ព័ត៌មានជាតិ
លោក កឹម សុធី ក្លាយជាមេភូមិក្នុងវ័យ ៣៤ឆ្នាំ ក្រោយពលរដ្ឋក្នុងមូលដ្ឋាន បោះឆ្នោតគាំទ្រ
មេភូមិវ័យក្មេងមួយរូប ដោយសារតែមានសមត្ថភាព និងមានឆន្ទៈចេះជួយយកអាសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានប្រជាពលរដ្ឋសម្រេចចិត្ត បោះឆ្នោតជូនរហូតបានជាប់ជាមេភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាដើមខែមីនា ឆ្នាំ ២០២៣កន្លងមកនេះ។
លោក កឹម សុធី ដែលមានអាយុ ៣៤ឆ្នាំ ហើយបច្ចុប្បន្នជាមេភូមិដ៏សកម្មម្នាក់នោះ បានប្រាប់ឱ្យកម្ពុជាថ្មី ដឹងថា កន្លងមកលោកមិនដែលគិតថា លោកចង់ក្លាយទៅជាមេភូមិអ្វីនោះទេ ពីព្រោះកន្លងមកលោកគ្រាន់តែជាកម្មកររោងចក្រ ដោយកាន់មុខតំណែងជាប្រធានក្រុមផ្នែកកាត់ដេរ នៅរោងចក្រមួយកន្លែងតែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាប្រវត្តិខ្លះៗរបស់មេភូមិវ័យក្មេងរូបនេះ។
លោក កឹម សុធី ជាកូនប្រុសពៅ ស្ថិតនៅត្រកូលគ្រួសារកសិករមួយ ក្នុងភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក កឹម សុធី បានបញ្ជាក់ថា លោក បានសិក្សារៀនសូត្របានត្រឹមតែថ្នាក់ទី ៩ប៉ុណ្ណោះ បន្ទាប់មកលោកក៏បានចូលបម្រើការជាកម្មកររោងចក្រ ក្នុងតំណែងជាប្រធានផ្នែកកាត់ដេរ ក្រោយមកទៀត លោក កឹម សុធី បានចូលសិក្សាបន្ថែមវគ្គភាពជាអ្នកដឹកនាំ និងវគ្គសិក្សាការកសាងសុភមង្គលគ្រួសារ។
នៅដើមឆ្នាំ ២០២៣ លោក កឹម សុធី បានដាក់ឈ្មោះឈរជាបេក្ខជនមេភូមិ ក្រោមការជំរុញ និងការលើកទឹកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោក កឹម សុធី បានជាប់ជាមេភូមិព្រីងទឹក នៅខែមីនា ឆ្នាំ ២០២៣ ក្នុងសំឡេងបោះឆ្នោត ២៩៦នាក់ ហើយមានបេក្ខជនឈរឈ្មោះចំនួន ៦នាក់។
ដោយមានឆន្ទៈ ក្នុងការដឹកនាំ មេភូមិវ័យក្មេងរូបនេះ បានដាក់ចេញជាគោលដៅធំៗ ចំនួន ៥ចំណុច ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក៖ ទី១. ក្មេងទើបនឹងកើតទទួលបានប្រាក់ ៥ម៉ឺនរៀល (ភ្ជាប់ជាមួយសំបុត្រកំណើត)។ ទី២. អ្នកទទួលមរណៈភាព ទទួលលបានប្រាក់ ១០ម៉ឺនរៀល (ភ្ជាប់មកជាមួយលិខិតមរណៈភាព)។ ទី៣. គូស្វាមីថ្មីដែលត្រូវរៀបការរួចទទួលបានប្រាក់ ៥ម៉ឺនរៀល និងទទួលបានការបណ្ដុះបណ្ដាល ដើម្បីត្រៀមខ្លួនជាមេគ្រួសារថ្មី។ ទី៤. ដាក់តុ ៥ឈុត ដើម្បីបងប្អូនខ្ចីប្រើក្នុងភូមិ។ ទី៥. នៅពេលប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ អាចមកពិភាក្សាជាមួយមេភូមិ ដោយមិនមានការរើសអើង ឬនិន្នាការនយោបាយអ្វីនោះឡើយ។
ការដាក់ចេញនូវចំណុចទាំងនព បានធ្វើឱ្យលោក កឹម សុធី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិព្រីងទឹក។ អ្វីដែលពិសេសទៀតនោះ គឺមេភូមិវ័យក្មេងរូបនេះ មិនទទួលយកប្រាក់ខែ ក្នុងនាមជាមេភូមិនោះឡើយ ដោយប្រាក់បៀវត្តន៍ប្រចាំខែចំនួន ៥១០,០០០ (ប្រាំសែនមួយម៉ឺន) រៀល ត្រូវបានបែងចែកទៅកាន់គ្រួសារដែលខ្វះខាត ក្នុងភូមិនេះតែម្ដង។
លោកមេភូមិ លោក កឹម សុធី អះអាងថា ដោយសារមើលឃើញប្រជាពលរដ្ឋខ្លះ ជួបការលំបាកពីបញ្ហាជីវភាព ហេតុនេះហើយ ទើបលោកសម្រេចចិត្តមិនទទួលយកប្រាក់ខែ ហើយបំបែកប្រាក់ខែទាំងនោះ ទៅជួយដល់ប្រជាពលរដ្ឋវិញ។ លោកអះអាងទៀតថា លោកមានមុខរបរផ្ទាល់ខ្លួនមួយ ដោយបើកជាសិប្បកម្មកាត់ដេរខ្នាតតូច ដោយអាចចិញ្ចឹមក្រុមគ្រួសារ និងអាចចំណាយទៅលើការសិក្សារបស់កូនៗរបស់លោក បានយ៉ាងងាយស្រួល។
លោក កឹម សុធី បានគូសបញ្ជាក់ថា សម្រាប់ផែនការទៅថ្ងៃខាងមុខទៀត លោកមានគម្រោងចង់បង្កើតកម្មវិធីមួយ ដើម្បីទ្រទ្រង់ និងការពារថែទាំផ្លូវថ្នល់ក្នុងភូមិរបស់លោក ឱ្យមានលក្ខណៈស្ដង់ដា ដែលត្រូវមានការប្រជុំ និងសម្រេចពីប្រជាពលរដ្ឋ ដែលជាសមាជិកក្នុងភូមិជាមុនសិន។ លោក កឹម សុធី មានសុទិដ្ឋនិយមមួយថា សហគមន៍ និងមូលដ្ឋានភូមិ ព្រីងទឹករបស់លោក នឹងទទួលបានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត ដែលអាចចាត់ទុកជាភូមិគំរូមួយ នៃ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
អត្ថបទ៖ សួស សិត
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?