ព័ត៌មានជាតិ
ស៊ីម៉ាក់ គ្រោងបញ្ជូនមន្ត្រី ៥ រូប ទៅជប៉ុន សិក្សាការរៀបចំ គ្រប់គ្រង សារមន្ទីរតេជោសន្តិភាព
មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ នឹងបញ្ជួនមន្ត្រីចំនួន ៥រូប ទៅហ្វឹកហ្វឺននៅប្រទេសជប៉ុនដើម្បីពង្រឹងសមត្ថភាពលើការរៀបចំ និងគ្រប់គ្រងសារមន្ទីរតេជោសន្តិភាព។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងនៅក្នុងជំនួបពិភាក្សាជាមួយក្រុមការងារនៅសារមន្ទីរ “តេជោសន្តិភាព” ស្រុកបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា ការត្រៀមចាត់បញ្ជូនមន្ត្រីចំនួន ៥រូប សម្រាប់ទៅវគ្គហ្វឹកហ្វឺនទី១ នៅជប៉ុនដើម្បីពង្រឹងសមត្ថភាពលើការរៀបចំ និងគ្រប់គ្រងសារមន្ទីរតេជោសន្តិភាព។
សារមន្ទីរតេជោសន្តិភាព ដែលមានទីតាំងស្ថិតនៅ ឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប នៅក្បែរផ្លូវទៅព្រលានយន្តហោះថ្មី និងផ្លូវជាតិ៦A នឹងដំណើរការសាងសង់ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០២៣ និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។ សារមន្ទីរនេះសាងសង់នៅលើផ្ទៃដី ១២ហិតតា ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
លោក ហេង រតនា បានបន្តថា គម្រោងការកសាងសារមន្ទីរ “តេជោសន្តិភាព” ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអប់រំផ្សព្វផ្សាយពីគុណតម្លៃ នៃសន្តិភាព ព្រោះសារមន្ទីរតេជោសន្តិភាព នឹងត្រូវរៀបចំតាំងបង្ហាញពិព័ណ៌រូបភាព ខ្លឹមសារឯកសារ វត្ថុតាង និងសាក្សីអមជាមួយតឹកតាងប្រវត្តិសាស្រ្តឈឺចាប់ខ្លោចផ្សា និងការបំផ្លិចបំផ្លាញនានាដោយសារសង្គ្រាម សម្រាប់បម្រើការអប់រំផ្សព្វផ្សាយដែលអាចចូលរួមជំរុញនូវការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ និងពង្រឹងស្មារតីយុវជនជំនាន់ក្រោយៗឱ្យស្គាល់ពីតម្លៃដ៏មហាសាល នៃសន្តិភាព និងអាចជាចលនាគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យ “អរគុណសន្តិភាព” ដ៏ប្រពៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ។
លោកអគ្គនាយក បានបញ្ជាក់ថា ជាក់ស្តែងប្រទេសក្នុងតំបន់អាស៊ីមានចំនួន១៨ សុទ្ធតែមានសារមន្ទីរសន្តិភាព ក្នុងនោះប្រទេសជប៉ុនមានចំនួន ៨៥កន្លែង កូរ៉េខាងត្បូងមានចំនួន ២០កន្លែង និងចិនមានចំនួន ១៤កន្លែង ហើយការអប់រំផ្សព្វផ្សាយពីតម្លៃសន្តិភាពដល់ស្រទាប់យុវជន សិស្ស-និសិ្សត បាន និងបន្តជំរុញយ៉ាងខ្លាំងក្លានៅជប៉ុនដោយក្នុងមួយឆ្នាំៗតាមសារមន្ទីរសន្តិភាពនីមួយៗទទួលបានដំណើរទស្សនកិច្ចពីសាលាបឋម ឬសាលាមធ្យមសិក្សាប្រមាណជាង ២ ពាន់សាលារៀន និងមានអ្នកចូលទស្សនាជាទូទៅមានចំនួនជាង ១ លាននាក់។
លោកអគ្គនាយកស៊ីម៉ាក់ បានបន្តទៀតថា មរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាព នៃព្រះរាជាណាចក្រដ៏កំសត់នេះនឹងត្រូវបានរៀបចំចងក្រង និងដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាពនេះ សម្រាប់សាធារណជនជាតិ និងអន្តរជាតិ ជាពិសេសសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាឈ្វេងយល់ពីគុណតំលៃដ៏មហាសាល នៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។ ក្រៅពីនេះសារមន្ទីរនេះនឹងក្លាយជាមរតកជាតិមួយបង្ហាញឱ្យពិភពលោកនូវការតស៊ូរបស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងក្លាយជាឃ្លាំងចំណេះដឹង និងព័ត៌មានចងចាំពីទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជាឆ្លងកាត់សង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម និងស្វែងយល់ព្រមទាំងតំកល់តំលៃសន្តិភាពជាមរតកដ៏មហាសាល។
គួរបញ្ជាក់ថា គម្រោងសាងសង់អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរសន្តិភាព) និងអគារហ្វឹកហ្វឺនត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីជប៉ុន ដែលមានទឹកប្រាក់ចំនួន ២ ៤៥១ លានយ៉េន ស្មើប្រមាណ ១ ៧១៧ លានដុល្លារ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធននានៅកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា