Connect with us

ព័ត៌មានជាតិ

បេក្ខជនជាង២ម៉ឺននាក់ ដាក់ពាក្យស្វែងរកការងារធ្វើនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៣

បានផុស

នៅ

បណ្តាក្រុមហ៊ុននានាបានទទួលពាក្យសុំស្វែងរកការងារធ្វើពីបេក្ខជនជាង២ម៉ឺនាក់ ក្នុងចំណោមអ្នកចូលរួមជាង៣ម៉ឺននាក់ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ ១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

របាយការណ៍បានបង្ហាញទៀតថា ក្នុងនោះមានបេក្ខជនជាប់ការងារបឋមចំនួន ៦៣៧នាក់។ ជាមួយគ្នានេះសម្រាប់អ្នកចូលរួមទស្សនាតាមគេហទំព័រCareer Fair សរុបមានចំនួនជាង២ម៉ឺននាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសបើកដំណើរការពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ពិព័រណ៍សម្រាប់ឆ្នាំ២០២៣ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុនសហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន១៥០ ស្មើនឹង ១៨៨បញ្ជរដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែង សម្រាប់អ្នកស្វែងរកការងារធ្វើ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកឡើងថា នេះជាលើកទី១៣ហើយ ដែលទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឡើងចាប់តាំងពី២០១១ដែលមានត្រឹមតែ ៣០ស្តង់ និងឱកាសការងារត្រឹម ២០០០កន្លែងប៉ុណ្ណោះ ហើយប្រៀបធៀបពិព័រណ៍ការងារឆ្នាំ២០២៣នេះ ពោលគឺមានចំនួនអ្នកចូលរួម និងឱកាសការងារកើនឡើង។

លោក ហេង សួរ​ បញ្ជាក់ថា៖ « ចំនួនក្រុមហ៊ុន និង ឱកាសការងារសម្រាប់ឆ្នាំ២០២៣កើនឡើង១០ដងបើប្រៀបធៀបទៅនឹងពិព័រណ៍ឆ្នាំ ២០១១ ។ នេះជាការបង្ហាញពីវឌ្ឍនភាពមួយដែលព្រឹត្តិការណ៍នេះកាន់តែធំ កាន់តែទាក់ទាញ និងមានអ្នកចូលរួមកាន់តែច្រើនស្វែងយល់ និងស្វែងរកពីឱកាសការងារ»។

លោក ហេង សួរ បានគូសបញ្ជាក់បន្ថែមថា តាមរយៈពិព័រណ៍ការងារនេះ នឹងក្លាយជាទីកន្លែងមួយសម្រាប់អ្នកស្វែងរកការងារអាចជ្រើសរើសការងារទៅតាមជំនាញតាមក្តីប្រាថ្នារបស់ខ្លួនតាមស្តង់នីមួយៗដែលខ្លួនពេញចិត្ត និងអាចដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាម។ ចំណែកក្រុមហ៊ុនក៏អាចរកបានបុគ្គលិកដែលមានសមត្ថភាពដែលខ្លួនចង់បានផងដែរ។

និស្សិត លី ម៉ីនាង កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ដែលបានចូលរួមពិព័រណ៍នេះបានបង្ហាញចំណាប់អារម្មណ៍ថា ពិព័រណ៍នេះមានសារៈសំខាន់សម្រាប់អ្នកស្វែងរកការងារ និងអ្នកចង់ផ្លាស់ប្តូរការងារ ព្រោះវាជាឱកាសដែលក្រុមហ៊ុនជាច្រើនរួមគ្នាជ្រើសរើសបុគ្គលិក ហើយថែមទាំងបានជួបជាមួយអ្នកជំនាញប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍នានាក្នុងការស្វែងរកការងារធ្វើផងដែរ។

ចំណែកនិស្សិតឈ្មោះ ស៊ុង ជានា បានយល់ឃើញថា ភាគច្រើននិស្សិតមកពីតាមបណ្តាខេត្តឡើងមកសិក្សានៅភ្នំពេញ ពេលខ្លះពួកគេមិនបានដឹងពីព័ត៌មានឱកាសការងារទូលំទូលាយទេ ដូចនេះពិព័រណ៍ការងារគឺជាឱកាសផ្តល់ព័ត៌មាន និងមានជម្រើសការងារសម្បូរបែបដល់អ្នកស្វែងរកការងារធ្វើ។ និស្សិតរូបនេះក៏ចង់ឃើញពិព័រណ៍ការងារមានជារៀងរាល់ឆ្នាំ រឺ ពីរដងក្នុងមួយឆ្នាំ។

សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការអន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និងស្វីសខនថាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម