច្នេះ ករណីនេះ ការកែតម្រូវទិន្នន័យក្នុងសំបុត្រកំណើត ឬឯកសារអត្រានុកូលដ្ឋានផ្សេងទៀតត្រូវអនុវត្តតាមនីតិវិធីបន្តដែលបានកំណត់។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា មន្ត្រីអត្រានុកូលដ្ឋានទាំងនៅថ្នាក់ឃុំ-សង្កាត់ ឬនៅថ្នាក់ជាតិ មានសមត្ថកិច្ចក្នុងការកែតម្រូវទិន្នន័យទៅតាមការកំណត់នៃច្បាប់ ដោយមិនធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណបុគ្គលឡើយ ដូចជា កំហុសអក្ខរាវិរុទ្ធ កំហុសបច្ចេកទេស ឬកំហុសមួយចំនួនផ្សេងទៀត។ ចំពោះការកែទិន្នន័យទាំងឡាយណា ដែលលើសពីដែនសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន គឺតម្រូវឱ្យទៅតុលាការ ដើម្បីពិនិត្យវិនិច្ឆ័យ ចៀសវាងបុគ្គលមួយចំនួនអាចជាប់បណ្តឹងតុលាការ ឬជាប់កាតព្វកិច្ចផ្សេងទៀត ហើយព្យាយាមគេចវេសពីការទទួលខុសត្រូវ។
អគ្គនាយកដ្ឋានជំនាញនេះ បាតចាត់ទុកជាកំហុសទិន្នន័យនៃឯកសារអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋមានលក្ខណៈចម្រុះ និងស្មុគស្មាញ ដោយកំហុសខ្លះកើតឡើងដោយអចេតនា កំហុសខ្លះកើតឡើងដោយកង្វះការប្រុងប្រយ័ត្នរបស់មន្ត្រី និងកំហុសខ្លះទៀតកើតឡើងដោយសារបុគ្គលផ្តល់ទិន្នន័យមិនត្រឹមត្រូវ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-473.png)
តែយ៉ាងណា ដោយមើលឃើញនូវតម្រូវការនៃការកែតម្រូវទិន្នន័យនេះ ជាតម្រូវការមួយចាំបាច់សម្រាប់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធអនុវត្តការងារមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគតយូរអង្វែង ជាពិសេសការពង្រឹងការអប់រំ និងបណ្តុះបណ្តាលមន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់ អំពីបែបបទ នីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន និងការកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ដើម្បីកាត់បន្ថយកំហុសឆ្គង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ចំពោះមុខ ដើម្បីកាត់បន្ថយកំហុសនៃទិន្នន័យលើសំបុត្រអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ មេត្តាយកចិត្តទុកដាក់ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។ សម្រាប់ប្រជាពលរដ្ឋ ករណីពិនិត្យឃើញថាមានកំហុសណាមួយលើឯកសាររបស់ខ្លួន សូមបងប្អូនស្នើសុំកែតម្រូវភ្លាមៗ នៅឃុំ សង្កាត់ ដោយកុំទុកយូររហូតដល់ឆ្លងចូលឆ្នាំថ្មី។
លើសពីនេះ ប្រសិនបើប្រជាពលរដ្ឋមានសំណួរ ឬបញ្ហាប្រឈមណាមួយពាក់ព័ន្ធនឹងសេវាអត្តសញ្ញាណកម្ម អាចទូរស័ព្ទទៅលេខ ១២៧១ ឬលេខ ០១៧-៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ ឬអាចទាញយកកម្មវិធី GDI eServices App ក្នុងទូរស័ព្ទដៃ ដើម្បីទាក់ទងដោយផ្ទាល់ជាមួយមន្ត្រីប្រចាំការ ផងដែរ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?