ព័ត៌មានជាតិ
ទូតឥណ្ឌា សន្យាជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគ មកកម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវបណ្ឌិត ដែលបានរួមវិភាគទានដ៏មានតម្លៃដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា។ សម្តេចរដ្ឋសភាធិបតី បានរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងជាពិសេសរវាងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងឯកឧត្តម ចាវ៉ាហាឡាល នេហ៍រុ នាយករដ្ឋមន្ត្រីទីមួយ នៃសាធារណរដ្ឋឥណ្ឌា និងជានាយករដ្ឋមន្ត្រីឥណ្ឌាដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ១៩៥៤ ក្រោយកម្ពុជាទទួលបានឯករាជ្យភាព ដែលបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលកំពុងរីកចម្រើន និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងកេរដំណែលរួម នៃប្រវត្តិសាស្ត្រសាសនា វប្បធម៌ និងអរិយធម៌រវាងប្រទេសទាំងពីរ។ គួររំលឹកថា ក្រោយរបបប៉ុលពត ឥណ្ឌា បានជួយគាំទ្រ និងជួយស្តារកម្ពុជាក្នុងគ្រាដ៏លំបាកនោះជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន រួមមានជំនួយជាថ្នាំសង្កូវ គ្រូពេទ្យ និងការបោសសម្អាតមីនជាដើម។ សម្តេចរដ្ឋសភាធិបតី បានរំលឹកបន្ថែមថា នៅក្នុងឆ្នាំ ១៩៨១ សម្តេចផ្ទាល់ បានបំពេញទស្សនកិច្ចនៅឥណ្ឌា និងបានរៀបរាប់ពីវិនាសកម្មក្នុងរបបប៉ុលពតដល់ពិភពលោកបានដឹង។
សម្តេចរដ្ឋសភាធិបតី បានធ្វើការវាយតម្លៃថា បេសកកម្មការទូតរបស់លោកជំទាវនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំង ស្របពេលពិភពលោកមានភាពមិនប្រាកដប្រជា ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងប្រឈមមុខនឹងបញ្ហាជាច្រើនមានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងការទូតកម្ពុជា និងឥណ្ឌា នៅតែឈររឹងមាំជាមួយគ្នាគ្រប់កាលៈទេសៈ និងបាននាំមកនូវការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដែលជាផលប្រយោជន៍យ៉ាងច្រើនជូនប្រទេស និងប្រជាជនទាំងសងខាង។ សមិទ្ធផលជាច្រើនបានកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អរិយធម៌ សាសនា ការអប់រំ ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្តេចរដ្ឋសភាធិបតី បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង នូវលទ្ធផល នៃជំនួបរវាងលោកជំទាវឯកអគ្គរដ្ឋទូត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីដើមខែតុលា កន្លងទៅ ថ្មីៗនេះ ជាពិសេសលើការឯកភាពគ្រោងឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើ លោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញ និងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌា មកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនឡើង។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសឥណ្ឌាជួយបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យាដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ។
លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត បានថ្លែងអំណរគុណចំពោះ សម្តេចរដ្ឋសភាធិបតី ដែលបានចងចាំ និងបានរំលឹករឿងរាវអតីតកាល។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា មិនខុសពីអតីតកាលនោះទេ ទៅថ្ងៃអនាគត និងពេលបច្ចុប្បន្ននេះ ឥណ្ឌា នៅតែបន្តជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានសន្យាថា នឹងខិតខំជំរុញ ព្រមទាំងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌាមកកម្ពុជាឲ្យបានកាន់តែច្រើនត្បិតអីពលរដ្ឋឥណ្ឌាជាច្រើនចាប់អារម្មណ៍ជាខ្លាំងក្នុងការធ្វើដំណើរមកទស្សនាកម្ពុជា ជាពិសេសសំណង់ប្រាសាទបុរាណនៅកម្ពុជា ដែលជាស្ថាបត្យកម្មបុរាណដ៏ល្អឯក។
សម្តេចរដ្ឋសភាធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃទំនាក់ទំនង នៃរដ្ឋសភាទាំងពីរ ហើយគូសបញ្ជាក់ផងដែរថា រដ្ឋសភាកម្ពុជា-ឥណ្ឌា ក្នុងក្របខ័ណ្ឌពហុភាគីនានា បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាជាច្រើន មានដូចជា APPF, APF, IPU និង AIPA ជាដើម។ កាលពីឆ្នាំ២០២២កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភាឥណ្ឌា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា បានបំពេញទស្សនកិច្ចនៅឥណ្ឌា ក្នុងក្របខ័ណ្ឌសភាអាយប៉ា។ រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ឥណ្ឌា ដែលក្រុមមិត្តភាពសភានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យការទូតសភា ការចែករំលែកបទពិសោធន៍គ្នាលើការងារនីតិកម្ម និងការគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់វេទិកាអន្តរសភាទាំងក្នុងតំបន់ និងសកលលោក។
លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌា បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ជាពិសេសក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី លើការលើកកម្ពស់សមត្ថភាព និងផ្តល់ភាពអង់អាចដល់កុមារី យុវតី ស្ត្រី។ ជាមួយគ្នានេះ ឥណ្ឌា ក៏នឹងបន្តសហការជាមួយកម្ពុជាលើការបណ្តុះបណ្តាល និងផ្លាស់ប្តូរលើវិស័យរួមមាន បច្ចេកវិទ្យា កសិកម្ម អប់រំ វប្បធម៌ ថាមពល ការជួយអភិរក្សប្រាសាទបុរាណ ជាដើម។
លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេចរដ្ឋសភាធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ពេលសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតី បានទទួលយក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ