Connect with us

ជីវិតកម្សាន្ដ

សេន រ៉ានុត ជាចំណែកមួយធ្លាប់មានគុណជួយ ករុណា ពេជ្រ កាលពី ១៩ ឆ្នាំមុន

បានផុស

នៅ

តារា​ចម្រៀង​លោក ករុណា ពេជ្រ ថ្មី​ៗ​នេះ​បាន​ដាច់​ចិត្ត​ទម្លាយ​​រឿងរ៉ាវ​អតីត​ កាល​ពី ១៩ឆ្នាំ​មុន​ជា​មួយ​អតីត​តារា​ចម្រៀង​លោក សេន រ៉ានុត បន្ទាប់​ពី​រូប​លោក​បែក​គ្នា​យូរ​ឆ្នាំ​កន្លង​ទៅ​នេះ។ ខ្លឹម​សារ​យ៉ាង​អន្លាយ​របស់ ករុណា ពេជ្រ គឺ​បាន​រម្លឹក​ពី​ការ​ដឹង​គុណ​ចំពោះ​លោក សេន រ៉ានុត អំឡុង​ពេល​បម្រើ​អាជីព​សិល្បៈ​ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បង្ហោះ​ភ្ជាប់​រូប​ភាព​ជា​ច្រើន​សន្លឹក​លោក ករុណា ពេជ្រ បាន​រៀប​រាប់​ថា បង​ប្អូន​នៅ​ចាំ​អាយ​ដលម្នាក់​នេះ​ទេ…? ថ្ងៃ​​នេះ​​ខ្ញុំ​សូម​និទាន​រឿង​មួយ​​ចុះ ប៉ុន្តែ​ជា​រឿង​ពិត ពិត​មែន​ទែន ដំបូង​អរគុណ​អាយដល Ranuth Sen និង​ក្រុមគ្រួសារ​បាន​ឆ្លៀត​ឱកាស​រហូត​ដល់សុខ​ចិត្តបិទ​ហាងមាសរបស់​គាត់ដើម្បី​ណាត់​ជួប​ញ៉ាំ​អាហារ​មួយ​ពេល​​ជុំ​គ្នា​​នេះ​សម្រាប់ខ្ញុំ​ពិត​ជា​រំភើប និងជា​ពេល​វេលា​ដែលខ្ញុំ​រងចាំ​អស់រយៈ​ពេលប្រហែល ១៩ឆ្នាំមកហើយ ដើម្បី​និយាយ​ផ្ទាល់មាត់ ផ្ទាល់មុខ ជា​មួយ​គាត់សារ​ជាថ្មីនូវ​​ពាក្យថាអរគុណ​ម្តង​​ទៀត​ចំពោះ​គាត់។

តារាប្រុស​ ករុណា ពេជ្រ បាន​បន្តថា «​បើខ្ញុំចាំ​មិនខុស​ទេ កាល​ពីកំឡុង​ឆ្នាំ២០០៤ រ៉ានុត គឺជាតារា​លំដាប់​ល្បី​ខ្លាំង​មួយ​រូប​ក្នុង​ចំណោម​តារា​ចម្រៀង​ល្បី​ៗ​ដទៃ​ទៀត ហើយ​ឡាន​កាលនោះ​គាត់​ជិះ Corolla សម័យ​នោះ​តារា​ណា​ជិះ​រថយន្ត​ប្រភេទ​នេះ​ក៏ ចូល​ជា​តារា​កាលីបមួយ​ទៅ​ហើយ កាលនោះខ្ញុំ​បាន​ច្រៀង​ខនសឺត​តាម​ខេត្ត​រួម​ឆាក​ជា​មួយ​​គាត់​ក្រោម​ការ​រៀប​​ចំ​កម្មវិធី​ដោយបង​ប្រុស ហ៊ុយ វាសនា តាម​រយៈ​ការ​ណែ​នាំ​ពីបងស្រី Heng Sovanna ដែល​ខ្ញុំ​ច្រៀង​តាម​ខេត្ត​បាន​ត្រឹម​តែ ៣០ដុល្លារ​ក្នុង​មួយ​​ខេត្ត»។

តារា​រូប​នេះ​បញ្ជាក់​ថា កាល​ណោះ ​គឺ​ត្រូវ​ងើប​ទៅ​ចាំ​ធ្វើ​ដំណើរ​ជា​មួយ​ក្រុម​ការងារ​មុន ៣​ឬ ៤​ម៉ោង​មុន ពេល​ច្រៀង​ចប់​ក្នុង​នាម​អ្នក​ច្រៀង​កំដរ​ឆាក​មុន​​គេ ត្រូវ​អង្គុយ​ចាំ​គេ​ដល់​ចប់​កម្មវិធី​បាន​អាច​ធ្វើ​ដំណើរ​រួមគ្នា​ជា​មួយ​ក្រុម​ការងារ​ត្រឡប់​មកភ្នំពេញ​វិញ ហើយ​ខេត្ត​ខ្លះទល់​ព្រឹក​បាន​មក​ដល់​ភ្នំពេញ​ដែរ​ តែ​ដោយ​សារ​ពេល​​ចប់​ខនសឺតវា​ពិបាក​ពេកមិន​​ដឹង​ហេតុ​ផល​អី្វ រ៉ានុត និង​មិត្តគាត់​ពេល​ច្រៀងចប់​ឃើញ​ខ្ញុំ​អង្គុយ​កៀន​ឆាក​ម្នាក់ឯងគាត់​ក៏មកសួរ​ខ្ញុំ​និយាយ​លេងជាមួយ​ខ្ញុំទាំង​មិនដែលស្គាល់ខ្ញុំ​​ពីមុនទេ​។

ករុណា ពេជ្រ បន្តថា​ ពេល​នោះ រ៉ានុត ក៏សួរ​ថា ឃើញ​ច្រៀង​ចប់​យូរ​ហើយ ម្តេច​អត់​ទៅផ្ទះ ខ្ញុំក៏និយាយថា ខ្ញុំ​ត្រូវ​ចាំ​គេ​ចប់​ខនសឺត​អស់​បាន​ទៅ​ជា​មួយ​ក្រុម​​ការងារវិញ ព្រោះ​​មក​ជា​មួយ​គ្នា…លឺ ដូច្នោះ​អាយដល  រ៉ានុត ក៏ភ្ញាក់​ផ្អើល​រួច​និយាយ​ថា យូរណាស់ អ៊ីចឹង​ក៏​បបួល​​ខ្ញុំ​​ថា មិន​បាច់​ចាំ​ទេបើ​​អាចទៅ​ប្រាប់ក្រុមការងារថា​​មក​ជា​មួយ​គាត់ និង​មិត្ត​គាត់​ចាំ​​គាត់​ជូន​ទៅ​ផ្ទះ​ អារម្មណ៍​ពេល​នោះខ្ញុំ​ពិត​ជា​រំភើប​ណាស់​រក​ពាក្យ​អ្វី​​និយាយ​មិន​បាន​ ព្រោះ​សូម្បី​តែ​និយាយ​ជា​មួយ​គាត់​ឬ មើល​មុខគាត់​​ចំ ក៏មិន​ហ៊ាន​នឹង​និយាយ ឬមើល​គាត់​​ផង​​តើ​មាន​ចិត្តណា​ហ៊ានសុំគាត់​​ដែល​ជា​តារាល្បីជិះ​ឡាន​ឡូយ​មកផ្ទះ​ជាមួយ..។

លោក ករុណា ពេជ្រ និយាយ​ទៀត​ថា បន្ទាប់​មក​ចាប់ ពី​ពេល​នោះ​នៅ​​សល់​ខនសឺត ៣​ខេត្ត​ទៀតដែល​ច្រៀងរួមឆាក​ជាមួយគាត់ ហើយ​​គាត់​​ថា​ឈប់​ជិះឡាន​ជា​មួយក្រុមការងារ​ទៀត​ទៅបើ​អាច ករុណា ពេជ្រ ឯង​ចាំជិះ​ជា​មួយ​គ្នា និងមិត្ត​លោក​ម​ក​បាន​គ្នា។ លោក​ថា រាល់​ពេល​ចប់​​ខនសឺត​​​លោក សេន រ៉ានុត តែង​ជូនខ្លួនមកដល់ផ្ទះ ហើយ​ម្តងៗ​លោក​តែង​អរគុណ​​ដល់​គាត់​គ្រប់ពេល។

ករុណា ពេជ្រ  លើក​ឡើង​ថា «ខ្ញុំ​បាន​ជួប​គាត់​តែ​ប៉ុណ្ណឹង ក្រោយ​មក​ខ្ញុំ និង​គាត់​មិន​សូវ​បានជួបគ្នា​ទៀត​ទេ រហូត​ដល់​គាត់​មក​​រស់នៅ (USA) ហើយ​ខ្ញុំ​តែង​​តែ​​គិត​ថា​ នៅ​​ថ្ងៃ​ណា​មួយ​ខ្ញុំ​មាន​វាសនា​ល្អ ហើយ​បើ​​បាន​ជួប​គាត់​ម្តង​​ទៀត​ខ្ញុំ​នឹង​​ចាប់​ដៃ​គាត់​រួច​បាន​និយាយ​ពាក្យ​អរគុណ​នូវ​ទង្វើ​របស់​គាត់​ចំពោះ​ខ្ញុំ​កាល​នោះ ឲ្យ​ខាន​តែ​បាន​ ប៉ុន្តែ​មិន​​នឹក​ស្មាន​ថា រយៈ​ពេល ១៩ឆ្នាំ​កន្លង​ផុត​ទៅ​ត្រូវ​បាន​​ខ្ញុំ​ជួប​គាត់​​លើ​ទឹកដី (USA) នេះ​មែនហើយ​បាន​និយាយ​ពាក្យ​អស់​ទាំង​នេះ​ចេញ​ពីចិត្ត​របស់​ខ្ញុំ នៅ​មុខ​ភរិយា និង​ឪពុក​ក្មេក​របស់​គាត់​ដោយ​អស់​ពីចិត្ត​ដោយ​ក្តី​គោរព និង​អរគុណ​ជា​ទីបំផុត»។

លោក​បន្ថែម​ថា​ទង្វើរ សេន រ៉ានុត ធ្វើ​ចំពោះ​ខ្ញុំ​នេះ​ហើយ​បាន​ខ្ញុំ​តែងតែ​យក​គំរូ​នេះ​ដាក់​ជាប់​ខ្លួន ហើយ​ខ្ញុំ​តែង​តែ​ធ្វើ​រឿង​បែប​នេះ​ត្រឡប់​ទៅ​​កាន់​ប្អូន​ៗ​សិល្បៈ ​ក្រុម​ការងារ​ជំនាន់​ក្រោយ​ៗ​ដែល​គ្មាន​លទ្ធភាព ឬ​អត់អី​ជិះ ហើយ​មើល​ទៅ​អាណិត​យល់​ពី​ទុក្ខ​លំបាក​នេះ​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់ ខ្ញុំ​តែងតែ​ហៅ​បបួល​ពួក​គាត់​មក​ជិះ​ឡាន​មក​ផ្ទះ​ជា​មួយ​ខ្ញុំ​គ្រប់​ពេល​ដែល​ខ្ញុំ​អាច​ធ្វើ​បាន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម