កីឡា
ប៉ឺត សង្ឃឹម លើកមូលហេតុ អ្នកប្រដាល់ខ្លះឡើងលឿន ក៏ធ្លាក់ចុះវិញឆាប់
កីឡាករប្រដាល់គុនខ្មែរមួយចំនួនត្រូវបានមើលឃើញរក្សាគុណភាពខ្លាំងរបស់ខ្លួនមិនបានយូរអង្វែងទេ បន្ទាប់ពីខិតខំប្រឹងប្រែងរហូតឡើងខ្លាំងដល់កម្រិតមួយដែលឈានមុខគេនៅក្នុងប្រទេស ជាពិសេសនៅពេលកីឡាករអាយុច្រើនបន្តិចក៏ចាប់ផ្តើមថយចុះសមត្ថភាពវិញគួរឲ្យកត់សំគាល់។
វាមានកត្តាជាច្រើនដែលជំរុញឲ្យកីឡាករមួយចំនួនឆាប់ថយចុះសមត្ថភាពនៅពេលពួកគេឈានដល់កម្រិតខ្ពស់។ ពាក់ព័ន្ធនឹងបញ្ហានេះ កីឡាករ ប៉ឺត សង្ឃឹម ដែលជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម២សម័យកាលបានយល់ឃើញថា ការបន្ថយកម្រិតហ្វឹកហាត់គឺជាបញ្ហាចម្បងមួយធ្វើឲ្យកីឡាករឆាប់ថយចុះសមត្ថភាព។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» ប៉ឺត សង្ឃឹម បានលើកឡើងថា ៖«ពេលខ្លះ យើងចាប់ផ្តើមពីដំបូង យើងខំប្រឹងខ្លាំងណាស់។ យើងខំប្រឹងពីព្រោះយើងចង់ល្បី តែពេលដល់ល្បីតាមអ្វីដែលយើងចង់បាន មានគេស្គាល់ច្រើន ក៏ចាប់ផ្តើមសប្បាយច្រើនដែរ។ សប្បាយច្រើនជាងការហ្វឹកហាត់ បណ្តោយខ្លួនតាមភាពសប្បាយ ពីព្រោះយើងអាងខ្លួនល្បី ហើយក៏បណ្តោយខ្លួន»។
«និយាយឲ្យចំគឺបានបន្ធូបន្ថយការហ្វឹកហាត់ ហ្វឹកហាត់មិនបានដិតដល់ដូចពីដំបូងៗ។ ភាគតិចណាស់ដែលកីឡាករអត់សូវដើរលេងច្រើន។ ពួកគាត់មិនមែនដើរលេងដាច់យប់អីទេ គ្រាន់តែថា មានមិត្តភក្តិហូចចុកញឹកញាប់ជាដើម។ អីចឹងហើយបានជា កីឡាករដែលអាយុច្រើនបន្តិចគឺធ្លាក់ចុះសមត្ថភាពវិញលឿនគឺបណ្តាលមកពីស្ទើរការហ្វឹកហាត់»។
កន្លងមកអ្នកគាំទ្រឃើញស្រាប់ហើយ កីឡាករថៃមួយចំនួនអាយុច្រើនចាប់ពី៣៥ឆ្នាំដល់៥០ឆ្នាំក៏នៅតែរក្សារាងកាយមាំមួន និងបានមកប្រកួតជាមួយកីឡាករកម្ពុជាថែមទៀត។ ទោះបីជាយ៉ាងណា រឿង សុភ័ណ្ឌ អាយុច្រើនបន្តិចមែន ប៉ុន្តែសមត្ថភាពនៅល្អ ហើយ ព្រំ សំណាង ទើបតែទទួលបានជោគជ័យខ្លាំងនៅពេលអាយុជាង៣០ឆ្នាំក្រាស់ទៅហើយ។
ប៉ឺត សង្ឃឹម ដែលជាកីឡាករទទួលបានការសរសើរខ្លាំងពីអ្នកជំនាញកីឡាប្រដាល់ និងអ្នកគាំទ្រអំពីសមត្ថភាពរបស់ខ្លួនបានបន្តថា បច្ចុប្បន្ន កីឡាប្រដាល់ទទួលបានតម្លៃខ្លួនច្រើន ហើយកីឡាករខ្លាំងៗពិតប្រាកដកំពុងរកចំណូលបានច្រើន។
«ឥឡូវសង្វៀននីមួយៗបានកុងត្រាកីឡាករល្អៗទុកតែម្តង អីចឹងកីឡាករល្អៗកំពុងត្រូវប៉ាន់»។ ការលើកឡើងរបស់ ប៉ឺត សង្ឃឹម បែបនេះ ស្របពេលកីឡាករល្អៗឈានមុខគេនៅកម្ពុជាកំពុងទទួលបានឱកាសប្រកួតជាញឹកញាប់ និងស្ទើរតែរកពេលសម្រាកមិនបាន ខណៈមានការឧបត្ថម្ភជាថវិកាជាបន្តបន្ទាប់ពីសប្បុរសជន។ ផ្ទុយទៅវិញ ក៏មានគ្រូបង្ហាត់ខ្លះបានត្អួញត្អែរពីកីឡាកររបស់ខ្លួនមិនទទួលបានឱកាសឡើងប្រកួតញឹកញាប់។
ប៉ឺត សង្ឃឹម ទើបតែត្រឡប់មកកាន់សង្វៀនវិញកាលពីខែតុលាកន្លងទៅនេះដោយបានប្រកួតឈ្នះ៣លើកជាប់គ្នា បន្ទាប់ពីសម្រាកព្យាបាលរបួសច្រើនខែក្រោយពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេមចប់កាលពីចុងខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក