ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការ បង្ហាញពីវឌ្ឍនភាពការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិតកំពុងបន្តដំណើរការទៅមុខមិនមានការរាំងស្ទះឬបញ្ហារំខានណាមួយទេ។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចូលរួមពិធីគម្រប់ខួប ១ ឆ្នាំ នៃការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិតនៅតែបន្តវិវឌ្ឍទៅមុខ មិនមានការរំខានឬការរាំងស្ទះណាមួយទេ។
«ខាងផ្ទៃយើងមិនមានការរាំងស្ទះនោះទេលើដំណើរការសាងសង់ផ្លូវល្បឿនលឿនទៅបាវិត»។ នេះបើតាមលោក ប៉េង ពោធិ៍នា។
លោករដ្ឋមន្រ្តីបានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញបាវិតគ្រោងតភ្ជាប់ផ្លូវល្បឿនលឿនជាមួយប្រទេសវៀតណាម ខណៈដែលក្រុមបច្ចេកទេសប្រទេសទាំងពីរកំពុងកំណត់ទីតាំងតភ្ជាប់គ្នា។ លោកថា ក្រុមបច្ចេកទេសបានជ្រើសរើសទីតាំងគន្លងផ្លូវចាស់ តែនឹងរង់ចាំការឯកភាពពីភាគីវៀតណាម។
«បច្ចុប្បន្ននេះយើងមិនទាន់អនុវត្តបានកម្រិតណានោះទេ រង់ចាំការឯកភាពពីភាគីវៀតណាម។ តើយើងឯកភាពអនុវត្តតាម MOU ប្រើប្រាស់គន្លងផ្លូវចាស់ឬយ៉ាងណា?។ សម្រាប់យើងអត់មានបញ្ហាអីទេ រង់ចាំតែការឯកភាពពីភាគីវៀតណាម»។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់កាលពីខែមិថុនាឆ្នាំ ២០២៣ ដែលជាគម្រោងផ្លូវល្បឿនលឿនទី ២ បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបញ្ចប់ដាក់ឲ្យប្រើប្រាស់កាលពីអំឡុងខែតុលាចុងឆ្នាំ ២០២២។
ផ្លូវល្បឿនលឿនបាវិត មានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ ជាផ្លូវថ្មីទាំងស្រុងមាន ០៤ គន្លង មានទទឹងតួផ្លូវ ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះសាងសង់ឡើងចាប់ចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី ៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិតព្រំដែនកម្ពុជា-វៀតណាម។ គម្រោងចំណាយថវិកាសាងសង់ប្រហែលជិត ២ ពាន់លានដុល្លារអាមេរិក គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
កាលពីខែតុលា ឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំជាមួយមន្រ្តីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជាជាមួយនឹងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម។ ក្នុងនោះភាគីទាំងពីរបានឯកភាពពន្លឿនការអនុវត្តការគម្រោងរួមទាំងការងារពាក់ព័ន្ធផ្សេងៗ ដើម្បីជាប្រយោជន៍រួមទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់